ភ្នំពេញ៖ អគ្គលេខាធិការ ប្រយុទ្ធប្រឆាំង ជំងឺអេដស៍ បានព្រួយបារម្ភជាខ្លាំង ចំពោះក្រុមយុវវ័យដែលពុំចាប់ អារម្មណ៍ទៅលើការប្រើប្រាស់ស្រោមអនាម័យ ខណៈ ដែលពួកគេរួមភេទ ជាពិសេសក្រុមដែលមានដៃគូខាងក្រៅ។ ដូចជាគូសង្សាជាដើម ហើយនេះជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ និងរកវិធានការបន្ថែមទៀត តែចំពោះការប្រើប្រាស់ស្រោមអនាម័យ ពីសំណាក់ប្រជាពលរដ្ឋទូទៅគឺមានការកើនឡើង។

អគ្គលេខាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក តែង គន្ធី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ តាមការប៉ាន់ប្រមាណអត្រាអ្នកកើត និងអ្នកឆ្លងជំងឺអេដស៍មានការធ្លាក់ចុះជាបន្តបន្ទាប់។ដោយឡែក «ការប្រើប្រាស់ ស្រោមអនាម័យពីសំណាក់ក្រុមយុវវ័យ ដែលមានដៃគូស្នេហានាពេលបច្ចុប្បន្ននេះវិញ មានការធ្លាក់ចុះជាខ្លាំង តែការប្រើប្រាស់ស្រោមអនាម័យ ពីសំណាក់ ប្រជាពលរដ្ឋទូទៅគឺមានការកើនឡើង»។ ដែលនេះជាបញ្ហាមួយដែលយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាខ្លាំងក្នុងការរកវិធីសាស្រ្ត

ធ្វើយ៉ាងណាឲ្យក្រុមយុវវ័យ ទាំងអស់មានការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទជាមួយដៃគូស្នេហារបស់ខ្លួន។
លោកបន្តថា បុរស គឺជាប្រភពនៃការចម្លងមេរោគអេដស៍ ដូច្នោះបុរសត្រូវមានការយល់ដឹងខ្ពស់ និងមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវប្រើប្រាស់ ស្រោមអនាម័យគ្រប់ពេលវេលាដែលរួមភេទជាមួយដៃគូខាងក្រៅ ព្រោះការប្រើប្រាស់ស្រោមអនាម័យនេះ គឺជាមធ្យោបាយសំខាន់បំផុត ដែលធ្វើឲ្យប្រជាជនកម្ពុជា ជៀសផុតពីការឆ្លងមេរោគអេដស៍ បើទោះបីជាមានការទុកចិត្តគ្នារវាងដៃគូស្នេហាក៏ដោយ។
នៅក្នុងប្រទេសកម្ពុជា មួយឆ្នាំស្រោមអនាម័យត្រូវបានគេលក់ និងចែកចាយជាង ២០លានស្រោម៕

Photo by DAP-NEWS

ដោយៈសេង ផល្លាភ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]