ភ្នំពេញ ៖ និស្សិតរៀន នៅសាកលវិទ្យាល័យ ន័រតុន ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ  ម្នាក់ បានរងរបួសបែកក្បាល ដេរអស់ ១២ថ្នេរ ដោយសារតែសន្ដិសុខ ដែលយាមនៅក្នុងសាកលវិទ្យាល័យខាង លើ គប់នឹងដុំថ្ម កាលពីវេលាម៉ោង ៣ទៀបភ្លឺ  ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ។

និស្សិតរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពិន សែនប្រសិទ្ធិ រៀនឆ្នាំទី៥ ផ្នែកគូសប្លង់។ ចំណែកសន្ដិសុខជាអ្នកបង្ក ហេតុ មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ។

និស្សិតរងគ្រោះ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលរបួស នៅ មន្ទីរពេទ្យព្រះកេតុមាលា នោះ បានរៀបរាប់ប្រាប់ដើមអម្ពិល នៅរសៀលថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ដោយសារតែខ្លួនរៀនដល់ឆ្នាំទី៥ ផ្នែក ខាងគូសប្លង់នោះ គឺខាងសាលាបានអនុញ្ញាត ឱ្យក្រុមខ្លួន ស្នាក់នៅក្នុងសាកលវិទ្យាល័យ ដើម្បីសរសេរសារណា ដោយពួកខ្លួន ដែលមានគ្នាជាក្រុមនោះ ពេលយប់ភាគច្រើន គឺរៀនស្ទើរទល់ភ្លឺ ហើយរាល់ពេលយប់ក្រោយរៀន ចប់ តែងតែចេញក្រៅសាលា ដើម្បីរកទិញចំណីហូប។

លុះនៅយប់កើតហេតុ ពេលដែលខ្លួនវិលចូលសាលាវិញ ហៅសន្ដិសុខឱ្យបើកទ្វារ  តែសន្ដិសុខមិនព្រមបើក ពួកខ្លួនក៏នាំគ្នាដើរទៅជ្រុងខាងលិច ដើម្បីផ្លោះរបងចូល ស្រាប់ តែសន្ដិសុខយកដុំថ្មគប់ បណ្ដាលឱ្យចំក្បាលបែកតែម្ដង ហើយសន្ដិសុខនោះក៏គេចខ្លួនបាត់ទៅ បន្ទាប់ពីដឹងថាមាន អ្នកត្រូវរបួស។

ពាក់ព័ន្ធករណីនេះ ដើមអម្ពិលមិនអាចទាក់ទងខាងសាកលវិទ្យាល័យ ន័រតុន ដើម្បីសុំការបំភ្លឺបានឡើយ ។ ប៉ុន្ដែសន្ដិសុខម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា មូលហេតុដែលសន្ដិសុខគប់ ព្រោះស្មានតែចោរចូលលួច ព្រោះកន្លងទៅ នៅចំណុចដែលក្រុមនិស្សិត ផ្លោះរបងចូលនោះ គឺជាទីតាំងដាក់ម៉ាស៊ីន ភ្លើង ហើយឧស្សាហ៍ក្រុមចោរ ផ្លោះរបងចូលលួចប្រេង និងលួចកង់ជាដើម ទើបសន្ដិសុខស្មានតែចោរ ក៏គប់ បង្អើលតែម្ដងទៅពេលឃើញ មនុស្សផ្លោះរបងចូល៕

www.dap-
news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]