រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ នៅ​កន្លែង​កើតហេតុ​ដោយ​សារ​ ត្រូវ​រថយន្ត​១​​គ្រឿង​ម៉ាក Tundra បើក​មក​បុក​ម៉ូតូ​របស់​ខ្លួន​ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ចំណុច​កែង​ផ្លូវ​លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ពី ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ ប៊ុ​ន​ថា​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ ភូមិ​ត្រពាំង​ត្រល់ ឃុំ​ត្រ​ឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ រីឯ​អ្នក​បើករថយន្ត​ មានឈ្មោះ ឡា​ង ស៊ី​ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​នៅ​ សង្កាត់​ព្រែក​លៀប ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ រថយន្ត​១​គ្រឿងម៉ាក Tundra ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-9839 ធ្វើ​ដំណើរ​ ចូល​ទីក្រុង​ភ្នំពេញ ស្រាប់តែ​មក​ដល់ ​កន្លែង​កើតហេតុ ​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-2879 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស ទិស​គ្នា​ដែល​បាន​បត់​ឆ្វេង ​ទៅ​ខាង​ស្រុក​មុខកំពូល បណ្តាល​ឱ្យ​​ម៉ូតូ​អូស ​ពី​ក្រោម​ឡាន​ រីឯ​អ្នកបើកបរម៉ូតូ ​​ប៉ើង​ផ្លោង​ប្រហែល​៣០​ម៉ែត្រ​ ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​បាន​កាំភ្លើង​ អាកា​១​ដើម​នៅ​ក្នុង​រថយន្ត​ទៀត​ផង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]