បន្ទាយមានជ័យ៖ ស្របពេល ដែលមេរោគ EV-71 បាននឹងកំពុងតែធ្វើឲ្យ មានការព្រួយបារម្ភ យ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសចំពោះ ឪពុកម្តាយដែល ស្រឡាញ់កូនតូចៗ របស់ខ្លួននោះ បានធ្វើឲ្យព័ត៌មាននៃការឆ្លងមេរោគនេះ កាន់តែល្បីគ្រប់ទិសទី ហើយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងពាក់ព័ន្ធ ទាំងអស់ បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើការ ផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋទូទៅ ត្រូវចេះមើលកូនៗរបស់ ខ្លួន ដោយប្រុងប្រយ័ត្នជាទីបំផុត។

ជាមួយនឹងការ ផ្សព្វផ្សាយ ក៏ដូចជាការប្រកាស ពីក្រសួងសុខាភិបាល នូវការរីករាលដាល ការឆ្លងមេរោគ ខាងលើនេះ បានធ្វើឲ្យជនខិលខូច មួយចំនួន ឆ្លៀតយកឱកាសនេះ បំផុសបំផុល នូវព័ត៌មានមិនពិត ដោយបាននិយាយតៗគ្នាថា ត្រូវទិញទឹកភេសជ្ជះគោជល់ និងទឹកឃ្មុំ ដើម្បីលាយគ្នា ហើយពិសារ ពេលនោះ នឹងជៀសផុត ការឆ្លងមេរោគនេះ ជាក់ជាមិនខានឡើយ ។

យ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធ និងមូលដ្ឋាន បាននឹង ចាត់វិធានការណ៍ ចំពោះបញ្ហានេះ តាមរយៈនឹង ធ្វើការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ កុំឲ្យមានការ ចាញ់បោក ជនខិលខូចទាំងនោះ។ រឿងរ៉ាវ និងពាក្យចចាមអារ៉ាម និងការនិយាយបោក ប្រាស់ខាងលើនេះ បានកើតឡើងនៅ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលត្រូវ បានឮដំណឹងមុនគេ ។

ស្រ្តីម្នាក់ ដែលបានទិញ ទឹកភេសជ្ជះគោជល់ និងទឹកឃ្មុំ សម្រាប់លាយឲ្យចៅតូច របស់ខ្លួនទើបតែមានអាយុ ២ឆ្នាំផឹកនោះ បានប្រាប់ដើម អម្ពិលតាមទូរស័ព្ទនៅ យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ថា មូលហេតុដែល នាំឲ្យរូបគាត់ទិញ ទឹកគោជល់ និងទឹកឃ្មុំ លាយគ្នាផឹកនោះ គឺដើម្បី ការពារកុំឲ្យមានការ ឆ្លងមេរោគ EV-71 ដែលបច្ចុប្បន្ន បានឆ្លងទៅ កុមារជាច្រើននាក់និងបានសម្លាប់ កុមារកម្ពុជាជាង៦០នាក់រហូតមកដល់ពេលនេះ។

ស្រ្តីរូបនេះ បានបន្តថា  រឿងហេតុ និងការនិយាយ តគ្នា ខាងលើនេះ បានកើតឡើងអស់ រយៈពេលប៉ុន្មាន ថ្ងៃមកហើយ ដែលម្នាក់ៗ ទាំងប្រុសទាំងស្រី ក្មេងចាស់ ជាច្រើន នៅផ្សាររហាត់ទឹកនេះ បានទិញគោជល់ និងទឹកឃ្មុំ លាយគ្នាផឹក ដើម្បីបញ្ចៀស ការឆ្លង មេរោគ EV-71 ។

បើតាមស្រ្តីរូបនេះ សូម្បីតែមនុស្សចាស់ ក៏បានទិញគោជល់ លាយជាមួយ ទឹកឃ្មុំ ផឹកដែរ ដោយខ្លាចឆ្លង មេរោគខាងលើនេះ ហើយមានមនុស្ស ជាច្រើននាក់ នៅតំបន់នោះ បានផឹករួចហើយ ។ ទាក់ទិននឹងបញ្ហានេះ លោកអភិបាល ស្រុកមង្គលបុរី អ៊ី ឡុង បានបញ្ជាក់ ប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ទាំងយប់ថា ពាក្យចចាមអារ៉ាមនេះ លោកបានឮកាល ពីពេលថ្មីៗនេះ ដែរ ប៉ុន្តែមិនទាន់ល្បីខ្លាំងនោះទេ។

ដូច្នេះ លោកបានសង្កត់ធ្ងន់ថា បើមានករណីនេះកើតឡើងមែន នៅឃុំរហាត់ទឹក លោកនឹងសុំកិច្ចសហការ ជាមួយ មន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋភា្លម ជៀសវាងការ ចាញ់បោក ជនខិលខូចទាំងនោះ។

 សូមបញ្ជាក់ថា ចាប់ពីដើម ឆ្នាំ២០១២ រហូតមកដល់ខែកក្កដានេះ មានកុមារកម្ពុជាជាង៦០នាក់ ហើយបានស្លាប់ដោយ មេរោគ EV-71។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាញឹកញាប់បង្ក ឡើងដោយ កុកសាគី វីរុស A16 ដែលបង្កឲ្យមានជំងឺស្រាល ដោយពុំចាំបាច់ទទួលការ ព្យាបាលដោយបុគ្គលិក សុខាភិបាល និងមួយចំនួនប៉ុណ្ណោះ ដែលមានផល វិបាកធ្ងន់ធ្ងរ។

ក៏ប៉ុន្តែជំងឺពងបែកដៃជើង និងក្នុងមាត់ ក៏អាចបង្កផងដែរ ដោយសារ Enterovirus ដែលក្នុងនោះ មាន Enterovirus 71 (EV-71) ដែលអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចបង្កឲ្យស្លាប់។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាទូទៅ កើតក្នុងចំណោមកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ តែភាគច្រើន គឺកើតក្នុងចំណោមកុមារ ដែលមានអាយុតិចជាង ៥ឆ្នាំ ហើយកុមារដែល មានអាយុតិច ងាយមានរោគសញ្ញាធ្ងន់ធ្ងរ។ រយៈពេលចាប់ពី ឆ្លងរោគដល់ចេញ រោគសញ្ញាជាទូទៅ ៣ទៅ៧ថ្ងៃ ហើយរោគសញ្ញា ញឹកញាប់នៃជំងឺនេះ គឺក្ដៅខ្លួន ដែលមានរយៈ ពេលពី ២៤ ទៅ ៤៨ម៉ោង។

ជំងឺនេះ ជាទូទៅចាប់ផ្ដើមឡើង ដោយមានក្ដៅខ្លួន ការបរិភោគថយចុះ អស់កម្លាំង និងភាគច្រើនមានឈឺបំពង់ក។ មន្រ្តីសុខាភិបាល បាននិយាយថា ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងដែលអាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ។ អ្នកជំងឺអាចចម្លងទៅអ្នក ដទៃបានខ្លាំងបំផុតក្នុង កំឡុងសប្ដាហ៍ទីមួយ នៃជំងឺ តែគាត់អាចចម្លងជំងឺ បានរហូតដល់ ច្រើនសប្ដាហ៍ក្រោយទៀត។ ជំងឺពងបែកដៃជើង និងក្នុងមាត់ មិនអាចចម្លង ពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសម្រេចឲ្យសិស្សសាលា ឈប់សម្រាកចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ នេះតទៅ ពោលមុនវិសម្សកាលទៅទៀត ដែលការ  ប្រកាសឲ្យឈប់នេះ ត្រូវបានមតិខ្លះលើកឡើងថា មកពីខ្លាចឆ្លងមេរោគ EV-71 នេះ ប៉ុន្តែត្រូវបានមន្រ្តីជំនាញ ធ្វើការបដិសេធចោល ។

កាលពីពេលថ្មីៗនេះ ក្មេងៗនៅខេត្តបាត់ដំបងចំនួន៣នាក់ ត្រូវបាន គេរកឃើញថា បានឆ្លងមេរោគនេះ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យ ធ្វើការព្យាបាលទាន់ពេលវេលា ។

ដោយឡែក នៅក្នុងប្រទេសថៃឯណោះវិញ ក៏បានប្រកាស បិទទ្វារសាលា ផងដែរ ដោយខ្លាចឆ្លង មេរោគនេះដល់កូនសិស្ស ខណៈដែលកុមារជនជាតិថៃ បានស្លាប់ជាច្រើនរយនាក់ មកហើយនោះ ចាប់តំាងពីខែមិថុនា៕

ដោយៈ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]