សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ អ្នកបង្កើតហ្វេសប៊ុក លោក Mark Zuckerber បានប្រកាស ទាំងចិត្តរំភើប និង សប្បាយរីករាយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់របស់លោកថា ប្រពន្ធរបស់លោក ពេលនេះកំពុងតែ ពពោះកូនស្រីដំបូង បន្ទាប់ពីបរាជ័យ ចំនួនបីដង រួចមកហើយ។


រូបភាព លោក Mark Zuckerber និងភរិយារបស់លោក

តាមគេហទំព័របរទេសមួយ បានឲ្យដឹងថា អ្នកបង្កើតហ្វេសប៊ុក លោក Mark Zuckerber អាយុ ៣១ឆ្នាំ ដែលបានរៀបការ ជាមួយនាង Priscilla Chan អាយុ ៣០ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១២ កន្លងទៅនេះ បានប្រកាសក្តែងៗ ដោយក្តីសប្បាយរីករាយ និងរំភើបជាខ្លាំង នៅលើគណនី ហ្វេសប៊ុក របស់លោកថា ពេលនេះប្រពន្ធ ជាទីស្រលាញ់របស់លោក កំពុងតែពពោះ កូនស្រីដំបូង បន្ទាប់ពីនាង ធ្លាប់រលូតកូន ចំនួន ៣ដង រួចមកហើយ។

លោក Mark បានសរសេរថា៖ “ពេលនេះ Priscilla ហើយនឹងខ្ញុំ មានដំណឹងល្អ គឺថាពួកយើង កំពុងតែក្លាយជា ឪពុកម្តាយ របស់កូនស្រីដំបូង របស់យើងហើយ”។

ជាមួយគ្នានេះដែរ លោក Mark ក៏បានសរសេររៀបរាប់ ពីទឹកចិត្តរំភើប និងអបអរសាទរ ជាខ្លាំងចំពោះវត្តមាន របស់កូនស្រី ដែលកំពុងតែកកើតមួយនេះ ឲ្យពិភពលោកបានដឹង ហើយលោកក៏បាន ប្រាប់ឲ្យដឹងថា ប្រពន្ធ និងកូនស្រី នៅក្នុងពោះ មានសុខភាពល្អ ទាំងពីរនាក់តែម្តង។

លោក Mark ដែលមានទ្រព្យសម្បត្តិសរុប ប្រមាណជា ៣៤,៨ពាន់លានដុល្លារអាមេរិក និងជាអ្នកមានទ្រព្យបំផុត លំដាប់លេខ ១៦ នៅលើពិភពលោក ក៏បានប្រាប់ឲ្យដឹងទៀតថា "យើងបានព្យាយាម ដើម្បីមានកូន អស់រយៈពេល ជាច្រើនឆ្នាំ ណាស់មកហើយ ហើយប្រពន្ធរបស់ខ្ញុំ ក៏ធ្លាប់រលូតកូន ៣ដង មកហើយដែរ"។

គូររំលឹកផងដែរថា លោក Mark និងប្រពន្ធ ជាទីស្រលាញ់របស់លោក បានជួបគ្នា នៅក្នុងសកលវិទ្យាល័យ Harvard ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៣ ខណៈពេលដែលលោក គឺជានិស្សិតឆ្នាំទី២ រីឯប្រពន្ធរបស់លោក ជានិស្សិតឆ្នាំទី១។

យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ ធ្លាប់បានបរិច្ចាកប្រាក់ ជាច្រើន ទៅកាន់មូនិធិកុមារ ដោយក្នុងនោះរួមមាន ប្រាក់ចំនួន ១២០លានដុល្លារ ទៅកាន់សាលាមួយ ដែលមានឈ្មោះថា Bay Area ស្ថិតក្នុងរដ្ឋ California កាលពីឆ្នាំ២០១៤ និង ១០០លានដុល្លារ ទៅកាន់សាលា Newark ក្នុងរដ្ឋ New Jersey កាលពីឆ្នាំ២០១០៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]