ក្រុង​ប៉ោយ​ប៉ែត​​ ៖​​​​ ក្មេង​​ប្រុស​​ម្នាក់​​បាន​ស្លាប់​ និងម្នាក់់់់់ទៀត​រង​របួស​ ដោយ​សារ​ឪម៉ាល់​ទិច​ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃទី​២១​ កក្កដា​​នៅ​ភូមិ​​​បាលិលេយ្យ​២​​ សង្កាត់​​​ប៉ោយ​ប៉ែត​ ខណៈ​ពេល​ក្មេង​ទាំង​២​នាក់​​ចូល​ទៅរើស​ខ្លែង​​​ហើយ​ ប៉ះ​ចំសម្បុក​ឪ​ម៉ាល់​​ ។ ក្មេង​​ប្រុស​ដែល​ស្លាប់​​ឈ្មោះ​​រ៉ា​​ ថេត​ អាយុ​៩ឆ្នាំ​ ឯ​ក្មេង​ប្រុស​ដែល​រង​របួស​​ឈ្មោះ​រដ្ឋ​ រី​ អាយុ​១៤​ឆ្នាំ​ ​​ពួក​គេ​ទាំង​២នាក់​រស់​នៅក្នុងភូមិ​ខាង​លើ​​ ។ ​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​​​​និយាយ​​ថា​កុមារ​​ ទាំង​២​នាក់​នេះ​​​បាន​ឃើញ​ខ្លែង​មួយ​ធ្លាក់​​ទើ​​រ​​លើ​ដើម​ក្រខុប​ក្នុង​ បរិវេណ​ដី​​ទំនេរ​រ​​បស់​អ្នក​ស្រុក​មួយ​គ្រួសារ​​ដែល​គ្មាន​មនុស្សរស់នៅ​ ។​​ កុមារ​ទាំង​២នាក់​​ បាន​នាំគ្នា​ឡើង​តាម​របង​ចូល​ទៅ​​ក្នុង​ដី​នោះ​ដើម្បីដណ្តើម​គ្នា​យក​ខ្លែង​ ហើយ​មាន​ក្មេង​ឯ​ទៀត​ទះ​ដៃ​អប​អរ​បន្ទរ​​ចំ​ពោះ​ នរណា​យក​ខ្លែង​បាន​មុន​ ។​ លុះ​ពេល​ទៅ​ដល់​ចំណុច​​ខ្លែង​​ដាច់​​ទើរ​លើ​ដើម​ក្រខុប​នោះ​​ឈ្មោះ​រដ្ឋ​ រី​ ដែល​​ដល់​គោល​ដៅ​មុន​ ក៏​ត្រូវ​សត្វ​​ឪម៉ាល់​​មួយ​សម្បុក​​នៅ​ទី​នោះ​ទិច​ចំ​លើ​ត្រចៀក​ខាង​ឆ្វេង​ ​ហើយ​រត់​​យ៉ាង​លឿន​ត្រឡប់​ក្រោយ​​វិញ​។  ចំណែក​​ឯកុមារ​ឈ្មោះ​រ៉ា​ ​ថេត​ ក៏​ត្រូវឪ​ម៉ាល់​រោម​ទិចរាប់​​សិប​​ទ្រនិច​ ស្រែក​ឱ្យ​គេជួយ​​ ធ្វើ​ឱ្យ​​​ក្មេង​ៗ​ផ្សេង​ទៀត​ដែល​ឃើញ​​ហេតុការណ៍​ពី​ចម្ងាយ​​អត់​មាន​អ្នក​ ណា​ហ៊ាន​ចូល​ជួយ​ទេ​ នាំគ្នា​រត់​ចូល​ពួន​តាម​ផ្ទះ​អស់​ ។

ស្ត្រី​ឈ្មោះ​​ខុម​ សុខា ​អាយុ​៣១​ឆ្នាំ​ ដែល​មាន​ផ្ទៃ​ពោះ​​៧ខែ​​ផង​ និយាយ​ថា​ កុមា​រា​ឈ្មោះ​រ៉ា​ ថេត​ ត្រូវ​សត្វ​ឪម៉ាល់​តាម​ទិច​ដោយ​រោម​​​ខ្មៅ​រល​ពេញ​ក្បាល​​ ​ដង​ខ្លួន​​​ និង​​​កំប៉េះ​គូទ​ ​ហើយ​​ក្រោយ​ពេល​​រត់​តោងឡើង​របង​រួច​ក៏ដួល​សន្លប់​​មុខ​ផ្ទះ​អ្នក​ស្រុក​ តែម្តង​ ។ ​ស្ត្រីរូប​នេះ​ក៏ដូច​​ជាអ្នក​ស្រុក​និយាយ​ថា គ្រប់​គ្នា​​បាន​នាំគ្នា​រត់​ពួន​តាម​ផ្ទះ​​មិន​ហ៊ាន​ចេញ​ទេ​រហូត​ទាល​់តែ​ សត្វ​ឪ​ម៉ាល់​ហើរ​ចេញ​អស់​ទើប​នាំគ្នា​ស្រែក​ហៅ​ឪពុកម្តាយ​ក្មេង​រង​គ្រោះ​​ ​ឱ្យ​យក​កូន​​ទៅ​ពេទ្យ​ ។
​បុរសជា​ឪពុក​​ឈ្មោះ​ណន​ រ៉ា​ ​​អាយុ​៤៧​ឆ្នាំ​ ​និង​ម្តាយ​ឈ្មោះ​រឿត​​ រៀង​​ អាយុ​៤៣​ឆ្នាំ​ និយាយ​​​ថា​​​​ ក្រោយ​ពី​មាន​ឧប្ប​ត្តិ​ហេតុ​​នេះ ពួកគាត់​ក៏​បាន​នាំ​កូន​​ទៅ​ពេទ្យ​ឈ្នួល​និងបាន​ព្យួរ​សេរ៉ូម​ផង​ដែរ​ ប៉ុន្តែ​ជាអកុសល​កូន​គាត់​បាន​ស្លាប់​ដោយ​​មិន​អាច​​សង្គ្រោះ​បាន​ ។

​នៅយប់​ថ្ងៃ​កើត​ហេតុ​នោះ​ សត្វ​ឪ​​ម៉ាល់​មួយ​សម្បុក​ធំ​នោះ​ក៏​ត្រូវ​អ្នកស្រុក​នាំគ្នា​ដុត​កម្ទេច​ ចោល​ទាំងអស់​តែម្តង​ ព្រោះ​​ខ្លាច​ទិចក្មេង​ៗ​​នៅ​ពេល​ក្រោយ​ទៀត​ ។ ​ចំណែក​សពក្មេងរងគ្រោះ​​ត្រូវបាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ។

​គួរ​​កត់សម្គាល់​​ថា ចង់​បំផ្លាញ​សម្បុក​ឪ​ម៉ាល់​​គេ​ហ៊ាន​ធ្វើ​​តែ​​​​នៅ​ពេល​យប់ងងឹត​ទេ​ ដោយ​ដុត​ឈួល​វា​ដោយ​សំណុំ​ភ្លើង​ ។ ​បើ​ហ៊ាន​ធ្វើ​នៅពេល​ថ្ងៃ​ប្រាកដ​​ជា​ចាញ់​ឪ​ម៉ាល់​មិនខាន​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]