រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោកអ៊ឺង ប៊ុនលាភ ដាក់ពាក្យបណ្តឹងដើម្បីការពារនិងហាមឃាត់ភរិយាមិនឱ្យ រំខានខ្លួននោះ អ្នកស្រីម៉ុក ភក្តី បានអះអាងថា «ប្រសិនបើលោកអ៊ឺង ប៊ុនលាភ ពិតជាបានធ្វើដោយចិត្តខ្លួនឯងនោះ វាហាក់ដូចជាពុះទ្រូងឱ្យក្អែកស៊ី» ។
បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាង៦ ឆ្នាំមកនោះ អ្នកស្រីម៉ុក ភក្តី ភរិយាលោកអ៊ឺង ប៊ុនលាភ នៅតែមិនជឿថា ស្វាមីអ្នកស្រីធ្វើរឿងដូច្នេះចំពោះអ្នកស្រីឡើយ ព្រោះមុនពេល លោកអឹុង ប៊ុនលាភ បាត់ខ្លួននោះ គឺមិនមានទំនាស់អ្វីជាមួយអ្នកស្រីឡើយ ហើយអ្នកស្រីមិនដែលបានទូរស័ព្ទទៅគំរាមលោកអឹុង ប៊ុនលាភ ម្តងណាទេ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ស្វាមី ។
អ្នកស្រីម៉ុក ភក្តី បញ្ជាក់ថា «ប្រសិនបើស្វាមីរបស់ខ្ញុំពិតជាបានដាក់ពាក្យប្តឹងលែង លះដោយចិត្តឯងមែននោះ គឺគាត់កំពុងតែពុះទ្រូងឱ្យក្អែកស៊ីហើយ ព្រោះទង្វើដែលគាត់ធ្វើនេះកំពុងតែបំបាក់កិត្តិយស និងមុខមាត់របស់គាត់ ហើយគាត់មិនយល់នូវទង្វើដែលគេកំពុងធ្វើដើម្បីបំបាក់មុខ គាត់ឡើយ ។
ប្រសិនបើគាត់ពិតជាចង់លែងលះមែននោះ សូមឱ្យគាត់ចេញមុខមកតទល់ជាមួយគ្នាតាមផ្លូវច្បាប់ ឬក៏ក្រៅច្បាប់ក៏បាន» ។ ទោះជាយ៉ាងណាក្តី អ្នកស្រីជឿថា ស្វាមីរបស់អ្នកស្រីមិនបានធ្វើរឿងនេះដោយផ្ទាល់ឡើយ គឺមានជនទី៣ជាអ្នកចេញមុខជំនួស ពោលគឺលោកស្ថិតក្នុងគំនាបរបស់គេ ។
ទាក់ទងនឹងដីកាសម្រេចការពាររបស់តុលាការ មិនឱ្យអ្នកស្រីម៉ុក ភក្តី រំខានជីវិតប្តីរបស់ខ្លួននោះ អ្នកស្រីបានសម្តែងការហួសចិត្ត និងមិនយល់ថាហេតុអ្វីបានជាតុលាការសម្រេចយ៉ាងដូច្នេះ ទាំងរូបអ្នកស្រីមិនបានដឹងរឿងនេះផងនោះ ។ អ្នកស្រីបញ្ជាក់ថា «គាត់(អឹុង ប៊ុនលាភ) ប្តឹងពីប្រពន្ធកុំឱ្យមករំខាន តើខ្ញុំរំខានគាត់ត្រង់ណា? គាត់ប្តឹងប្រពន្ធទាំងមិនដឹងពីប្រពន្ធច្បាស់លាស់ផងហ្នឹង ! ហេតុអ្វីច្បាប់សម្រេចបែបនេះ? ខ្ញុំមិនយល់! ប្រពន្ធបាត់ប្តីជិត១ខែដោយគ្មានដំណឹង និងមូលហេតុ ហើយខំប្រកាសស្វែងរកប្តី ស្រាប់តែប្តីចេញមុខមកប្តឹងមិនឱ្យប្រពន្ធរំខានទៅវិញ» ។
អ្នកស្រី ម៉ុក ភក្តី នៅមិនទាន់ឆ្លើយតបណាមួយចំពោះដីកាសម្រេចការពាររបស់តុលាការ ឡើយ ព្រោះអ្នកស្រីត្រូវរង់ចាំការចេញមុខដោយផ្ទាល់ពីលោកអឹុង ប៊ុនលាភ ថា ពិតជាបានដាក់ពាក្យបណ្តឹងសុំលែងលះដោយផ្ទាល់ មែន ឬយ៉ាងណា? តែអ្នកស្រីនៅតែមានគំនិតសុទិដ្ឋិនិយមថា ស្វាមីរបស់អ្នកស្រីមិនអាចធ្វើរឿងនេះឡើយ ព្រោះបើតាមការស៊ើបសួរពីមិត្តភក្តិរបស់លោកអឹុង ប៊ុនលាភ នោះគឺគេបានបញ្ជាក់ថា លោកមិនបានធ្វើរឿងនេះឡើយ គឺមានអ្នកទី៣ជាអ្នកធ្វើ ។
ខណៈពេលរឿងរ៉ាវនេះកាន់តែមានសភាពធ្ងន់ ឡើង អ្នកស្រី ម៉ុក ភក្តី បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថានទូតអាមេរិក ក្នុងនាមអ្នកស្រីជាជនជាតិអាមេរិកម្នាក់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះវាអាចឈានដល់គ្រោះថ្នាក់ចំពោះអាយុជីវិត ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]