ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត ហៅ​ទៅ​សួរនាំ បន្ទាប់​ពី​ជាប់ចោទ​បិទទ្វារ​វាយ​ស្ត្រី​ម៉ាស្សា​ម្នាក់ ដោយសារ​ខឹង​សុំ​អី​ៗ... នាង​មិន​បាន ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល ថ្ងៃ​ទី​២៧ កក្កដា នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង យីហោ​៧៧៧៧៧ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនជាប់ចោទ​ឈ្មោះ សុ​ផា​រ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​ចោមរោម​មើល​ហេតុការណ៍​នោះ ។ ស្ត្រី​ម៉ាស្សា​វ័យក្មេង​សាច់​សខ្ចី​ម្នាក់​ឈ្មោះ សុខ វ​ត្តី អាយុ​២៣​ឆ្នាំ បាន​ឈរ​សម្រក់​ទឹកភ្នែក ហើយ​អះអាង​ថា នាង​ត្រូវ​បុរស​ខាងលើ​វាយ​ធ្វើបាប ដោយ​ចាប់​បោច​សក់​បោក​ផ្ទប់​ទៅ​នឹង​គ្រែ ហើយ​ព្យាយាម​ឡើង​ជិះ ក្នុង​បំណង​មិនល្អ ។ ការ​វាយ​ធ្វើបាប​នេះ បន្ទាប់​ពី​បុរស​នេះ​សុំ​ស្នេហ៍​នាង​៤​ទៅ​៥​ថ្ងៃ​មក​ហើយ តែ​នាង​មិន​ព្រម ព្រោះ​នាង​មានកូន​និង​ប្តី​រួច​ហើយ ។

ស្ត្រី​សាច់​សខ្ចី បន្ត​ថា នាង​ទើប​មក​ពី​ខេត្តពោធិ៍សាត់ ចូល​ធ្វើការ​ហាង​ម៉ាស្សា​នេះ ទើបតែ​បាន​៥​ថ្ងៃ ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ​តិចតួច បាន​រត់​ចេញពីផ្ទះ មក​ធ្វើការ​នៅ​ទី​នេះ ។ តែ​ចៃដន្យ ថ្ងៃ​ណា​ក៏​ជួប​តែ​បុរស​ខាងលើ​នេះ​ចូល​មក​ឱ្យ​នាង​ម៉ាស្សា​រហូត ។

នាង​បន្ត​ថា តាំងពី​ថ្ងៃ​នាង​មក​ធ្វើការ​ខាង​ម៉ាស្សា​នេះ បុរស​រូប​នេះ​ព្យាយាម​សុំ​ស្នេហ៍​ពី​នាង​ជា​រៀង​រាល់​លើក តែ​នាង​បាន​ប្រាប់​បុរស​នោះ​រហូត​ថា នាង​មិន​អាច​ស្រឡាញ់​បាន​ទេ ព្រោះ​នាង​មានកូន​ស្រី​ម្នាក់​អាយុ​១១​ខែ និង​មាន​ប្តី​ទៅ​ហើយ ជា​មន្ត្រីរាជការ​នៅ​ខេត្តពោធិ៍សាត់ ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា មុន​កើតហេតុ ជន​នេះ​បាន​ចូល​មក​ឱ្យ​នាង​ម៉ាស្សា​ដូច​សព្វមួយដង ប៉ុន្តែ​ថ្ងៃនេះ​គេ​ហាក់​ស្រវឹងស្រា​ខ្លាំង ។ តែ​មិន​ទាន់​ទាំង​បាន​ម៉ាស្សា​ផង បុរស​នេះ​សុំ​សេចក្តី​ស្នេហា​សុំ​អី​ៗ ពី​នាង​តែ​ម្តង ។ នាង​ថា ពេល​នាង​បដិសេធ ជន​នេះ​ក៏​វាយ​ធ្វើបាប​លើ​រូប​កាយ​គ្មាន​ប្រណី ដូច​ខឹង​នាង​ខ្លាំង​ណាស់ ។ នៅ​កន្លែង​កើតហេតុ ក្រៅពី​ស្ត្រី​រង​គ្រោះ ស្ត្រី​ជា​ថៅកែ​ហាង​ម៉ាស្សា​ម្នាក់​ទៀត វ័យ​៥៨​ឆ្នាំ ឈ្មោះ សាន ឈុ​ន ក៏​រង​របួស​ដែរ ដោយ​ត្រូវ​របួស​ក្បាលជង្គង់ ខ្នង ប្រអប់ដៃ​ខាងស្តាំ ហូរ​ឈាម ដោយសារ​ស្ត្រី​ជា​ថៅកែ​ហាង​រូប​នេះ ចូល​ទៅ​ជួយ​នារី​រង​គ្រោះ ក៏​ត្រូវ​បុរស​ដៃដល់ គប់​នឹង​ដុំ​ថ្ម ។

បុរស​រូប​នេះ ក៏​មាន​របួស​តិចតួច​ដែរ ដូច​ជា​របួស​មេជើង​ខាងឆ្វេង និង​ត្រគាក ហើយ​និយាយ​ទាំង​ស្រវឹង​លែង​ដឹង​ខុស​ត្រូវ ហើយ​ចោទ​ថា​ខ្លួន​ត្រូវ​នារី​ឈ្មោះ សុខ វ​ត្តី ច្រាន​ឱ្យ​ដួល​ពេល​មាន​ជម្លោះ ។ ទោះជា​យ៉ាងណា ការ​លើក​ឡើង​របស់​ជន​នេះ ត្រូវ​អ្នកស្រុក​ជា​ច្រើន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ និយាយ​ថា​ជា​រឿង​មិន​ពិត ។ អ្នកស្រុក​បាន​ប្រាប់​ថា ការ​ពិត ជន​នេះ​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង នៅ​ចំណុច​ផ្លូវ​ចូល​ហាង​ម៉ាស្សា ទើប​រង​របួស​មេជើង និង​ចង្កេះ​បែប​នេះ ។

ជុំវិញ​បញ្ហា​ខាងលើ លោក អុ​ឹ​ម សុ​ភារៈ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​ថា លោក​កំពុង​សួរនាំ​ភាគី​ទាំង​សងខាង មិន​ទាន់​អាច​ប្រាប់​លម្អិត​បាន​ទេ ព្រោះ​មិន​ទាន់​ទទួល​ព័ត៌មាន​សព្វ​ជ្រុងជ្រោយ​នៅឡើយ​ទេ ជុំវិញ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នេះ ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]