ភ្នំពេញៈ បុរសម្នាក់ ដែលមានរូបរាងស្រស់ស្អាត តែបែរជាមានចរិតអន់ យកឈ្មោះចៅសង្កាត់ ដើរឆបោក លុយកាក់អ្នកដទៃ តាមរយៈដើររៃអង្គាសលុយបុណ្យ អស់ជាច្រើនដងមកហើយនោះ ដល់ពេលអស់ លក្ខណ៍ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ឃាត់ខ្លួនបាននាវេលាម៉ោង ១ និង១៥នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវម៉ៅសេទុង។

មន្រ្តីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១មួយរូប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជន កំហូច លី រិទ្ធិ អាយុ ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ មានស្រុក កំណើត នៅភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ធ្លាប់បានដើរយកឈ្មោះចៅសង្កាត់ទួលស្វាយព្រៃទី១ ទៅបោកប្រាស់ លុយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ តាមរយៈរៃអង្គាសលុយបុណ្យជាច្រើនលើកមកហើយ។

មន្រ្តីនគរបាលរូបនេះ បន្តថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ កម្លាំង សង្កាត់បានកំណត់មុខសញ្ញា និងតាមដានរហូតចាប់ខ្លួនបាននៅរសៀលថ្ងៃអាទិត្យ នៅតាមបណ្តោយ ផ្លូវម៉ៅសេទុងតែម្តង។

បុរសកំហូច លី រិទ្ធី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគាត់ជាអតីតជាគ្រូបង្រៀនភាសាអង់គ្លេស នៅតាមសាលាញូវតុនធីឡាយ និងសាលាភាសាអង់គ្លេសក្រុងញូវយ៉ក ទទួលបានប្រាក់កម្រៃគួរសមដែរ តែក្រោយមកពេលដែលរូបគាត់មានជំងឺបេះដូងរីក ទើបមិនអាចបង្រៀនតទៅទៀតបាន ហើយគ្មានលុយ សម្រាប់ចិញ្ចឹមជីវិត ទើបសម្រេចចិត្តដើរបោកប្រាស់គេនេះ អស់រយៈពេលជាច្រើនខែមកហើយ ។

បុរសកំហូចរូបនេះ ក៏បានសារភាពទៀតថា រូបគាត់ធ្លាប់បានយកឈ្មោះចៅសង្កាត់ ដើរបោកប្រាក់លុយ របស់គេ តាមរយៈរៃអង្គាសលុយបុណ្យនេះ ពេលខ្លួះបាន១ម៉ឺន-២ម៉ឺន និងពេលខ្លះទៀត បាន ៥ម៉ឺនរៀល ប៉ុណ្ណោះ។

ជនឆបោករាងសង្ហាល្បិចខ្ពស់មិនខ្លាចសំណាញ់ច្បាប់នេះ បានបន្តឲ្យដឹងថា រូបគាត់ធ្លាប់បានដើរឆបោក នៅសង្កាត់ទួលស្វាយព្រៃទី១ បាន៤ដង នៅសង្កាត់បឹងកេងកង ចំនួន៣ដង នៅស្តាត់ចាស់ចំនួន ៣ដង នៅផ្សារអូរឬស្សីចំនួន ២ដង នៅម្តុំវត្តព្រះពុទ្ធ ចំនួន ២ដង នៅផ្សារសុវណ្ណាចំនួន ២ដង និងនៅកន្លែង ផ្សេងៗជាច្រើនដងទៀត។

លោកមេប៉ុស្តិ៍សង្កាត់ទួលស្វាយព្រៃទី១ ពៅ ពីដោរ បានឲ្យដឹងតាមទូរស័ព្ទថា ក្រោយពេលឃាត់ខ្លួន ដោយសារតែបុរសរូបនេះ មានស្ថានទម្ងន់ទោសបន្តិចបន្តួច ដូច្នេះកម្លាំងសមត្ថកិច្ចរបស់លោកគ្រាន់តែ ធ្វើការអប់រំ និងឲ្យធ្វើកិចសន្យាមិនត្រូវប្រព្រឹត្តិបែបនេះទៀត ហើយក៏ដោះលែងឲ្យមានសេរីភាពវិញ។

ទោះបីជាមានកិច្ចសន្យាយ៉ាងណាក្តី លោក លី ពូ ចៅសង្កាត់ទួលស្វាយព្រៃទី១ ដែលជាជនរងគ្រោះ ដោយបុរសរូបនេះ យកឈ្មោះដើរបោកប្រាស់លុយគេនោះ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំង អស់ត្រូវប្រុងប្រយ័ត្នខ្លាចមានករណីឆបោកតាមរយៈរូបភាព រៃអង្គាសលុយបុណ្យបែបនេះតទៅទៀត៕

Photo by DAP-NEWS

ដោយៈ វ៉ាន់ សារាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]