រាជធានី​ភ្នំពេញ ៖​​ ​នគរ​បាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​មុខ​សញ្ញា​​ប្លន់​ម៉ូតូ​ស្គូពី​ម្នាក់ និង​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ ជន​ដែល​ត្រូវ​ឃាត់​​ខ្លួន​នេះ​​ឈ្មោះ​​សំ វណ្ណា​កា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​​ ស្នាក់​នៅ​ផ្ទះ​ជួល​​​ម្តុំ​ផ្សារ​ឌុយម៉ិច សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា ។

លោក​វរ​សេនីយ៍​ទោ​ ជួន ណារិន្ទ ប្រធាន​ការិ​យាល័យ​នគរ​បាលព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ បាន​ឱ្យ​ដឹង​ថា កាល​ពី​​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​២០ កក្កដា មាន​នារី​ម្នាក់​ឈ្មោះ​សុខ ចន្ទ្រា អាយុ​២០​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​​ផ្ទះ​លេខ​១៣B ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន បាន​ជិះ​ម៉ូតូ​​ស្គូពី​​ ពណ៌​ស ស៊េរី​​២០១១ តែ​ម្នាក់​ឯង​ចេញ​ពី​ផ្ទះ​​បំណង​ទៅ​បើកលុយ​ឱ្យ​ម្តាយ​មីង​នៅ​ខណ្ឌ​​ទួល​គោក ដោយ​ជិះ​​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ។ លុះ​​ពេល​ជិះ​ទៅ​ជិត​ដល់​មុខ​ភោជ​នី​យដ្ឋាន​ច័ន្ទ​ក្រហម​​ក្នុង​ស្ថិត​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំ​ការ​មន ស្រាប់​តែ​​មាន​ជន​៣​​ទៅ​៤​នាក់​​ជិះ​ម៉ូតូ​​២​គ្រឿង​​បាន​កៀរ​ម៉ូតូ​នាង​ ឱ្យ​ឈប់ និង​ប្លន់​​យក​ម៉ូតូ​។ ពេល​នោះ​នាង​បាន​អែប​ម៉ូតូ​​ទៅ​ចិញ្ចើម​​ផ្លូវ​ដោយ​មិន​ហ៊ាន​​​តប​ត​ទេ និង​​ប្រគល់​​ម៉ូតូ​ឱ្យ​តាម​សម្រួល​​ ប៉ុន្តែ​បើ​ទោះ​ជា​នាង​សុខ​ចិត្ត​ប្រគល់​ឱ្យ​បែប​នេះ​​ក្តី ក៏​ក្រុម​ចោរ​នៅ​តែ​ស្រែក​​សម្លុត​គំរាម​ និង​បម្រុង​វាយ​ដំ​នាង​ទៀត​ផង ។

លោក​ជួន ណា​រិន្ទ បន្ត​ថា បន្ទាប់​ពី​កើត​មាន​អំពើ​ប្លន់​​នោះ​ កម្លាំង​នៃ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ធ្វើ​ការ​ ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​រហូត​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​​បាន​ម្នាក់​ ឈ្មោះ​សំ វណ្ណា​កា នេះ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ និងកំពុង​​ស្វែង​រកចាប់​ខ្លួន​​បក្ស​ពួក​បន្ត​ទៀត ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]