រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖



ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចេញ​សេចក្ដី​បំភ្លឺ​ប្រតិកម្ម​ ចំពោះ​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani) ដែល​អ្នកស្រី​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ដំណើរ​ការ​កាត់​សេចក្ដី​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់ ថា​តុលាការ​មិន​ឯករាជ្យ។ សេចក្ដី​បំភ្លឺ​នេះ​អះអាង​ថា អ្នកស្រី រ៉ាវីណា ហ្សាំសាដានី បាន​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​កំពុង​បំពាន​ទាំង​កំរោល​លើ​គោលការណ៍​នីតិរដ្ឋ និង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​យល់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ជាពិសេស​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​ចូល​យ៉ាង​ជ្រៅ​រំលោភ​លើ​នីតិវិធី ពីព្រោះ​រាល់​ការ​អនុម័ត​ច្បាប់​របស់​កម្ពុជា ត្រូវ​ធ្វើ​ឡើង​ដោយ​រដ្ឋសភា ព្រឹទ្ធសភា និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះមហាក្សត្រ។ ប្រភព៖ RFA

លោក​ផ្កាយ​មាស​៤ ជា តារា ថា​កងទ័ព​ជា​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា

មេ​ទាហាន​ផ្កាយ​មាស​៤ នៃ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់ លើក​ឡើង​ថា ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ទាហាន​នា​ពេល​បច្ចុប្បន្ន។ បញ្ហា​នេះ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ ថា​ការ​លើក​ឡើង​នេះ ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កង​កម្លាំង​របស់​រដ្ឋ មិន​មែន​ជា​របស់​បក្ស​ទេ និង​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។ អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេ​បញ្ជាការ​ឯកភាព​សមរភូមិ​ប្រាសាទ​ព្រះវិហារ ផ្កាយ​មាស​៤ លោក ជា តារា រំឭក​ទៅ​កងទ័ព​ថា កង​ទាហាន​ទាំងអស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​របស់​ប្រជាជន។ ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន មេ​ទាហាន​ផ្កាយ​មាស​៤ ប្រចាំ​តំបន់​ព្រះវិហារ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៩ ខែ​កក្កដា លោក ជា តារា និយាយ​សម្ដី​ស្មោះ​ត្រង់​របស់​ខ្លួន​ថា កងទ័ព​ត្រូវ​ការ​ចូលរួម​ការពារ​ជាតិ និង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌៖ «បើ​និយាយ​ឲ្យ​ចំ កងទ័ព គឺ​ជា​របស់​គណបក្ស​ប្រជាជន ព្រោះ​សម្ដេច​តេជោ​ ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ដឹក​នាំ​បញ្ជា​កងទ័ព»។ ប្រភព៖ RFA

លោក ហ៊ុន សែន ឆ្លើយ​តប​សំណើ​សុំ​ឲ្យ​ប្ដឹង ​បញ្ហា​ព្រំដែន​ទៅ​ តុលាការ​អន្តរជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កក្កដា នេះ បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​រដ្ឋ​សភា ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ កន្លង​មក ដែល​ស្នើ​សុំ​រដ្ឋាភិបាល​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ លិខិត​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​២៤ ខែ​កក្កដា របស់​លោក ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​ព្រំដែន​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​កម្មវត្ថុ​នៃ​អាជីវកម្ម​ជាប់​ជា​ប្រចាំ ក្នុង​ទិសដៅ​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​សម្រាប់​ក្រុម និង​គណបក្ស​របស់​ពួកគេ។ លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​ឆ្លើយ​តប​នឹង​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​តាម​រយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មិន​ដែល​ព្រងើយកន្តើយ​ម្ដង​ណា​ឡើយ​ចំពោះ​រាល់​បញ្ហា​ព្រំដែន​ដែល​កើត​មាន​ឡើង​តាម​បណ្ដោយ​ព្រំដែន។ រាជរដ្ឋាភិបាល​បាន​ធ្វើ​លិខិត​ផ្លូវ​ការ និង​បាន​ចេញ​កំណត់​ការទូត​តវ៉ា​ទៅ​ភាគី​វៀតណាម ជា​ច្រើន​លើក។ ប្រភព៖ RFA

លោក ហ៊ុន សែន ថា មិន​ច​រចាជាមួយ​មេដឹកនាំ​CNRP រឿង​ឃុំខ្លួន​សកម្មជន១១នាក់​ឡើយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោក​មិន​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពី​រឿង​ឃុំខ្លួន​សកម្មជន​ទាំង១១នាក់ របស់​គណបក្ស​នេះឡើយ។ លោក ហ៊ុន សែន បញ្ជាក់ថា រូបលោក​គ្រាន់តែ​អាច​ផឹក​ទឹកតែ​និង​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ តែ​បញ្ហា​ឃុំខ្លួន​អ្នក​ទាំងនោះ ជាការ​សម្រេច​របស់​តុលាការ មិន​ពាក់ព័ន្ធ​នឹង​រូបលោក​នោះទេ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​សកម្មជន​ខ្លួន ដែលជា​វិធី​ល្អ​ជាង​ជួប​ច​ចារ​ជាមួយ​រូបលោក ។ ការលើកឡើង​របស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម ថ្វាយ​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រោយពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុនសែន ដើម្បី​ពិភាក្សា​ដោះលែង សកម្មជន​ទាំង១១នាក់ ។ ប្រភព៖ ថ្មីៗ

លោក ហ៊ុន សែន ព្រលះ​ព្រះអង្គម្ចាស់​រណ​ឬ​ទ្ធិ​រឿង​ទាញ​ព្រះមហាក្សត្រ​ចូលក្នុង​សំណុំរឿង​ព្រំដែន

រឿង​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​អ្នកណា​មួយ​ថា ព្រះមហាក្សត្រ​មាន​គម្រោង​កោះហៅ​មេបក្ស៣ មក​ជំនុំ​រឿង​បញ្ហា​ព្រំដែន​នោះ មិនសូវ​សំខាន់​ដូច​ព្រះអង្គម្ចាស់​រណ​ឬ​ទ្ធិ​យក​រឿង​នោះមក​ប្រាប់​សារព័ត៌មាន​ឡើយ។ ព័ត៌មាន​ដែល​ផ្សាយ​ថា ព្រះមហាក្សត្រ​គ្រោង​អញ្ជើញ​មេបក្ស៣មកជួប​និយាយ​អំពី​បញ្ហា​ព្រំដែន ដោយ​ស្រង់​បន្ទូល​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ បានធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​យ៉ាងខ្លាំង ហើយ​បាន​ផ្ញើ​សារ​តាម​ទូរ​សព្ទ​សួរ​ឆ្លងឆ្លើយ​ជាមួយ​ព្រះអង្គម្ចាស់​អំពី​រឿងនេះ​ទៀតផង។ លោក ហ៊ុន សែន បាន​ស្តីបន្ទោស​ព្រះអង្គម្ចាស់​ថា ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ​កំពុង​ព្យាយាម​កេងចំណេញ​ពី​ព្រះមហាក្សត្រ។ ប្រភព៖ ថ្មីៗ

កម្ពុជា​ត្រូវ​លុប​ចោល ​សន្ធិសញ្ញា​ សម័យ​វៀតណាម​ មាន​ឥទ្ធិពល​លើ​កម្ពុជា

ក្រុម​អ្នក​ជំនាញការ​ព្រំដែន​និយាយ​ថា រដ្ឋាភិបាល​គួរ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​មួយ​ចំនួន​ ហើយ​ដោះស្រាយ​តាម​យន្តការ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ បើ​ពុំ​ដូច្នោះ​ទេ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​បាន​ឡើយ។ នេះ​ជា​ការ​អះអាង​របស់​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ក្នុង​ប្រទស​បារាំង និង លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ក្នុង​កម្មវិធី​ Hello VOA អំពី​បញ្ហា​ព្រំដែន។ លោក​ វាគ្មិន​ទាំង​ពីរ​អះអាង​ដូច្នេះ​ដោយ​បន្ត​ថា វៀតណាម​មិន​ទទួល​ស្គាល់​ផែនទី​ណា​ផ្សេង​ក្រៅ​ពី​វៀតណាម​បាន​ធ្វើ​ការ​បោះពុម្ភ​ជា​ឯកតោភាគី​ទេ ហើយ​រដ្ឋាភិបាល​ខ្មែរ​ក៏​មិន​ព្រម​ប្តឹង​ទៅ​យន្តការ​អន្តរជាតិ​ទៀត ដោយ​ថ្លែង​ថា កំពុង​បន្ត​ចរចា​ទ្វេភាគី។ តែ​ក្រុម​វាគ្មិន​ថ្លែង​ថា សន្ធិសញ្ញា​ឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ពេល​វៀតណាម​មាន​ឥទ្ធិពល​លើ​កម្ពុជា​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​ដែល​កម្ពុជា​បាត់បង់​ទឹកដី​កម្ពុជា។ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​បដិសេធ​មិន​ព្រម​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដូច​ការ​ចង់​បាន​របស់​គណបក្ស​ជំទាស់​ទេ ដោយ​បន្ត​ប្រើ​យន្តការ​ទ្វេភាគី​វិញ។ ប្រភព៖ VOA

 

គណបក្ស​សង្គ្រោះ​ជាតិ​ និង​សង្គម​ស៊ីវិល ​ដាក់​ញត្តិ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ប្រឆាំង​ច្បាប់​អង្គការ

ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដាក់​ញ្ញត្តិ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​បាន​អនុម័ត​ថ្មីៗ​នេះ។​ «ខ្ញុំ​ជឿជាក់​ថា​ រដ្ឋាភិបាល​លោក​ចូល​ចិត្ត​ឲ្យ​ធ្វើ​បែប​ហ្នឹង​វិញ​ មិន​ចង់​ឲ្យ​ឃើញ​មាន​បាតុកម្ម​ មាន​កូដ​កម្ម​អី​ រំខាន​រាំង​ស្ទះ​ដល់​ចរាចរ​អី​ទេ។​ ហើយ​បើ​ខ្ញុំ​អនុវត្ត​ទៅតាម​នីតិ​វិធី​មាន​សង្ឃឹម​ទេ​ មាន​ការណ៍​គេ​ណែ​នាំ​ខ្ញុំ​ថា​ កុំ​សង្ឃឹម​ ពីព្រោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហ្នឹង​គឺ​ថា​ ចាំ​តែ​ធ្វើ​តាម​អ្វី​ដែល​គណបក្ស​(កាន់កាប់)រាជ​រដ្ឋាភិបាល​ស្នើទេ។​ ប៉ុន្តែ​ខ្ញុំ​អត់​...អត់​ទាន់​អស់​សង្ឃឹម​ទេ។​ ខ្ញុំ​ជឿ​ថា ​យោង​លើ​ឧត្តមគតិ​ យោង​លើ​គោល​ការណ៍​ ខ្ញុំ​ថា ​សមា​សភាព​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ខិត​ខំ​ ពិនិត្យ​សំណើ​របស់​ខ្ញុំ​ពាក់​ព័ន្ធ​នឹង​អធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ ដែល​រដ្ឋាភិបាល​បាន​ផ្ញើរ​ ហើយ​សភា​ ព្រឹទ្ធ​សភា​បាន​អនុម័ត​នោះ»។​ ប្រភព៖ VOA

គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ស្វែងរក​ទិញ​ដី​ ដើម្បី​រៀបចំ​ ស្ថានីយ​ទូរទស្សន៍​ ព្រះអាទិត្យ

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹង​ថា ក្រុមការងារ​បក្ស​នេះ​កំពុងតែ​ស្វែងរក ទិញ​ដី​នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​រៀបចំ​ស្ថានីយ៍​ទូរទស្សន៍​ព្រះអាទិត្យ និង តម្លើង​អង់​តែ​ន ។​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុ​ញ្ញា​ឬ​ទ្ធិ បាន​ប្រាប់​វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ហូត​មកដល់​ពេល​នេះ​ថវិកា​ដែល​ទទួលបាន ពី​កា​វិភាគទាន​សរុប​បាន​ចំនួន​ជាង ៤០​ម៉ឺន​ដុល្លា​រ​។ លោក បញ្ជាក់ថា ក្រុមការងារ​យក​លុយ​នោះ​ស្វែងរក​ទិញ​ដី​សិន មុន​ទិញ​សម្ភារ​ផ្សេងៗ​ ។​ ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ត្រូវកា​ថវិកា​ចំ​៣ លាន​ដុល្លារ​អាមេរិក​ដើម្បី​អាច​ដំណើរការបាន​នៅ បំណាច់​ឆ្នាំ ២០១៥​នេះ​ ។​ ប្រភព៖ VOD

​លោក​អ៊ុំ សំអាន​ថា សុំ​ការអត់ឱន​ពី​ប្រធានរដ្ឋសភា​ ដើម្បី​បន្ធូរ​កម្តៅ ​នយោបាយ​​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លើកឡើងថា ការដែល​លោក​សុំ​ការអត់ឱន​ពី​ប្រធានរដ្ឋសភា គឺ​ដើម្បី​បន្ធូរ​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​កំពុង​កើតមាន មិនមែន​រូប​លោក​ទទួល​ថា​មាន​កំហុស​ទេ ​។​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​សរសេរ​លិខិត សុំ​ការអត់ឱន ពី​លោក​ហេង សំរិន ប្រធានរដ្ឋសភា ចំពោះ​ពាក្យ​ដែល​លោក​ប្រើ​ពាក្យ​ថា លោក ហេង សំរិន មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម​ ។​ ​ប៉ុន្តែ​លោក​អ៊ុំ សំអាន ប្រាប់​VOD​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ការដែល​លោក​សរសេរ​លិខិត​សុំ​ការអត់ឱន​ពី​ប្រធានរដ្ឋសភា​នោះ មិនមែន​មានន័យថា លោក​ទទួលស្គាល់ថា ខ្លួន​មាន​កំហុស​ទេ គឺ​គ្រាន់តែ​ចង់​បន្ធូរ​ភាព​តានតឹង​ផ្នែក​នយោបាយ​ខ្លាច​មាន​ការចាប់ខ្លួន សកម្មជន​បក្សប្រឆាំង ឬ មន្ត្រី​សង្គម​ស៊ីវិល​បន្តទៀត​ ។ កាលពី​ថ្ងៃ​ទី​២១ ​ខែកក្កដា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ទៅ​២០​ឆ្នាំ​ ។​ ប្រភព៖ VOD

រៀបចំដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]