ចិន៖ កុមារា ផ្ទុកមេរោគអេដស៍ អាយុ ៨ឆ្នាំម្នាក់ ឈ្មោះ Luo Kun Kun ត្រូវបានបណ្តេញចេញពីផ្ទះ បន្ទាប់ពីអ្នកភូមិ រួមទាំងជីតា របស់គេបាននាំគ្នា ចុះហត្ថលេខាលើ ញត្តិទាមទារឲ្យដេញរូបគេចេញ ដើម្បី ការពារសុវត្ថិភាព សុខភាពរបស់អ្នកភូមិ។

យ៉ាងណាមិញពេលនេះ មានសាលាឯកទេសមួយ នៅទីក្រុង Linfen ភាគខាងត្បូង ខេត្ត Shanxi បានជួយសង្គ្រោះជីវិតរបស់គេ។ សាលាខាងលើមានឈ្មោះថា The Red Ribbon School គឺជាសាលាតែមួយគត់ ក្នុងប្រទេសចិន ដែលទទួលមើលថែ និងផ្តល់ការអប់រំដល់ កុមារផ្ទុកមេរោគអេដស៍។


កុមារា Kun Kun ត្រូវអ្នកភូមិបណ្តេញចេញពីផ្ទះដោយសារតែ គេមានផ្ទុកមេរោគអេដស៍

កុមារា Kun Kun បានឆ្លង មេរោគអេដស៍ពី ម្តាយតាំងពី នៅក្នុងពោះមកម្ល៉េះ ។ ម្តាយ និងឪពុកចុង របស់គេ បានទៅធ្វើការនៅខេត្តផ្សេងទៀត ដូច្នេះគេត្រូវរស់នៅ ជាមួយជីតា ខាងឪពុកចុង។ Kun ត្រូវបានសាលា បដិសេធមិនឲ្យចូលរៀន ហើយអ្នកភូមិក៏រើសអើង មិនរាប់រកថែមទៀត ដូច្នេះជារៀងរាល់ថ្ងៃ កុមារា Kun ត្រូវចំណាយពេល រត់លេងតែម្នាក់ឯង។ នៅក្នុងការប្រជុំមួយ រវាងអ្នកភូមិ កាលពីចុងឆ្នាំមុន ប្រជាជន ២០៣នាក់ បាននាំគ្នា ចុះហត្ថលេខា លើញត្តិទាមទារឲ្យអាជ្ញាធរ យកកុមារា Kun Kun ចេញពីភូមិ ដើម្បីការពារសុខភាពអ្នកភូមិ ជាពិសេសគឺ ក្មេងៗ។

លោក Wang Yishu ដែលជាមេភូមិ បានឲ្យដឹងថា៖ “អ្នកភូមិមានការអាណិតអាសូរចំពោះ Kun ដោយសារគេ ជាក្មេងស្មោះត្រង់ និងគ្រាន់ជាក្មេងតូចមួយ ប៉ុន្តែជំងឺអេដស៍ វាគួរឲ្យខ្លាចណាស់សំរាប់ ពួកយើង” ។ ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ កុមារា Kun ត្រូវបានសម្លឹងឃើញ ឡើងវិញហើយ បន្ទាប់ពីត្រូវបាន សាលាមួយ ជួយឲ្យបានរៀន កាលពីសប្តាហ៍មុន។ លោក Guo Xiaoping ដែលជានាយកសាលានោះ បាននិយាយថា សង្គមល្អ និងបរិយាកាសនៃការអប់រំល្អ បូករួម ការជួយពីគ្រូបង្រៀន គឺមានសារ:សំខាន់ណាស់ សំរាប់ក្មេងប្រុសម្នាក់នេះ។

ករណីរបស់ កុមារ Luo Kun Kun ឆ្លុះបញ្ជាំងពីការរើសអើង ចំពោះអ្នកកើតជំងឺអេដស៍ ក្នុងប្រទេសចិន ហើយមានករណី ខ្លះទៀត សូម្បីតែគ្រូពេទ្យ ពេលខ្លះ ក៏បដិសេធមិនហ៊ានប៉ះពាល់អ្នកជំងឺ ដែរ។ តួលេខចុងក្រោយ ដែលផ្សាយដោយ គណៈកម្មាការ សុខាភិបាលជាតិ និងផែនការគ្រួសារ បានបង្ហាញថា ប្រទេសចិនមាន មនុស្សរកឃើញថាមាន ផ្ទុកមេរោគអេដស៍ប្រមាណ ៤៩៧,០០០ នាក់ ចាប់តាំងពី ករណីដែលរកឃើញដំបូង ក្នុងឆ្នាំ១៩៨៥ មក ហើយបច្ចុប្បន្ន មានប្រជាជនសរុប ១.៣៦ ពាន់លាននាក់៕


កុមារា Kun Kun អង្គុយតែម្នាក់ឯងដោយសារតែមនុស្សក្នុងភូមិរើសអើងរូបគេ


កុមារា Kun Kun បច្ចុប្បន្នកំពុងរៀននៅក្នុងសាលាអ្នកជំងឺអេដស៍មួយ


សកម្មភាពនៅក្នុងថ្នាករៀនរបស់គេ


កុមារា Kun Kun កំពុងរៀនភ្លេងជាមួយអ្នកគ្រូ


សកម្មភាព កុមារា Kun Kun ពេលលេងជាមួយមិត្តក្នុងសាលា

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]