ភ្នំពេញ៖ យោងទៅតាម ទំព័រហ្វេសប៊ុក របស់សាលា រាជធានីភ្នំពេញ ដែលបានបង្ហោះ រូប និងសារមួយ កាលពីម្សិលមិញនេះ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងមានគម្រោង សាងសង់ ស្ពានអាកាស និងផ្លូវក្រោមដី ក្បាលថ្នល់ បន្ថែមពីលើ គម្រោងចាស់ ដែលមានស្រាប់។

ប្រភពដដែល បានឲ្យដឹងទៀតថា កន្លងមក នៅដំណាក់កាលទី១ ការដោះស្រាយបញ្ហា កកស្ទះចរាចរ នៅចំណុចក្បាលថ្នល់ បានល្អមួយកម្រិត បន្ទាប់ពីសាលារាជធានីភ្នំពេញ បានសង់ស្ពានអាកាស និងស្ពានព្រះមុនីវង្សថ្មី។ ជាបច្ចេកទេស ស្ថានភាពបច្ចុប្បន្ន បានដោះស្រាយ ទិសចរាចរ ទៅមកត្រង់ ចំនួន៤ទិស និងបត់ស្តាំ ចំនួន៤ទិស ប៉ុន្តែចរាចរបត់ឆ្វេង ចំនួន៤ទិស មិនទាន់មាននៅឡើយទេ។

ក្នុងដំណាក់កាលទី២ នេះ សាលារាជធានីភ្នំពេញ បានចាត់មន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាដោះស្រាយ ចរាចរ ធ្វើយ៉ាងណា ឲ្យអាចបត់ឆ្វេង ទាំង៤ទិស នៅទីតាំងនោះ ដោយនឹងសាងសង់ ជាស្ពានអាកាសបត់ឆ្វេងកោង ឯកទិស ចំនួន២ និងផ្លូវក្រោមដី បត់ឆ្វេងកោង ឯកទិស ចំនួន២ បន្ថែមលើស្ពាន ដែលមានស្រាប់។


នេះជាពង្រាងគម្រោង ប្លង់ស្ពានអាកាស និងផ្លូវក្រោមដី ក្បាលថ្នល់

ការបកស្រាយផ្លូវបត់ឆ្វេង ទាំង៤ទិស ដែលនឹងសាងសង់បន្ថែម ដូចរូបប្លង់ មានដូចខាងក្រោម៖

១) ចរាចរពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តម ត្រូវធ្វើដំណើរដល់ ក្រោមស្ពានចាស់ ហួសបន្តិច បត់ឆ្វេងឡើងស្ពានគម្រោងរាងកោង រួចភ្ជាប់ចូលគន្លងពង្រីក ស្ពានចាស់។

២) ចរាចរពីផ្លូវជាតិ លេខ២ (ចាក់អង្រែ) មកមហាវិថីព្រះមុនីវង្ស ត្រូវធ្វើដំណើរ ចូលផ្លូវក្រោមដី រួចបត់ឆ្វេង ឡើងមកមហាវិថីព្រះមុនីវង្ស។

៣) ចរាចរពីច្បារអំពៅ មកផ្លូវជាតិលេខ២ (ចាក់អង្រែ) ត្រូវធ្វើចរាចរ ពីស្ពានព្រះមុនីវង្សចាស់ ដល់ក្រោមស្ពានចាស់ ហួសបន្តិច បត់ឆ្វេង ឡើងស្ពាន គម្រោងរាងកោង រួចភ្ជាប់ចូលគន្លង ពង្រីកស្ពានចាស់។

៤) ចរាចរពីមហាវិថីព្រះនរោត្តម មកច្បារអំពៅ ត្រូវធ្វើចរាចរ ចូលផ្លូវក្រោមដី រួចបត់ឆ្វេង ឡើងមកស្ពានព្រះមុនីវង្សថ្មី។

យ៉ាងណាមិញ គម្រោងផែនការ ដំណាក់កាល ទី២នេះ នឹងដោះស្រាយ ចរាចរបាន១០០% ដូចស្ពានអាកាស ស្ទឹងមានជ័យ អីចឹង ខណៈអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន មានការរីករាយ និងសប្បាយចិត្ត ហើយគាំទ្រ យ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់ថ្មី មួយនេះ៕

ប្រភព ៖ សាលារាជធានីភ្នំពេញ

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]