ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ត្រូវបានជនពាលមួយក្រុម ជិះរថយន្តមួយគ្រឿង ដេញបុក ហើយចាក់ក្បាលពោះ មួយដែកឆាប បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈីវ ស៊ីដេត អាយុជាង៣០ឆ្នាំ មុខរបរបើកគ្រឿងចក្រកាប់ដី និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។

បើតាមការរៀបរាប់ ពីអ្នកដែលបានឃើញ ហេតុការណ៍បានប្រាប់ថា មុនកើតហេតុជន រងគ្រោះបានទៅ អង្គុយផឹកស៊ី នៅហាងមួយកន្លែង ជិតបុរីសែនមនោរម្យ លុះផឹកបានមួយសន្ទុះគេបានឃើញ បុរសរងគ្រោះ ដើរចេញមកវិញក្នុងគោលបំណងមក កន្លែងស្នាក់នៅពេល ដើរឆ្លងថ្នល់បានបន្តិច មានរថយន្តឆ្លាមមួយគ្រឿង ពណ៌ស្ករ មិនចាំស្លាកលេខ បានបើកមកបុកពីក្រោយដួលបន្តិច តែមិនរងរបួសធ្ងន់ធ្ងរនោះទេ។

បន្ទាប់ពីបុកហើយ រថយន្តឆ្លាមនោះបានបើកចេញទៅវិញបាត់ ហើយជនរងគ្រោះបន្តនៅឈរកន្លែង ដែលគេបុក នោះទៀត ស្រាប់តែបានប្រហែក១០នាទី រថយន្តឆ្លាមនោះបានបើកមកវិញ ឃើញបុរសនោះឈរនៅ កន្លែងដដែល បានឈប់ឡានយកដែកឆាបមកចាក់ចំពោះលេចមួយដែកឆាប រួចក៏បើកឡានជិះគេចខ្លួនបាត់ ទៅបន្សល់ទុកនៅជនរងគ្រោះ ដេកននៀលដោយភាពចុកចាប់បំផុត ឃើញសភាពបែបនេះមិត្តភក្តិ របស់ជន រងគ្រោះ បានហៅកង់បីដឹកមកសង្រ្គោះ បន្ទាន់នៅមន្ទីពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវិត៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]