ចិន៖ ផ្ទះវីឡាមួយកន្លែង បានបោះពុម្ព ចេញពីម៉ាស៊ីនព្រីន 3D ដោយចំណាយពេល តិចជាង ៣ម៉ោង ដើម្បីដាក់ផ្គុំ និងតម្លើង ទទួលបានជោគជ័យ និងរួចរាល់ ជាស្ថាពរ។


ផ្ទះវីឡាដែលបោះពុម្ពចេញ ពីម៉ាស៊ីនព្រីន3D ក្រោយដាក់ផ្គុំ និងតម្លើងរួចរាល់

ផ្ទះវីឡាមួយកន្លែង នៅក្រុងស៊ីអាន នៃប្រទេសចិន ត្រូវបានសាងសង់ ចេញជារូបរាង ជាស្ថាពរ ដោយចំណាយរយៈពេល តិចជាង ៣ម៉ោង តែប៉ុណ្ណោះ កាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។ 

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះវីឡាខាងលើ គឺជាសមិទ្ធិផល នៃបច្ចេកវិទ្យា ចុងក្រោយបង្អស់ ដោយផ្នែកនិមួយៗ របស់វា ត្រូវបានគេ បោះពុម្ពចេញពី ម៉ាស៊ីនព្រីន 3D (3D-Printing)។

វីឡានោះមានរួមបញ្ចូល ដោយផ្នែកចំនួន៦ ដែលផ្នែកនិមួយៗ មានទំងន់ជាង ១០០គីឡូក្រាម ហើយផ្នែក ទាំងនោះ គឺចែកដាច់ ដោយឡែកពីគ្នា ដូចជា បន្ទប់ទទួលទានអាហារ បន្ទប់គេង ផ្ទះបាយ និងបន្ទប់ទឹក។ គ្រប់ផ្នែកទាំងអស់ ត្រូវបោះពុម្ពចេញពី រោងចក្រតែមួយ ហើយបន្ទាប់មក ទើបវាត្រូវបានគេ យកមកផ្គុំ និងតម្លើង នៅឯទីតាំង ពេញចិត្តណាមួយ ដែលចំណាយ នៃការសាងសង់ វីឡានោះ គឺចន្លោះប្រហែល ពី ៤០០ ទៅ ៥៦០ ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។

វិស្វករម្នាក់ឈ្មោះ An Yongliang បានប្រាប់ឲ្យដឹងថា ផ្ទះនោះត្រូវការ ចំណាយពេល សរុបតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីផលិត និងផ្គុំតម្លើង ឲ្យបានរួចរាល់ ហើយចំពោះ ផ្ទះវីឡាខ្នាតធំវិញ គឺវាត្រូវការ រយៈពេល ៦ខែឯណោះ។

មិនតែប៉ុណ្ណោះ ​បើតាមលោក An បានឲ្យដឹងទៀតថា ផ្ទះខាងលើ មានសភាព រឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹង ការរញ្ជួយដី កម្រិតខ្ពស់ ព្រមទាំងមាន បំពាក់ទៅដោយ សម្ភារៈរក្សាកំដៅ ដើម្បីទប់ទល់ នឹងរដូវត្រជាក់ ផងដែរ៕







ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]