ខេត្តបាត់ដំបង ៖ ក្រុមសន្តិសុខក្រុង​បាត់​ដំបងបានចេញល្បាតហាមប្រាមដល់ក្រុមយុវ​ជនយុវនារីដែលកំពុងឈ្លក់វង្វេងនឹង «ថ្ងៃបុណ្យ​សង្សារ ឬបុណ្យនៃសេចក្ដីស្រឡាញ់» ដែលមិន​មែន​ជាវប្បធម៌ និងប្រពៃណីខ្មែរ​មិនឲ្យដាក់​តាំង​ផ្កាលក់តាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់​ដំបង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ កុម្ភៈ  ក្រោយពីទទួលបានផែនការពី​លោក​អភិបាល​ក្រុងបាត់ដំបង។

សកម្មភាពនេះគេពិនិត្យឃើញក្រុមយុវជន​ យុវនារីបានតាំងលក់ផ្កាកូលាបចម្រុះពណ៌តិច​តួច​បំផុតនៅតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង នា​ព្រឹកថ្ងៃទី១៤ កុម្ភៈ។ ប៉ុន្តែគេសង្កេតឃើញ​ក្រុម​​យុវ​សិស្សទាំងប្រុសទាំងស្រីមិនព្រមចូល​សាលា បែរជា​​នាំគ្នាជិះម៉ូតូទាំងហ្វូងៗតាមដង​ផ្លូវ​យ៉ាង​ច្រាស់ច្រាលដែលខ្លះប្រមូលផ្ដុំគ្នានៅតាម​សួន​ច្បារ និងខ្លះទៀតនាំគ្នាចូលតាមបណ្ដា​អាហារ​​ដ្ឋានដែលមានក្យូសបិទជិត។

កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តក៏បានចេញ​ល្បាតតាមដងផ្លូវនានា ដើម្បីឃ្លាំមើល និងទប់​ស្កាត់រាល់បទល្មើសដែលអាចកើតឡើងពីសកម្ម​ភាពនេះ។ រីឯក្រុមសន្តិសុខក្រុងក៏បានចេញ​បង្រ្កាប​ក្រុមអ្នកលក់ផ្កាតាមចិញ្ចើមថ្នល់ដែរ។ ក្រុម​សន្តិសុខទាំងនោះនិយាយថា អាជ្ញាធរក្រុង​បាន​បញ្ជាឲ្យមានការរៀបចំសណ្ដាប់ធ្នាប់ក្នុង​ក្រុង​នៅថ្ងៃ «បុណ្យសង្សារ ឬបុណ្យនៃសេចក្ដី​ស្រឡាញ់» នេះ។ ពួកគេប្រាប់ថា អាជ្ញាធរ​មិន​អនុ​ញ្ញា​ត​ឲ្យក្រុមយុវវ័យទាំងនោះដាក់តាំងផ្កា​លក់ដូចឆ្នាំមុនៗនៅតាមដងផ្លូវនានាក្នុងក្រុង​ទៀត​ទេ។ ប៉ុន្តែបញ្ជាក់ថា ពួកគេអាចដាក់តាំង​ផ្កា​លក់បាននៅតាមផ្ទះ ឬនៅតាមទីផ្សារដែល​មាន​លក់ផ្កាចម្រុះ ឬអាចដាក់លក់បាននៅពេល​យប់ ព្រោះលក់ពេលថ្ងៃវានាំឲ្យប៉ះ​ពាល់​សណ្ដាប់​ធ្នាប់ ម្យ៉ាងទៀតទិវានេះមិនមែនជាទំនៀម​ទម្លាប់ ឬប្រពៃណីរបស់ខ្មែរនោះទេ ដូច្នេះ​អាជ្ញា​ធរត្រូវតែធ្វើការទប់ស្កាត់ ៕

ដោយប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]