បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់មកពី ខេត្តបាត់ដំបង មកដល់ ខេត្តបន្ទាយមានជ័យ អត់ប្រាក់ជិះ រថយន្តបន្តដំណើរ ទៅប្រទេសថៃ ដើម្បីរកការងារ ធ្វើបែកគំនិត លួចទូរស័ព្ទដៃគេ ត្រូវប្រជាពលរដ្ឋ និងម្ចាស់ទូរសព្ទ័ ចាប់វាយទ្រមខ្លួន រួចប្រគល់ឲ្យ នគរបាលចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចស្ថានីយ លក់ប្រេងចាន់ហេង ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានឲ្យដឹងនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2012ថា ជនសង្ស័យឈ្មោះ ហេង លាភ ភេទប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ សព្វថ្ងៃរស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយឡែកបក្ខពួក របស់ជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនដោយសុវត្ថិភាព។

តាមបណ្តឹងរបស់ជនរងគ្រោះម្ចាស់ ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញឈ្មោះ ហេង លាភ និង គ្នាគេម្នាក់ទៀតឈ្មោះ សៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ជិះចូលចាក់សាំង នៅការ៉ាស់ របស់ខ្លួនពេលនោះ ខ្លួនបានដាក់ទូរស័ព្ទដៃ របស់ខ្លួននៅលើតុគិត លុយ រួចដើរទៅចាក់ សាំងម៉ូតូឲ្យជនសង្ស័យ ពេលនោះខ្លួនពុំមាន ការប្រុងប្រយ័ត្ន ឃើញឱកាសល្អ ឈ្មោះ លាភ ចូលទៅលួច ទូរស័ព្ទនោះតែម្ដង តែដោយម្ចាស់ឃើញទាន់ ស្រែកឆោឡោ ឡើងផ្អើលដល់អ្នកជិតខាង នាំគ្នាដេញចាប់ជនសង្ស័យជាប់ និងម៉ាស្យាជូនម៉ាទ្រមខ្លួនរួចប្រគល់ ជូនសមត្ថកិច្ច។

ក្រោយសមត្ថកិច្ចសួរនាំទើបដឹងថា រូបគេមកពីខេត្តបាត់ដំបង ពីរនាក់មិត្តភក្ដិក្នុងគោលបំណង ឆ្លងដែនទៅរកការងារ ធ្វើនៅប្រទេសថៃ ប៉ុន្តែជិះម៉ូតូមកដល់ ខេត្តបន្ទាយមានជ័យ បានដាច់សោហ៊ុយ រកតែលុយចាក់សាំង ជិះទៅជាយដែនគ្មាន ក៏បែកគំនិតធ្វើបែបនេះ តែម្តងទៅ។

ក្រោយសួរនាំជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

www.dap-news.com

ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]