ខេត្ត​​ព្រះ​សីហនុ៖ អាជីវ​ករ​​ម្នាក់​លក់​គ្រឿង​​អលង្ការ​​ប្លាទីន​​ នៅ​ផ្សារ​​លើ ក្រុង​​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​​៥និង​២០​នាទី​ល្ងាច​​ថ្ងៃទី​​១៧ កក្កដា ត្រូវ​ចោរ​មួយក្រុម​​មាន​គ្នា​​៣នាក់​​បាន​ភ្ជង់​​ដោយ​កាំភ្លើង​ខ្លី​ប្លន់​ យក​​គ្រឿង​អលង្ការ​​អស់​នៅ​ពេល​​ចេញ​ពី​​លក់​ដូរ​នៅ​ផ្សារ ធ្វើ​ដំណើរ​​មក​ដល់​មុខ​ផ្ទះ​​ស្ថិ​ត​​នៅ​ភូមិ​២ ​សង្កាត់​​លេខ​២ ក្រុង​ព្រះ​សីហនុ​ ។

ប៉ូលិស​និយាយ​ថា អំពើ​ប្លន់​​​នេះ​កើត​ឡើង​ពេល​​អាជីវ​ករ​​លក់​គ្រឿង​អលង្ការ​​​បើក​ទ្វារ​​ រថយន្ត​​បម្រុង​​ចូល​ផ្ទះ​​ក៏​ត្រូវ​ក្រុម​ចោរស្ទុះ​មក​​​​ភ្ជង់​ប្លន់​យក​​ គ្រឿង​​អលង្ការ​​ដែល​ដាក់​ក្នុង​ហឹប​ដែក​​រួច​នាំ​គ្នា​​ជិះ​ម៉ូតូ​គេ​ ចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។ ជនរង​គ្រោះ​​ក្នុងហេតុ​ការណ៍​​​ខាងលើឈ្មោះ អីុ​ រស្មី​ ភេទស្រី​ អាយុ​​២២ឆ្នាំ ។

ពត៌មាន​​នៅ​កន្លែង​កើត​ហេតុ​​បាន​បញ្ជាក់​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​​ម៉ាក​​ស៊ុយ​ហ្សុគី​ស្មាស់ ពណ៌​ខ្មៅ​ចំនួន​​២គ្រឿង​​(មិ​ន​ចាំ​ស្លាក​លេខ​)​ដែល​មួយ​គ្រឿង​​ចត​នៅ​ខាង​ មុខ​​ផ្ទះ ឯ​មួយ​គ្រឿង​​ផ្សេង​ទៀត​ចត​នៅ​​​ខាង​​ចំហៀង​​ផ្ទះ​ជន​រង​គ្រោះ​​ និង​មាន​​​មនុស្ស​​​៣នាក់​ម្នាក់​ៗ​អាយុ​​ប្រមាណ​​​ជាង​៣០​ឆ្នាំ ដើរ​រេរាចុះ​ឡើង​ ដូច​រង់​ចាំ​​អ្វី​មួយ​ ។​ ចំណែក​ស្ត្រី​រង​គ្រោះ​​​ពុំ​ចាប់​អារម្មណ៍​​ ថាពួក​នេះ​ជា​ចោរ​ប្លន់​ទេ​ ។ ខណៈ​បើក​រថយន្ត​​មក​ដល់​មុខ​ផ្ទះ​ក៏​បើក​ទ្វារ​​បម្រុង​​ដើរ​ចូល​ទៅ​ក្នុង​ ផ្ទះ​ក៏​ត្រូវក្រុម​ចោរ​​ប្លន់​​​ទាំង​៣នាក់​​​បាន​ស្ទុះ​មក​​ភ្ជង់​ដោយ​ កាំភ្លើង​ខ្លី​ចំនួន​២ដើម​មិន​ស្គាល់​​ម៉ាក​ឱ្យ​ម្ចាស់​រថយន្ត​បើក​គូទ​ រថយន្ត​​ប្រគល់​​ហិប​ដាក់​គ្រឿង​អលង្ការ​​​​ឱ្យ​ទៅ​ពួកគេ​​រួម​និង​ថង់​ខ្មៅ ​​ដែល​មាន​​​ដាក់​គ្រឿង​​អលង្ការ​មួយ​ចំនួន​ទៀត ។ ជន​រង​គ្រោះ​​ដោយសារ​​ភ័យ​ខ្លាច ម្យ៉ាង​ទៀត​​ទី​នោះ​ស្ងាត់​ផង​​​ក៏​ព្រម​ប្រគល់​​ដោយ​គ្មាន​​​តវ៉ា​អ្វី​ឡើយ ។ បន្ទាប់​ពី​​ពួកគេ​​ប្លន់​បាន​សម្រេច​​ភ្លាម​ក៏​នាំ​គ្នា​​ជិះម៉ូតូ​​ចេញ​ទៅ ​​ដោយ​សុវត្ថិភាព​​ ។ នៅ​ក្នុង​​ហេតុ​ការណ៍​ប្លន់​ប្រដាប់​អាវុធ​​ខាង​លើ​នេះ​ស្ងប់​ស្ងាត់​ល្អ​ ណាស់​មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​ដល់​អាជីវ​ករ​លក់​គ្រឿង​​អលង្ការ​នោះ ​ទេ ។

ជន​រងគ្រោះ​​​បានរៀប​រាប់​ឱ្យ​​ដឹង​ថា សម្ភារ​​ដែល​បាត់​បង់​​មាន​ខ្សែ.ក ខ្សែ​ដៃ ចិញ្ចៀន​ ក្រវិល (ប្លាទីន) សរុប​ប្រមាណ​​ជា​​៤០​តម្លឹង​ ។

ករណី​​ប្លន់​ខាង​លើ​​សមត្ថកិច្ច​​កំពុង​ស្វះស្វែង​​ ស្រាវជ្រា​វ​​រក​មុខ​សញ្ញា​​ជន​សង្ស័យ​​ហើយ ដែល​សង្ឃឹម​តិចណាស់​​ខាង​រក​ឃើញ​ ។ សមត្ថកិច្ច​សន្និ​ដ្ឋាន​ថា ករណី​ប្លន់​​​បែប​នេះ​មាន​ន័យ​ថា ​ក្រុម​ចោរ​​​បាន​ឃ្លាំ និង​តាម​ដានមើល​​ច្រើន​ថ្ងៃ​មក​ហើយ​ទើប​ធ្វើ​សកម្មភាព ​​មិន​មែន​​ជាអំពើ​ភ្ជង់​ប្លន់​​ដោយ​ចៃដន្យ​នោះ​ទេ។

តាម​​ព័ត៌មាន​​​ពី​ស្ត្រី​​អាជីវករ​​រង​គ្រោះនិយាយ​ថា នាង​បាន​រង​គ្រោះ​ដោយ​​​ចោរ​ប្លន់​​បែ​បនេះ​៣លើក​មក​ហើយ​​ គិត​ទាំង​លើក​នេះ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]