ខេត្ត​ស្វាយ​រៀង​​​ ៖ ​បុរស​ម្នាក់​ដែល​​គេ​សង្ស័យ​​ថាកំរោល​​​ចូល ​បាន​យក​ពូ​ថៅ​ដេញ​កាប់​កម្មករ​​ធ្វើ​ការ​ជា​មួយ​គ្នា​ឱ្យ​រង​របួស​​ធ្ងន់​២ ​នាក់ ហើយ​ជា​ច្រើន​នាក់​ទៀត​​ភ័យ​​រត់​ប្រាស​អាយុ​ដោយ​​សារ​ទប់​ទល់​ជា​មួយ​​ជន​ ដៃ​ដល់​មិន​បាន​ តែ​ក្រោយ​មក​ក៏​នាំ​គ្នា​កាន់​ដំបង​ចូល​ទៅ​ព្រួត​វាយ​វិញ​រហូត​ទ្រម​ខ្លួន​ ទើប​ចាប់​បាន ។ ហេតុការណ៍​មិន​នឹក​ស្មាន​ដល់​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា វេ​លា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តៃ​សេង​ ស្ថិត​ក្នុង​ភូមិ​​តា​បិប សង្កាត់​បាវិត ក្រុង​​បាវិត ។

លោក​វរសេនីយ៍​ត្រី កែវ គង់ អធិការ​នគរ​បាល​ក្រុង​បាវិត​​​ឱ្យ​ដឹង​ថា ​ជន​ដៃ​ដល់​ដែល​គេ​​សង្ស័យ​ថា​កំរោល​ចូល​នេះ ឈ្មោះ​ឈឿន​ ឆោម  អាយុ​៣៥​ឆ្នាំ​​ ជា​កម្មករ​សំណង់​ផ្នែក​ពុម្ព មាន​ទី​លំនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង​ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល តែ​បាន​មក​ធ្វើ​ជា​ជាង​ចាក់​ពុម្ព​ក្បាច់​គ្រឿង​​សំណង់​នៅ​តំបន់​សេដ្ឋ​ កិច្ច​ពិសេស​​តៃ​សេង ក្រុង​បាវិត ។ ​បើ​តាម​ប្រធាន​ក្រុម​កម្មករ​​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២០ កក្កដា វេ​លា​ម៉ោង​៥ល្ងាច ជន​​ឈឿន ឆោម មាន​ជំងឺ​ក្តៅ​ខ្លួន​ក៏​មក​សុំ​សម្រាក​ពី​​ការ​ងារ​ លុះ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា មេ​ក្រុម​បាន​ហៅ​ឱ្យ​​មក​ជួយ​ធ្វើ​ពុម្ព​ ពី​ព្រោះ​ក្រុមហ៊ុន​ប្រញាប់​យក​គ្រឿង​សំណង់​សាង​សង់​អគារ​ ។ ស្រាប់​តែ​វេលា​​​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ជន​​នេះ​បាន​ទាញ​ពូថៅ​កាប់​​កម្មករ​​ឈ្មោះ ង្វៀន វ៉ាន់​ស៊ី អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម ជា​ជាង​សំណង់​​ និង​បុគ្គលិក​រោង​ចក្រ​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តៃ​​សេង។ ​កម្មកររូប​នេះ​​ត្រូវ​​កាប់​ចំ​បី​កន្លែង​​ គឺ​​ចំ​គល់​ក​ផ្នែក​ខាងស្តាំ​​​ចំ​ក្បាល​ពី​ក្រោយ​ក្បែរ​គុម្ព​ត្រចៀក​​ខាង​ ឆ្វេង​ និង​គុម្ព​ត្រចៀក​ខាង​ស្តាំ​ មុត​ផុង​លលាដ៍​សន្លប់​ក្នុង​ថ្លុក​ឈាម ។

រី​ឯ​​កម្មករ​​ម្នាក់​ទៀត​ឈ្មោះ ណែម គង្គា​រដ្ឋា ​អាយុ​២៨​ឆ្នាំ ជា​កម្មករ​​សំណង់​ផ្នែក​ពុម្ព​ដូច​គ្នា មាន​ទី​លំនៅ​​ផ្ទះ​លេខ​​២៤E3 សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជ​ធានីភ្នំពេញ រត់​ដួល​អុក​ជង្គង់​ទៅ​លើ​ថ្ម​​ ដាច់​ជង្គង់​ទាំង​សង​ខាង​​​របួស​ធ្ងន់ ។ រីឯ​កម្មករ​ជា​ច្រើន​នាក់​​ទៀត ​ក៏​ត្រូវ​ជននេះ​​ចូល​ដេញ​កាប់​ផ្អើល​​រត់​ប្រសេច​ប្រសាច​ពេញ​បរិវេណ​​រោង​ ចក្រ​ ខ្លះ​ដួល​រលាត់​ដៃ​ជើង​ រលាត់​​កួយ​ដៃ ទាំង​ភ្នែក​នៅ​កញ្ចឹង​ក ខ្លះ​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូលិស​​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​។

លោក​អធិការ​បន្ត​ទៀត​ថា គ្រាន់​តែ​ទទួល​ពាក្យ​បណ្តឹង​​តាម​ទូរស័ព្ទ​ភ្លាម លោក​ក៏​បាន​ចាត់​កម្លាំង​ឱ្យ​ទៅ​កាន់​កន្លែង​កើត​ហេតុ​​ភ្លាមដែរ​ ពេល​ទៅ​ដល់​​ឃើញ​ពួក​កម្មករ​បាន​​តដៃ​ដោយ​នាំ​គ្នា​យក​ព្រនង់​វាយ​ទៅ​លើ​​ ជននេះ​វិញ​​ជា​ច្រើន​ព្រនង់ តែ​ជន​នេះ​​នៅ​តែ​ខ្លាំង​​ពេល​ឃើញ​ប៉ូលិស​ក៏​ដេញ​កាប់​ដោយ​ពុំ​មាន​ញញើត​ដៃ​ ទេ ​និង​បាន​វាយ​កញ្ចក់​រថយន្ត​ប៉ូលិស​ខាង​ស្តាំ​បែក​ខ្ទេច​ ។ រីឯ​ក្រុម​កម្មករ​បាន​ព្រួត​វាយវិញ​​រហូត​ទ្រម​ខ្លួន​ទើប​សមត្ថកិច្ច​ឃាត់ ហើយ​ចាប់​ជននេះ​​ដាក់​លើ​រថយន្ត​​​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ក្រុង ​រួច​កសាង​សំណុំ​​រឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ចាត់​ ការ​បន្ត​ ។

ជន​រង​គ្រោះ​ឈ្មោះ ង្វៀង វ៉ាន់ស៊ី ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យឯ​​ប្រទេស​វៀត​ណាម​​ដើម្ប​ី​ សង្គ្រោះ​ តែ​មិន​ដឹង​ថា​លទ្ធ​ផល​​យ៉ាង​ណា​ទេ ។ រី​ឯ​ជនឈ្មោះ ឈឿន ឆោម បាន​​​ឆ្លើយ​ប្រាប់​ប៉ូលិស​​នៅ​ពេល​មក​ដល់​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ ស្រាល​​​ខេត្ត​​ថា គេ​ក្តៅ​ខ្លួន​ខ្លាំង​កាល​ពី​ល្ងាច​​ លុះ​ព្រឹក​​ឡើង​ទៅ​ដល់​កន្លែង​​ធ្វើ​ការ​បាន​២​ម៉ោង​ស្រាប់​តែ​មើល​ទៅ​ពួក​ កម្មករ​​ធ្វើ​ការ​ជា​មួយ​គ្នា​ មុខ​ខ្មៅ​អាក្រក់​​មក​រក​កាប់​ខ្លួន និង​មើល​ទៅ​ពួក​គេ​​ដូច​ជា​សត្រូវ​ទើប​គេ​ភ័យ​ដេញ​កាប់​តែ​ម្តង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]