រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​



លោក ហ៊ុន សែន ថា លោក សម រង្ស៊ី កេងចំណេញ​លើ​ក្រុមគ្រួសារ​របស់​លោក​​

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថ្លែងថា លោក សម រង្ស៊ី មិន​ត្រឹមតែ​ចង់​កេងចំណេញ​នយោបាយ​លើ​រូបគាត់​នោះទេ ថែម​ទាំង​ចង់​កេងចំណេញ​ទៅលើ​ក្រុមគ្រួសារ​របស់​លោក​ថែមទៀត​ផង​។​ ​លោក​មានប្រសាសន៍ថា​៖ “​កូន​គាត់​វិល​មក​ស្រុក​ខ្មែ​រវៃ​(​ផ្ញើ​សារ​)​មក​សួរ​ខ្ញុំ​ថា កូន​គាត់​(​លោក សម រង្ស៊ី​)​មក​ថ្ងៃនេះ ម៉ោង​នេះ តែ​សម្តេច​គិត​យ៉ាង​ម៉េច​។ ខ្ញុំ​ក៏​ផ្ញើ​សារ​ទៅ​គាត់​វិញ​ថា តើ​អាច​ឲ្យ​ខ្ញុំ​អញ្ជើញ​បាយ​មួយ​ពេល​ដើម្បី​ជួបជុំ​បានទេ​? ថា​ស្រេច​តែ​សម្តេច ដល់​ពេល​ចុង​ក្រោយ​ថា​មាន​កូនប្រសា​មួយទៀត ខ្ញុំ​ថា​ចូល​ទាំងអស់​មក​។ ស្រាប់តែ​គាត់​ទៅ​សម្ភាសន៍​ជាមួយ​ហ្វី​កាដូ សូម្បី​ទំនាក់ទំនង​គ្រួសារ​យើង​ទាំងពីរ​ក៏​គាត់​យក​ប្រៀប​ដែរ​។ ខ្ញុំ​មិន​បាន​ថា អ្នកណា​ចង់​ជួប​អ្នកណា​ទេ ក៏ប៉ុន្តែ​យើង​បាន​បង្ក​លក្ខណៈ បើ​ធ្វើ​យ៉ាង​ដូច្នេះ សូម្បី​តែ​បញ្ហា​ទំនាក់ទំនង​គ្រួសា​របស់​យើង​ទាំងពីរ​ក៏​យក​ប្រៀប​ខាង​នយោបាយ​ចំពោះ​ខ្ញុំ​ដែរ ។ តើ​ខ្ញុំ​អត់​ទ្រាំ​បាន​ទេ ខ្ញុំ​ឲ្យ​អ្ន​កេងចំណេញ​លើ​គោក​បានទេ សង្ឃឹមថា​លោក​ជំទាវ​ប្រដៅ​ប្តី​ផង នែ​រឿង​ហ្នឹង ខ្ញុំ​តក់ស្លុត​ណាស់ ហើយ​ខ្ញុំ​អត់ឲ្យ​ប្រពន្ធ​ខ្ញុំ​មើលទេ​”​។​ ប្រភព៖ VOD

លោក ហ៊ុន សែន សង្ឃឹម​ថាឯក​អគ្គរដ្ឋទូតថ្មី​អាមេរិក​ នឹងយល់​ពី​កម្ពុជា​ ច្រើន​ជាង​លោក William Todd​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​លោក​សង្ឃឹម​ថា​ឯក​អគ្គរដ្ឋទូតថ្មី​របស់​អាមេរិកលោក William Heidt នឹង​​យល់ដឹង​​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន​ជាងលោក William Todd​ដែល​ទើប​តែ​បញ្ចប់​បេស​ក​កម្ម​​របស់​លោក​កាលពីកន្លងទៅ។​​ លោក​បាន​ថ្លែ​ង​​ថា​៖ ”ខ្ញុំ​បាន​ប្រាប់គាត់(លោក William Todd)​ថាបើ​ខ្ញុំ​មិនស្គាល់​ការ​ផ្លាស់​ប្តូរ​និង​មិន​អាច​គ្រប់​គ្រងបាន​នូវដំណើរ​​ការ​នៃ​ការ​ផ្លាស់ប្តូរ តើ​ខ្ញុំ​អាច​អង្គុយ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជាង​​៣០ឆ្នាំបានទេ​”។ លោកបន្តថា​ក្រោម​ការ​ដឹកនាំ​របស់លោក លោក​បាន​ផ្លាស់ប្តូរ​ជា​បន្ត​បន្ទាប់ទៅ​លើ​ផ្នែក​​សេដ្ឋកិច្ច​និង​គោល​នយោ​បាយ​នានា​​។ លោក​លើក​ឡើង​ថា​លោក​សង្ឃឹម​ថា​ឯ​ក​អគ្គ​រដ្ឋ​ទូតថ្មី​របស់​អាមេរិក​នឹង​ប្រសើ​រជាង​ឯក​អគ្គ​​រដ្ឋទូត​ចាស់។ លោក​បញ្ជាក់​ថា​៖ ”…តើ​ការ​ផ្លាស់ប្តូរ​មាន​ត្រឹ​ម​តែ​ដូរ​មេ​ដឹកនាំឬអ្វី ដែល​គេហៅថា​បដិវត្តន៍​ពណ៌។ ខ្ញុំមិន​មែន​ប្រដៅអគ្គរដ្ឋទូតអាមេរិក​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់ទាញអារម្មណ៍​របស់គាត់​ថាសូម​យល់​ដឹង​​ពី​កម្ពុជា​ឲ្យ​បាន​ច្បាស់​ជាង​នេះ ហើយ​ប្រហែល​ជា​ឯក​អគ្គ​រដ្ឋទូថ្មី​របស់​អាមេរិកអាច​នឹង​មាន​ការ​យល់​ដឹង​ជាង​ឯក​អគ្គ​រដ្ឋទូត​ដែល​ទើប​នឹង​ផ្លាស់ទៅ”។​ ប្រភព៖ VOD

​គ​.​ជ​.​ប នឹង​ធ្វើ​ការចុះ​បោះឆ្នោត​សាកល្បង តាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ នៅក្នុង​ខែវិច្ឆិកា​​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យដឹងថា ខ្លួន​បាន​ប្រជុំ​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​ សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា​បាន​ឱ្យដឹងថា គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ និង​បាន​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នៅក្នុង​រាជធានី​ខេត្ត​ទាំង​២៥​។ សេចក្ដីប្រកាស​បន្ត​ថា គ​.​ជ​.​ប សម្រេច​យក​ឃុំ​/​សង្កាត់​មួយ​នៅក្នុង​រាជធានី​ខេត្ត​នីមួយៗ​សម្រាប់​ធ្វើជា​កន្លែង​ចុះឈ្មោះ​សាកល្បង​នេះ​។​ សេចក្ដីប្រកាស​បន្ត​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ដដែល​នោះ គ​.​ជ​.​ប ក៏បាន​សម្រេច​ឆ្លើយតប​ជា​លិខិត​ទៅ​អង្ក​ការ JICA ដោយ​ទទួលយក​អ្នក​ជំនាញការ​ជប៉ុន​មួយ​រូប​គឺ​លោក គេ​ន អ៊ី​ន​នូ​អេ ( Mr Ken INOUE) ផ្នែក​កែ​ទម្រង់​ការ​បោះឆ្នោត ឲ្យចូល​ធ្វើការ​នៅ​ទីស្តីការ គ​.​ជ​.​ប ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញត​ទៅ​។​ ប្រភព៖ VOD

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​អះអាង​ថា​រក​ឃើញ​ផែនទី ​បោន​ ខ្នាត​ ១/១០០.០០០ ​នៅ​អាមេរិក

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្វែងរក​ការពិត​នៃ​ផែនទី​ប្រទេស​កម្ពុជា អះអាង​ថា លោក​បាន​រក​ឃើញ​ផែនទី​របស់​កម្ពុជា ជា​ប្រភេទ​ផែនទី​បោន (Bonnes) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា ផែនទី​នេះ​អាច​ជា​ផែនទី​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ យក​ទៅ​ឲ្យ​សហរដ្ឋអាមេរិក ទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ លោក អ៊ុំ សំអាន៖ «ផែនទី​ដែល​ខ្ញុំ​បាន​ពី​បណ្ណាល័យ​សហរដ្ឋអាមេរិក ហើយ​និង​ផែនទី​របស់​រដ្ឋាភិបាល​ខុស​គ្នា​ត្រង់​ថា ផែនទី​ដែល​ខ្ញុំ​ទទួល​បាន​ពី​បណ្ណាល័យ​សភា​របស់​អាមេរិក គឺ​អត់​មាន​ត្រា​វៀតណាម អាត់​មាន​ការ​ចុះ​ហត្ថលេខា​របស់​លោក ឌិត មន្ទី និង លីវ វ៉ាន់ឡឺយ ដូច​ផែនទី​របស់​រដ្ឋាភិបាល​ដែល​មាន​ទេ។ អ៊ីចឹង​ផែនទី​ដែល​រដ្ឋាភិបាល​មាន​ហ្នឹង គឺ​ជា​ផែនទី​ដែល​អម​ជាមួយ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ មាន ២៦​ផ្ទាំង»។ ប្រភព៖ RFA

លោក ហោ ណាំហុង ព្រមាន​ថា​ អ្នក​រិះគន់​រឿង​ផែនទី​ នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​ឆាប់ៗ​នេះ

លោក ហោ ណាំហុង ព្រមាន​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី​ថា ពួក​គេ​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​បន្តិច​ទៀត​នេះ ព្រោះ​រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវ​ការ​ថា ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ដែល​រក្សា​ទុក​នៅ​ប្រទេស​បារាំង។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​សារព័ត៌មាន​របស់​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក ហោ ណាំហុង ផ្ដាំ​ទៅ​អ្នក​នយោបាយ​ផ្សេង​ទៀត​ឲ្យ​ឈប់​យក​បញ្ហា​ផែនទី​មក​កេង​ចំណេញ​នយោបាយ៖ «អស់​លោក​នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​និយាយ​កន្លង​មក ហើយ​ខ្ញុំ​សង្ឃឹម​នៅ​ពេល​ភ្លឺ​ភ្នែក​ហើយ​នោះ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មក​កេង​ចំណេញ​រឿង​នយោបាយ។ បើ​នៅ​មិន​ភ្លឺ​ភ្នែក ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ ស្រេច​តែ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ»។ ប្រភព៖ RFA

លោក ហ៊ុន សែន ថា CNRP ប្រមូល​ថវិកាបង្កើត ​ទូរទស្សន៍ ដើម្បី​ផ្គត់ផ្គង់​ចម្ការ​ម្រេច

ពី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​វិមាន​សន្ដិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដំណើរការ ប្រមូល​ថវិកា​សម្រាប់​បង្កើត​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការប្រមូល​ថវិកានោះ គឺ​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ចម្ការ​ម្រេច និង​ទុក​ចំណាយ​លើ​ថ្លៃ​យន្ដហោះ ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ។ ឆ្លើយតប​នឹង​ការរិះគន់​របស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា ថវិកាមូល​និ​ធិ​បង្កើត​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​បាត់បង់​នោះទេ សូម្បី​តែមួយ​កាក់ ឬមួយ​សេន។ លោក​ថា ថវិកា​ដែល​ប្រមូលបាន​នោះ គឺ​គណបក្ស​មាន​ហឹប​សម្រាប់​ទុកដាក់​ថវិកា និង​មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ប្រមូលបាន។ ប្រភព៖ ថ្មីៗ

គណបក្សនយោបាយ​ថ្មី​បង្កើត​ច្រើន​ធ្វើអោយ CPP សប្បាយ​ផង និង​ភ័យ​ផង…

ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ខាងមុខ​មិនទាន់​មកដល់​មែន។ ប៉ុន្តែ គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​រួចទៅហើយ ផ្ទុយ​ពី​អាណត្តិមុនៗដែល​បក្សនយោបាយ​ចាប់ផ្តើម​រក​សំឡេងឆ្នោត​តែ​ក្នុងអំឡុងពេល៦ខែ​មុន​ការបោះឆ្នោត​ប៉ុណ្ណោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​បង្កើត​ថ្មី​ក៏មាន​ច្រើន​ដែរ។ គណបក្ស​ថ្មី​ទាំងនោះ ជារួម​មាន៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក យ៉ង សាំង​កុមារ នាយក​អង្គការ​សេ​ដាក់, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ, គណបក្ស​ខ្មែរ​សាមគ្គី របស់លោក​អ្នកស្រី ឡាក់ សុភាព, គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ របស់លោក សួន សេរី​រដ្ឋា, និង​អាចមាន​គណបក្ស​តូចផ្សេងៗទៀត។ ប្រភព៖ ថ្មីៗ


រៀបចំដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]