ភ្នំពេញៈ បន្ទាប់ពី ដំណើរការអស់ រយៈពេល៦ខែ នៃកម្មវិធី “អាណាចក្រតារា” ឆ្នាំ២០១១ បានបញ្ចប់រួចរាល់ ការប្រកាសលទ្ធផល អ្នកទទួលពានរង្វាន់ ក្នុងកម្មវិធីនេះ ត្រូវបានបន្លឺឡើង ជាមួយនឹង សម្លេងហ៊ោរកញ្ជ្រៀវ ពីសំណាក់អ្នកគាំទ្រ រាប់ពាន់អ្នក នៅក្នុងសាលមហោស្រពកោះពេជ្រ កាលពីរាត្រី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។

សិល្បករ-សិល្បការិនីឆ្នើមៗ ចំនួន៣៦រូប ដែលកើតចេញពីការបោះឆ្នោត របស់ ប្រិយមិត្ត រៀបចំដោយ ក្រុមហ៊ុន Sabay នៅក្នុងនោះ មានតារាសម្តែង តារាចម្រៀង តារាកំប្លែងពិធិករ-ពិធីការិនី អ្នកនិពន្ធបទភ្លេង អ្នករៀបចំកម្មវិធីទូរទស្សន៍ អ្នកនិពន្ធរឿងនិង DJ ត្រូវបានអញ្ចើញទៅកាន់ឆាកវេទិកាដ៏ធំ នៃសាលមហោស្រពកោះពេជ្រ ដើម្បីទទួលពាន់រង្វាន់ អាណាចក្រតារា ជាបន្តបន្ទាប់ ។

អ្នកទទួលពានរង្វាន់ ក្នុងកម្មវិធីអាណាចក្រតារា ទាំង៣៦នាក់រួមមានៈ
-វិស័យទូរទស្សន៍ប្រចាំឆ្នាំ
ពានរង្វាន់អ្នកដឹកនាំកម្មវិធី ដ៏មានប្រជាប្រិយភាព បានទៅលើលោក គង់ វិសាល ជាអ្នករៀបចំកម្មវិធី ទូរទស្សន៍បាយ័ន ដែលបានដឹកនាំកម្មវិធីប្រគំតន្ត្រី យុវវ័យ ប្រចាំឆ្នាំ និងអ្នកនាង យុគ ចិន្តា ជាពិធីការិនីទូរទស្សន៍ CTN ដ៏ល្បីល្បាញ ដែលអ្នកនាង បានបង្កើតកម្មវិធីកម្សាន្ត ជាច្រើន ក្នុងនោះមានដូចជាកម្មវិធី សំណេះ សំណាល ប្រវត្តិ អ្នកសិល្បៈ និងការកម្សាន្តផ្សេងៗ តាមទូរទស្សន៍ CTN ។ ពានរង្វាន់ពិធីករពិធីការិនីឆ្នើម បានទៅលើ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាប់ជាពិធីករឆ្នើម ប្រចាំប្រទេស នៃស្ថានីយ៍ទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣។

ឯកញ្ញា ដួង ហ្សូរីដា ពិធីការិនី ទូរទស្សន៍ អាស៊ីអាគ្មេយ៍ ជាប់ពានរង្វាន់ ជាតារាស្លៀកពាក់សំលៀកបំពាក់ខ្មែរ បានស្អាតជាងគេ។ ដោយឡែកពានរង្វាន់ វីជេបាន ទៅលើកញ្ញា ជា រ៉ាក់មូន ហៅវីជេ មូន ដែលជាពិធីការិនី ក្នុងកម្មវិធី 2+1និងកម្មវិធី English for Fun នៃស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ និងពានរង្វាន់ឌីជេ ប្រចាំឆ្នាំ បានទៅលើ DJ BIG ដែលមានឈ្មោះពិត ហៃ សីហា ជាពិធីករទូរទស្សន៍ CTN ក្នុងកម្មវិធី សំណើចប្រចាំភូមិ កម្មវិធី សុខគា លក្ខិណា BiG និងកម្មវិធីមួយចំនួនទៀត និងវីជេ Moon ពានរង្វាន់ពិធីករកំប្លុកកំប្លែង បានទៅលើលោក ដួង សុខគា និងកញ្ញា ថន លក្ខិណា ពិធីការិនី នៃស្ថានីយ៍ទូរទស្សន៍ CTN ក្នុងកម្មវិធីសុខគា លក្ខិណា BIGនិងពានរង្វាន់កម្មវិធីតន្ត្រីប្រជាប្រិយ បានទៅលើ លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលិកា ជាពិធីការិនី នៃស្ថានីយ៍ទូរទស្សន៍ បាយ័ន ក្នុងកម្មវិធីតន្រ្តីស្រុកស្រែ។
ដោយឡែកពានរង្វាន់ កម្មវិធីអប់រំប្រចាំឆ្នាំ និងកម្មវិធីស្ត្រីប្រចាំឆ្នាំ បានទៅលើ កម្មវិធីខ្ញុំ និងអ្នក ដឹកនាំដោយ លោក ឡុក ប៊ុណ្ណារ័ត្ន របស់ស្ថានីយ៍ ទូរទស្សន៍ជាតិកម្ពុជា និងកម្មវិធីស្រ្តីដឹកនាំដោយលោក គឹម សុផា របស់ស្ថានីទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ។ ចំពោះពានរង្វាន់ពិធីករ ពិធីការិនីប្រជាប្រិយប្រចាំឆ្នាំវិញ បានទៅលើ តាប៊ុយ របស់ My Tv និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។

-ពានរង្វាន់វិស័យភាពយន្ត

ពានរង្វាន់តារាសម្តែង ប្រចាំឆ្នាំបានទៅលើ តារាជើងចាស់ គឺលោក ទេព រិនដារ៉ូ និងអ្នកនាង កែវ ស្រីនាង។ ពានរង្វាន់ តារាសម្តែងភេទទី៣ ដែលលេចធ្លោជាងគេ បានលើកញ្ញា ប៉ុប ពី ។ ពានរង្វាន់តារា ទឹកភ្នែកប្រចាំឆ្នាំ បានទៅលើអ្នកនាង កូវ សុធារី ដែលជាតួឯកក្នុងរឿង ឃ្លាតទៅសែនឆ្ងាយ និងពានតារាឆ្នាស់ឆ្នើម បានទៅលើអ្នកនាង ស្វែង សុជាតា។ តារាលេចធ្លោប្រចាំឆ្នាំបានទៅលើកញ្ញា សារ៉ាយ សក្ខណា។ ពានរង្វាន់តារាសម្តែងញញឹមស្រស់ជាងគេ បានទៅលើ កែវ ពេជ្រពិសី។ តារាសម្តែងស៊ីវីល័យប្រចាំឆ្នាំ សម្រាប់បុរស បានទៅលើលោក អូន ឧស្សាហ៍និង ពានតារាសម្តែងស៊ីវីល័យប្រចាំឆ្នាំ បានទៅលើ កញ្ញា គង់ ច័ន្ទស្រីម៉ុម ។
ចំណែកពានរង្វាន់ផ្នែកខាងនិពន្ធរឿងប្រចាំឆ្នាំ បានទៅលើអ្នកស្រី យ៉ានី អ្នកនិពន្ធរឿង ទឹកចិត្តបងស្រី, រឿង ជញ្ជីងគ្មានស្រមោល និង លោកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ រឿង កុមារី ២៥ឆ្នាំ និង រឿងទឹកភ្នែកហូរគ្មានអ្នកជូត របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដឹកនាំរឿងដោយលោក ហ៊ុយ វាសនា។ផ្នែកនិពន្ធបទចម្រៀង បានលើលោក ណាំ ប៊ុនណារ័ត្ន តារាចម្រៀងដែលមានសក្តានុពល និងពូកែតាក់តែងនិពន្ធ និងអ្នកនិពន្ធបទចម្រៀងថ្មី តែងបានពូកែ បានលើលោក សួន ពិសិដ្ឋ។

-ពានរង្វាន់តារាចម្រៀង
ពានរង្វាន់តារាចម្រៀងរ៉េប បានទៅលើ ពូឃ្លាំង ។ តារាចម្រៀងប្រជាប្រិយខ្មែរប្រចាំឆ្នាំបានលើអ្នកនាង ខាត់ សុឃីម។ កំពូលតារាចម្រៀងប្រចាំឆ្នាំ នៅតែជាលោក ព្រាប សុវត្ថិ ដដែល។ តារាចម្រៀងច្រៀងបានល្អប្រចាំឆ្នាំ បានលើកញ្ញា មាស សុខសោភា និង លោក ខេមរៈ សេរីមន្ត។ តារាចម្រៀងរូបស្រស់សង្ហា បានលើ តារាទើបរៈថ្មី លោក ណុប សម្បត្តិនីកូ ហៅ នីកូ ។ តារាចម្រៀងដាក់មនោសញ្ចេតនាប្រចាំឆ្នាំបានលើកញ្ញា សុគន្ធ នីសា។ តារាចម្រៀងបុរសដាក់មនោសញ្ចេតនាល្អ ប្រចាំឆ្នាំ បានទៅលើលោក ខាន់ ជែមន៍ ។ចំណែក ពានរង្វាន់តារាចម្រៀងប្រជាប្រិយប្រចាំឆ្នាំបានលើលោក ករុណា ពេជ្រ និងតារាចម្រៀងផ្នែកនារីប្រជាប្រិយប្រចាំឆ្នាំ កញ្ញា សុខ ពិសី ។

លោក គង់ វិសាល អ្នកគ្រប់គ្រង កម្មវិធី”តន្រ្តីយុវវ័យ” នៃស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលទទួលពានរង្វាន់ពីកម្មវិធី អាណាចក្រតារា បានបង្ហាញចំណាប់អារម្មណ៍ ប្រាប់ដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជុំវិញព្រឹត្តិការណ៍ អាណាចក្រតារានេះថា “ខ្ញុំមានអារម្មណ៍រំភើបរីករាយឥតឧបមា ដែលរូបខ្ញុំបានទទួលពានរង្វាន់ ដែលពុំធ្លាប់មានពីកម្មវិធីប្រចាំឆ្នាំដ៏ធំនេះ ។ ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ដែរថា មុននឹងទទួលបាននូវពានរង្វាន់នេះ គឺដោយសារតែស្ថានីយ៍ទូរទស្សន៍បាយ័ន ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់លោកជំទាវ ហ៊ុន ម៉ាណា ជាអគ្គនាយិកា ដែលតែងតែផ្តល់នូវដំបូន្មាន និងរិះរកគំនិតល្អៗ ឲ្យដល់កូនចៅ ។ មិនតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ លោកអគ្គនាយករងទាំងពីរ គឺលោក ហួត ឃាងវេង និងលោក ទិត្យ ថាវរិទ្ធ ដែលតែងតែដឹកនាំប្រតិបត្តិផ្ទាល់ និងរិះរកគន្លឹះនិងមធ្យោបាយល្អៗថ្មីៗ ក្នុងការបង្កើត កម្មវិធី ឲ្យទទួលបាននូវជោគជ័យនិងប្រជាប្រិយភាព ពីសំណាក់មហាជនជាបន្តបន្ទាប់” ។

លោកគង់ វិសាល បានបញ្ជាក់បន្តទៀតថា “ចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យរូបខ្ញុំក៏ដូចជាបុគ្គលិក រួមការងារជាច្រើនរូបទៀត មានកម្លាំងចិត្តនិងស្ម័គ្រ បំរើការងារ ឲ្យអស់ពីលទ្ធភាព មិនគិតពីការនឿយហត់ ដើម្បីតស៊ូលើកស្ទួយកម្មវិធីរបស់ខ្លួន ឲ្យទទួលបាននូវការគាំទ្រ និងជោគជ័យដូចសព្វថ្ងៃនេះ ។ មួយវិញទៀត ខ្ញុំក៏សូមអរគុណ ដល់បុគ្គលិកក្រុមការងារទាំងអស់ និងសិល្បករ-សិល្បការិនីល្បីៗទាំងអស់ ដែលតែងតែសហការគ្នាយ៉ាង ជិតស្និទ្ធចូលរួមគ្រប់កម្មវិធី នៃស្ថានីយ៍ ទូរទស្សន៍ហើយខ្ញុំ ក៏ចង់ឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំដើម្បីជួយលើកទឹកចិត្ត ដល់អ្នកសិល្បៈខ្មែរនិងវិស័យសិល្បៈខ្មែរ ឲ្យមានភាពលេចធ្លោ រីកចំរើនឡើង ដូចបណ្តាអរិយៈប្រទេសជឿនលឿនលើសកលលោក ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Khmerload: មិនមានវត្តមានកញ្ញា សុគន្ធ កញ្ញា ក្នុងកម្មវិធីនេះ។ បើសិនជាមានវត្តមាន ប្រហែលជា កញ្ញា អាចយកឈ្នះពានខ្លះ ព្រោះការស្រង់មតិនៅ Khmerload បានបង្ហាញថាសុគន្វ កញ្ញាលេខ ១ នីសាលេខ ២ មាស សុខសោភា លេខ៣ សូលីកា លេខ៤ និងសុខ ពិសី លេខ៥។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ