ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​ឈ្មោះ ​ទួន ពៅ ​អាយុ​៤៥​ឆ្នាំ ​បានត្រូវ​​ប៉ូលិស​​​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែត​​ទៅ​ហៅ​ដល់​លំនៅ​ឋានដើម្បី ​​សួរ​​​​នាំ​កាល​ពី​​វេ​លា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា នៅ​ភូមិ​ទួល​ប្រាសាទ​ សង្កាត់​​ប៉ោយ​ប៉ែត​ បន្ទាប់​ពី​ទទួល​ពាក្យ​​​បណ្តឹង​​ពី​ក្មេង​​ស្រី​​​អាយុ​១៣​ឆ្នាំ​ម្នាក់ ដែល​​ចោទ​ថា ​បុរសរូប​នេះ​​បាន​ប៉ុន​ប៉ង​​រំលោភ​​នាង​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ​កក្កដា  ។

តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​​បាន​បង្ហើប​ថា ​មុន​ការ​ហៅ​ជន​ជាប់​ចោទ​ខាង​លើ​ទៅ​សួរ​នាំ​​ ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង​​ពី​ក្មេងស្រី​ម្នាក់ អាយុ​១៣​ឆ្នាំ ដែល​បាន​ប្តឹង​​​ថា កាល​ពី​វេ​លា​ម៉ោង​​៩​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ កក្កដា ​បុរស​​​រូប​នេះ​បាន​ឡើង​លើ​ផ្ទះ​របស់​នាង​​ខណៈ​នាង​​និង​ប្អូន​តូចៗ​​ប្រុស ​ស្រី​៣​នាក់​ផ្សេង​​ទៀត​កំពុង​​ដេក ។ ​ក្រោយ​​ពី​ឡើងលើ​​​ផ្ទះ​របស់​នាង​ បុរស​រូប​នេះ​ក៏​បាន​ពន្លត់​ភ្លើង ហើយចូល​ដេក​ក្នុង​មុង​ជា​មួយ​នាង ។ ដំបូង​នាង​ស្មាន​តែ​បង​ប្រុស​​ លុះ​ដឹ​ង​ថា​​មិន​មែន​ ​ក៏​ធាក់​ឱ្យ​ចេញ តែ​ត្រូវ​បុរស​ខាង​លើ​​ឃាត់​ និង​ព្យាយាម​យក​ដៃ​ខ្ទប់​មាត់​​នាង​​កុំ​ឱ្យ​​ស្រែក​ តែ​នាង​​នៅ​តែ​រើ​បម្រះ​​បាន ។ ខណៈ​​ធ្វើ​ការ​រើ​បម្រះ​​នោះ ​​ក៏​មាន​​ការ​ភ្ញាក់​​ផ្អើល​ដល់​ប្អូន​តូច​ៗ​​កំពុង​ដេកស្រែក​យំ​ទ្រហឹង​​ ទើប​ជន​នោះ​រត់​បាត់​ស្រមោល​​ទៅ ។

តាមបុរស​ឈ្មោះ​ យឹម សុខុម អាយុ​៥៤​ឆ្នាំ ត្រូវ​​ជា​ឪពុក​ធំ​ក្មេង​ស្រី​​​ប្រាប់​ថា នៅ​វេ​លា​​ម៉ោង​ជាង​៩​​យប់នោះ​​ ក្មួយ​​គាត់​ទាំង​​៤​នាក់​បាន​នាំ​គ្នា​រត់​ពី​ផ្ទះ​របស់​គេ​​ទាំង​យំ​សោក​​ ហើយ​ក្មួយ​​ស្រី​​ញ័រ​ខ្លួន​ចំប្រប់​ដូច​កូន​សត្វ​​មក​ប្រាប់​គាត់​ថា ត្រូវ​ឈ្មោះ​ ពៅ ​ឡើង​លើ​ផ្ទះ​​ប៉ុន​ប៉ង​​ចាប់​រំលោភ តែ​នាង​រើ​បម្រះ​រួច ។ ​គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ​ក្មេង​ស្រី​ក៏​​ត្រូវ​បាន​ឪពុក​ធំ​​ឈ្មោះ យឹម​ សុខុម ជូន​​ទៅ​​ដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍​ប៉ូលិស ទើប​មាន​ការ​ហៅ​បុរស​​ខាង​លើ​មក​ធ្វើ​ការ​​សួរ​នាំ ។

ទោះ​ជា​បែប​នេះ​ក្តី ​បុរសត្រូវ​​​ចោទ​ បាន​បដិសេធ​យ៉ាង​ដាច់​អ​ហង្កា​​រ​ថា​ខ្លួន​មិន​ដឹង​អ្វី​សោះ ហើយ​និយាយ​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៥ កក្កដា ​ខ្លួន​ដេក​នៅ​ផ្ទះ​មិន​បាន​ចេញ​ទៅ​ណា​ទេ ។ ​ចំណែក​​ស្ត្រី​ឈ្មោះ ​​មាស ស៊ី​ថា ​អាយុ​៤៣​ឆ្នាំ ដែល​ជា​ប្រពន្ធ​​បុរសត្រូវ​​ចោទ និង​កូន​ស្រី​២​នាក់​​​​បាន​អះ​អាង​ដូច​គ្នា​ថា ប្តី និង​​ឪពុករបស់​ខ្លួន​​កាល​ពី​​យប់​ថ្ងៃ​ទី​១៥ កក្កដា នៅ​ដេក​លើ​ផ្ទះ​ពុំ​បាន​ចេញ​ទៅ​ណា​ទេ ​ប៉ុន្តែ​​​ប្រាប់​ថាកាល​ពី​ពេល​​​ថ្ងៃ​​​   បាន​ផឹក​ស៊ី​នៅ​ផ្ទះ​អ្នក​ជិត​ខាង​​តាំង​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​រហូត​ម៉ោង​៤ ​រសៀល​ទើប​ត្រឡប់​មក​ផ្ទះ​ វិញ និង​ផឹក​ស្រា​បន្ត​​អស់​កន្លះ​លីត្រ​​ទៀត​ ទើប​ឡើង​​ដេក​ ។

លោក គង់​ គួន នាយ​​​ប៉ុស្តិ៍​​ប៉ូលិស​​រដ្ឋ​បាល​សង្កាត់​ប៉ោយ​ប៉ែត​​បាន​ប្រាប់​កោះ​សន្តិ ​ភាព​ថា  ការ​ហៅ​បុរស​ខាង​លើ​​មក​សួរ​នាំ​គឺ​​យោង​តាម​​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី ​ ។ ​គួរ​បញ្ជាក់​ថា គ្រួ​សារ​ក្មេង​ស្រី​ខាង​លើ​មាន​បង​ប្អូន​​រហូត​ដល់​​៦​នាក់ ស្ថិត​ក្នុង​ជីវភាព​ក្រី​ក្រ​ជា​ទី​បំផុត​ មាន​ឪពុក​​ដែរ ប៉ុន្តែ​​ក៏​ដូច​ជា​គ្មាន​អុី​ចឹង ​ឪពុកគិត​​តែ​​ដើរ​​ផឹក​ស៊ី និង​លេង​ល្បែង​ចោល​ផ្ទះ​​១០​ទៅ​២០​ថ្ងៃ ទើប​ចូល​ផ្ទះ​ម្តង ​ចំណែក​ម្តាយ​ស្លាប់​ដោយ​ជំងឺ​​លើ​ស​​ឈាម​កាល​ពី​២​ឆ្នាំ​មុន ។

អ្នក​ស្រុក​គ្រប់​គ្នា​និយាយ​ថា  ក្មេងៗ​ទាំង​នេះ​បច្ចុប្បន្ន​រស់​បាន​អាស្រ័យ​​លើ​បាយ​វត្ត ដែល​ព្រះ​សង្ឃ​វត្ត​សុធម្មា​រាម​ ហៅ​វត្ត​ទួល​ប្រាសាទ ​តែង​តែ​ផ្តល់​ឱ្យ​ហូប  និង​ពេល​ខ្លះ​អ្នក​ស្រុក​ឱ្យ​បាយ​ ឬ​អង្ករ​ ។ ចំណែក​បង​ប្រុស​ទី​២ទៅប្រទេស​​ថៃ​បាត់​ស្រមោល​  ឯ​​បង​ប្រុង​ច្បង​​ឈ្មោះ ហឿន វ៉ាន់ហុង​ អាយុ​២២​ឆ្នាំ ​ដើរ​ធ្វើ​ការ​សំណង់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត២​ទៅ​៣​យប់​ទើប​យក​ប្រាក់​​មក ​ឱ្យ​ប្អូនៗ​ទិញ​ម្ហូប​អាហារ​​ហូបម្តង​ ។

យុវជន​ឈ្មោះ ហឿន វ៉ាន់​ហុង​ ជា​បង​​និយាយ​ថា នៅ​យប់​កើត​ហេតុ​​ខ្លួន​វិល​ពី​ធ្វើ​ការ​​នៅ​ម៉ោង​​ប្រហែល​១០​ តែ​ពេលមក​​ដល់​ផ្ទះ​មិន​ឃើញ​ប្អូនៗ​ក៏​ដើរ​ទៅ​ផ្ទះ​ឪពុក​ធំ​ឈ្មោះ យឹម សុខុម ​ទើប​​ដឹង​រឿង​​ថា មាន​គេ​ឡើង​​ផ្ទះ ។ អ្នក​ស្រុក​និយាយ​ថា ក្មេងៗ​ទាំង​នេះ​​បើ​គ្មាន​អ្នក​ជួយ​សង្គ្រោះ​ទេ អនាគត​ប្រាកដ​​ជា​យ៉ាប់​​ហើយ ព្រោះ​​បច្ចុប្បន្ន​​ពួក​គេ​​រស់​ដូច​កូន​សត្វ​គ្មាន​មេ​បា​​​វេទនា​​ជា​ទី​ បំផុត​ ពោល​​គឺ​គ្មាន​អ្នកមើល​ថែ ។ អ្នក​ស្រុក​ក៏​ដូចជា​​សាច់​ញាតិ​ សុំ​អំពាវ​នាវ​​ដល់​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​​ ក៏​ដូច​​ជា​សប្បុរស​ជន​​ក្នុងនិង​ក្រៅ​ប្រទេស សូម​​​មេត្តា​ជួយ​ក្មេងៗ​ទាំង​នេះ​ផង​ ៕

សមត្ថ​កិច្ច​កំពុង​សាក​សួរ​ក្មេង​ស្រី​រងគ្រោះ

សមត្ថ​កិច្ច​កំពុង​សាក​សួរ​ក្មេង​ស្រី​រងគ្រោះ

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ