ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​​​ក្រុង​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​ នគរបាល​ព្រហ្ម​ទ​ណ្ឌ ​កំរិត​ស្រាលនៃ​ស្នងការដ្ឋាន ​នគរបាល​ខេត្ត នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​២៧ ​សីហា ​​២០១៥ ចុះធ្វើការឆែកឆេរផ្ទះ​បណ្តែត​ទឹកជនសង្ស័យ​ជាចោរលួច​ម្នាក់ ដែល​បាន​រត់គេច​ខ្លួន​ជាមួយ​ប្រ​ព​ន្ធ ​កូន រួម​និងបក្សពួក​៤​នាក់​ទៀត ក្រោយ​ពី​ដឹងខ្លួន​​ថា ​សមត្ថកិច្ចចុះ​ទៅ​ចាប់​ ។

ប្រតិ​បត្តិ​ការ​នេះ​​បានធ្វើ​ឡើងនៅភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ។

​លោក ម៉ា យន់ នាយ​នគរបាល ​ព្រហ្ម​ទណ្ឌក្រុង​កំពង់ឆ្នាំង បាន​រៀបរាប់​ពី​ដំណើររឿង ​ដែល​នាំឱ្យ​មានការ​ឆែកឆេរ​ ផ្ទះ​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ភឿ​ក អាយុ​៤២​ឆ្នាំ មាន​ប្រ​ព​ន្ធ​ឈ្មោះ ង្វៀ​ង ធីឌៀប ជា​មុខសញ្ញា​ចោរលួច​យ៉ាង​សកម្ម និង​ធ្លាប់​ជាប់​ព​ន្ធនាគារ​ច្រើន​ដង​ថា នៅ​ព្រឹក​នោះ​មាន​បុរសឈ្មោះ ហុង រ៉ា​ម៉​ន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅភូមិ​ថ្នល់​តា​សែង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ និង​ប្រជា​ពលរដ្ឋ​៣​នាក់​ទៀត បាន​មក​តាម​រកកាណូត​បា​ឡា​ស្មាច់​១​គ្រឿង និងម៉ាស៊ីន​កាណូត​៥​គ្រឿង ដែល​ពួក​គាត់បាន​បាត់​កាលពី​យប់​ថ្ងៃ​ទី២៦ ​សីហា ហើយ​ក៏​បាន​ប្រទះ​ឃើញកាណូត​របស់​ខ្លួន​ពី​ចម្ងាយ តែ​មិនហ៊ាន​ចូល​ទេ និង​បានឃើញ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ភឿ​ក និង​ប្រ​ព​ន្ធ រួម​និង​បក្សពួក៤​នាក់​កំពុង​ធ្វើ​សកម្មភាពដោះ​ជើង​ម៉ាស៊ីន​កាណូត។

ពេល​នោះប្រជាពលរដ្ឋ ​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល បន្ទាប់​មកសមត្ថកិច្ច​​ក្រុង​ និង​ខេត្ត បាន​នាំ​គ្នា​ទៅ​ផ្ទះ​ជនសង្ស័យ​ខាងលើ ប៉ុន្តែ​ដោយសារ​ស្ថានភាព ​ផ្ទះ​ជនសង្ស័យ​ជា​ផ្ទះ ​បណ្តែត​ទឹក​ដាច់​តែឯង ហើយ​សមត្ថកិច្ច​​ជិះ​កាណូត​ទៅទម្រាំ​តែ​​​ដល់ ត្រូវ​ក្រុម​ជនសង្ស័យទាំងនោះ​មាន​គា្ន​សរុប​ប្រមាណ​៦​នាក់​ដឹង​ខ្លួន​មុន​បាន​នាំ​គ្នា​ជិះកាណូត​ បា​ឡា​ស្មាច់​៣​គ្រឿង​​រត់គេចខ្លួន​អស់ នៅ​សល់​តែ​ផ្ទះ​ និង​សម្ភារ​ជា​ភស្តុ​តាងជា​ច្រើន ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

អ្វី​ដែល​ចាប់​អារ​ម្ម​ណ៍​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ នៅផ្ទះ​ជនសង្ស័យ​ជា​មេចោរ មាន​គ្រាប់កាំភ្លើងអាកា47 ចំនួន​ដល់​ទៅ៨៦​គ្រាប់ និង​បង់​កាំភ្លើង​ចំនួន​៤ ។ ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង មាន​កាណូត​បា​ឡា​ស្មាច់​ប្រវែង​៧​ម៉ែត្រ​១​គ្រឿង ម៉ាស៊ីនកាណូត​៤​គ្រឿង ជើង​ម៉ាស៊ីន​ចំនួន​៥ អា​គុយ​២ គ្រាប់កាំភ្លើង អាកា47ចំនួន​៨៦​គ្រាប់ ​បង់​កាំភ្លើង​៤ថង់ សម្រាប់​ច្រក​គ្រឿងញៀន និង​ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

​សមត្ថកិច្ច​បាន​បង្ហាញ ​រូបថតជនសង្ស័យរូប​នោះ​ និង​ប្រ​ព​ន្ធដែលកំពុង​រត់គេច​ខ្លួន ឱ្យ​​ប្រជាពលរដ្ឋ​មើល ​បើ​ឃើញ​ជនសង្ស័យ​ ដូច​រូបថត​ដែល​បាន​ដាក់​បង្ហាញ​នេះ សូម​ប្រញាប់​រាយ​ការ​ណ៍ ជូន​សមត្ថកិច្ច​​​ដែល​នៅ​ជិត ដើម្បី​មាន​វិធាន​ចាប់ខ្លួន ចំណែក​វត្ថុតាងខាងលើ​ត្រូវ​ បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ បញ្ជូន​ទៅ​តុលាការ​តាមនិ​តិ​វិធី​ច្បាប់​៕​






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]