បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមអាជ្ញាធរនៃប្រទេស ម៉ាឡេស៊ី បានលើកឡើងថា បំណែកយន្តហោះដែល បានអណ្តែតមក ទើរនៅលើ កោះមួយ នៃមហាសមុទ្រឥណ្ឌា គឺជាបំណែកដែល ចេញមកពីយន្តហោះ ប្រភេទ Boeing 777 ពិតប្រាកដមែន ហើយសឹងតែ ១០០%ទៅហើយ ថាវាបែកចេញពីយន្តហោះ MH-370។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ក្រោយពីក្រុមអ្នកជំនាញ ធ្វើការវិភាគនិង ពិនិត្យទៅលើ​ បំណែកមួយនោះរួចមក ពួកគេក៏បានធ្វើការ អះអាងថាខ្លួនបាន ប្រទះឃើញនូវលេខកូដ “657-BB” នៅលើនោះ ដែលវាស៊ីគ្នាជាមួយនឹង លេខកូដនៃតួខ្លួន របស់យន្តហោះប្រភេទ Boeing 777។

បន្ថែមពីនេះក៏មាន ការបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលចុងក្រោយនេះ មានយន្តហោះប្រភេទ Boeing 777 តែ៣គ្រឿងប៉ុណ្ណោះ ដែលមាន ជាប់ពាក់ព័ន្ធ នៅក្នុងគ្រោះថ្នាក់ធំៗ ក្នុងនោះមានដូចជា យន្តហោះ MH-17 ដែលត្រូវបានគេបាញ់ ទម្លាក់ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន មួយទៀតគឺយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ដែលបានធ្លាក់នៅឯ ព្រលានយន្តហោះ San Francisco កាលពីឆ្នាំ២០១៣ ហើយមួយទៀត ចុងក្រោយ គឺយន្តហោះ MH-370 ដែលបានបាត់ខ្លួន អស់ពេល ១ឆ្នាំជាង នេះតែម្តង។

ដោយសារមានតែយន្តហោះ MH-370 នៅតែបាត់ខ្លួន ហើយគួបផ្សំនិងការ ប្រទះឃើញនូវបំណែក មួយនេះដែលជាភស្តុតាងដ៏ សំខាន់មួយនោះ ទើបធ្វើឲ្យក្រុមអាជ្ញាធរ នៃប្រទេសម៉ាឡេស៊ី និងក្រុមអ្នកជំនាញ នៅតាមបណ្តាប្រទេស មួយចំនួនទៀត មានការជឿជាក់ខ្ពស់ថា យន្តហោះ MH-370 ពិតជាអាចធ្លាក់ចូល ក្នុងមហាសមុទ្រឥណ្ឌា នេះប្រាកដមែន តែទោះយ៉ាងណា ការវិភាគនិង ស៊ើបអង្កេតទៅលើ បំណែកមួយនោះ នៅតែបន្តធ្វើឡើង នៅឯប្រទេសបារាំង ដោយក្រុមអ្នកជំនាញ។

គួរបញ្ជាក់ផងដែរថា ក៏មានការប្រទះឃើញ នូវវត្ថុមួយចំនួនផ្សេងទៀត ដែលគេ សន្និដ្ឋានថា អាចមានប្រភពចេញពី យន្តហោះ MH-370 នោះតែម្តង ដែលមានដូចជា កាបូបដែលរហែក ដបម្សៅសាប៊ូ ដែលមានសញ្ញាសំគាល់ របស់ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងដបទឹកសុទ្ធ របស់ប្រទេស ចិន ផងដែរ។ យ៉ាងណាមិញ ពេលនេះក្រុមអ្នកជំនាញ ជាច្រើនកំពុងត្រៀមខ្លួន កំណត់ទីតាំងឲ្យ កាន់តែច្បាស់ដើម្បី ចេញប្រតិបត្តិការ រុករក យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី MH-370 ដែលប្រកបដោយ ទំនុកចិត្តខ្ពស់ជាងមុន៕

ទិដ្ឋភាពរួមនៃ ដំណើរការវិភាគ ទៅលើបំណែកដែល ត្រូវបានប្រទះឃើញ នាពេលថ្មីៗនេះ៖








ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]