ចិន៖ ឧបទ្ទវហេតុផ្ទុះឃ្លាំងទំនិញយ៉ាងធំមួយ បានកើតឡើងនៅភាគខាងជើងទីក្រុងធៀនជិន បង្កឲ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរបួស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នេះ។

ប្រព័ន្ធផ្សពផ្សាយរដ្ឋ បានថ្លែងឲ្យដឹងថា ឃ្លាំងស្តុកទំនិញ «គ្រោះថ្នាក់និងមានសារជាតិគីមី» មួយកន្លែង ស្ថិតនៅក្នុងទីតាំងតំបន់កំពង់ផែ របស់ទីក្រុងមួយនេះ បានឆេះផ្ទុះ និងហុយផ្សែងយ៉ាងខ្មួលខ្មាញ់ ពេញផ្ទៃអាកាសវេលាយប់ ខណ:ដែលអគារមួយចំនួន ក៏ត្រូវបានដួលរលំ នៅក្នុងហេតុការណ៍នេះផងដែរ។ ក្នុងនោះ អ្នកស្លាប់និងរបួសមានចំនួនច្រើនខ្លាំងណាស់ នេះបើយោងតាមប្រភពពីមន្ទីរពេទ្យ ក្នុងតំបន់ បានរាយការណ៍។

ភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទទូចឲ្យមានការសង្គ្រោះមនុស្សជាបន្ទាន់ និងឲ្យអស់ពីសមត្ថភាព តាមដែលអាចធ្វើទៅបាន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដុំភ្លើងបានហោះពេញផ្ទៃអាកាស ដោយសារការផ្ទុះឡើងជាបន្តបន្ទាប់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចុះផ្សាយ ដោយសារព័ត៌មាន ChannelNewsAsia នៅព្រឹកថ្ងៃទី១៣ សីហា នេះផងដែរ។

អ្នករាយការណ៍ព័ត៌មាន របស់ AFP ឲ្យដឹងថា គេអាចមើលឃើញ កំទេចកញ្ចក់ខ្ទាតយ៉ាងឆ្ងាយ រហូតដល់ទៅ ៣គីឡូម៉ែត្រ ចេញពីកន្លែងកើតហេតុ ខណ:ដែលបំណែកកំទេចកំទី ជាច្រើនបានសាយភាយ ពាសពេញទីក្រុងតែម្តង។ ប្រភពដដែលបញ្ជាក់ថា ផ្សែងបានហុយឡើងមិនឈប់ឈរ រយ:ពេល ៦ម៉ោង ក្រោយការផ្ទុះបានកើតឡើង នៅវេលាម៉ោងប្រមាណជា ១១ និង ៣០នាទី យប់មិញ ម៉ោងក្នុងប្រទេសចិន៕ បើមានព័ត៌មានបន្ថែម ខ្មែរឡូត នឹងចុះផ្សាយជូននៅពេលបន្ទាប់...

សូមប្រិយមិត្តខ្មែរឡូត ទស្សនាទិដ្ឋភាព និងវីដេអូខាងក្រោម៖








ប្រភព៖ BBC | ChannelNewsAsia

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]