បរទេស៖ នាពេលថ្មីៗនេះ មានការ ប្រទះឃើញនូវ បំណែកយន្តហោះ បានផុសឡើងនៅលើកោះ មួយកន្លែងនៃ មហាសមុទ្រឥណ្ឌា ដែលបានធ្វើឲ្យ ក្រុមអ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើលជាខ្លាំង​ ព្រោះពួកគេបាន ដាក់ការសង្ស័យថា អាចជាបំណែកដែល ចេញពីយន្តហោះ MH-370។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បំណែករបស់យន្តហោះ ដ៏ធំមួយ​ ត្រូវបានគេប្រទះឃើញ ថាបានអណ្តែតមកទើរ នៅលើកោះ La Reunion នៃមហាសមុទ្រឥណ្ឌា​ ហើយក្រុមអ្នកជំនាញ នៃប្រទេសបារាំង បានដាក់ការសង្ស័យថា វាអាចជាបំណែក របស់យន្តហោះម៉ាឡេស៊ី MH-370 ដែលបានបាត់ខ្លួន អស់រយៈពេលជាង ១ឆ្នាំមកហើយនោះ តែទោះយ៉ាងណា ពួកគេមិនទាន់ហ៊ាន អះអាងឲ្យប្រាកដ នៅឡើយនោះទេ ដោយរង់ចាំការស៊ើបអង្កេត រួចរាល់សិន។

ផ្អែកលើរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន​ Associated Press បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត មានការជឿជាក់ខ្ពស់ថា បំណែកមួយនោះ គឺជាផ្នែកមួយដែល គេហៅថា Flaperon សម្រាប់បំពាក់នៅលើ ស្លាបយន្តហោះប្រភេទ Boeing 777។

ក្នុងនោះដែរ ទីតាំងដែលប្រទះឃើញ បំណែកមួយនេះ គឺស្ថិតនៅឆ្ងាយពី កន្លែងដែលក្រុម អ្នកស្រាវជ្រាវកំណត់ ដើម្បីតាមរុករក យន្តហោះម៉ាឡេស៊ី MH-370 ម្យ៉ាងវិញទៀត នៅមានយន្តហោះជាច្រើន ធ្លាប់ជួបប្រទះគ្រោះថ្នាក់ នៅក្បែរៗម្តុំនេះ ក៏ប៉ុន្តែមានតែ យន្តហោះ MH-370 មួយនេះទេ ដែលបានបាត់ខ្លួន រកមិនទាន់ឃើញ ទើបបណ្តាលឲ្យ ក្រុមអ្នកជំនាញដាក់ការសង្ស័យ ថាវាអាចជា កំទេចកំទី ដែលបែកបាក់ចេញពី យន្តហោះមួយនោះ។


ទីតាំងរវាងកោះ La Reunion និងទីក្រុងកូឡាឡាំពួរ

ជាមួយគ្នានេះដែរ លោក Warren Truss មន្ត្រីទទួលបន្ទុក ផ្នែកដឹកជញ្ជូនរបស់ ប្រទេសអូស្ត្រាលី បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើបំណែកនោះ ត្រូវបានបញ្ជាក់ថា ពិតជារបស់យន្តហោះ MH-370 មែននោះ វានឹងស្របទៅតាម ការវិភាគនិង ការប៉ាន់ស្មានថា យន្តហោះមួយនេះបានធ្លាក់ នៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ពិតប្រាកដមែន”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ី បានបញ្ជូនក្រុមស៊ើបអង្កេត របស់ខ្លួនដើម្បី ទៅធ្វើការស្រាវជ្រាវ ទៅលើបំណែកមួយនេះ រួចរាល់ហើយពេលនេះ ពួកយើងរង់ចាំ តែលទ្ធផលនៃ ការស៊ើបអង្កេតនោះ តែប៉ុណ្ណោះ៕

ទិដ្ឋភាពនៃបំណែក ដែលគេសង្ស័យថា ជារបស់យន្តហោះ MH-370៖


ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]