បាល់ទាត់៖ នាវេលាម៉ោង ៦ នឹង ៤៥ នាទី ល្ងាចនេះ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី នឹងបើកទ្វារកីឡាដ្ឋាន Stadium Shah Alam ដើម្បីស្វាគមន៍ ក្រុមជម្រើសជាតិ កម្ពុជា នាការប្រកួត លក្ខណៈមិត្តភាព កម្តៅសាច់ដុំ នៅមុនពេលប្រកួតជម្រុះ ពានរង្វាន់ Suzuki Cup នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១២ ខែតុលា តទៅខាងមុខនេះ។

ជំនួយការគ្រូបង្វឹក ជម្រើសជាតិកម្ពុជា លោក មាស ចាន់ថា បានថ្លែងសុន្ទរកថា នៅមុនពេលប្រកួតថា៖ "នេះជាការប្រកួត ដកស្រង់បទពិសោធន៍ នៅមុនពេល ក្រុមរបស់ខ្ញុំ ទៅប្រកួតជម្រុះ ពានរង្វាន់ Suzuki Cup។ ក្នុងការប្រកួតនេះ គឺមិនបញ្ចូល កីឡាករក្នុងឈុតធំ ទាំងអស់នោះទេ ពោលគឺខ្ញុំនឹងដាក់ កីឡាករឯទៀត ឲ្យចូលលេង ដើម្បីសាកល្បងសមត្ថភាព។"

នៅពេលដែលត្រូវសាកសួរថា តើក្រុមជម្រើសជាតិកម្ពុជា អាចឆ្លងផុតវគ្គជម្រុះ ដើម្បីទៅលេងពានរង្វាន់ Suzuki CUP រឺក៏អត់នោះ លោក ចាន់ថា បានសង្កត់ធ្ងន់ថា ទម្រង់លេង របស់កូនក្រុមលោក បានរីកចម្រើនជាខ្លាំង ដោយសារតែកីឡាករទាំងអស់ ខិតខំក្នុងការហ្វឹកហាត់ ពោលគឺមិនឲ្យកម្ពុជា បញ្ចប់វគ្គជម្រុះ ពានរង្វាន់ Suzuki CUP នៅបាតតារាង ដូចពីរឆ្នាំមុនទៀតទេ។

ងាកទៅក្រុមជម្រើសជាតិ ម៉ាឡេស៊ីវិញ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ២ទល់នឹង០ រួចមក គ្រូបង្វឹក លោក Dollah Salleh នឹងដាក់ជម្រើស ១១ នាក់ដំបូង ថ្មីទាំងស្រុង ដោយសម្លឹងឃើញជ័យជម្នះ ជាដាច់ខាត ពេលប៉ះជាមួយនឹងកម្ពុជា នាល្ងាចនេះ។

លោក Dollah Selleh ក៏បានទទួលស្គាល់ ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ជាក្រុមមួយ ដែលពិបាក នឹងយកឈ្នះ ប៉ុន្តែយោងតាម ការហ្វឹកហាត់ និងគុណភាពកីឡាករ លោកយល់ថា ម៉ាឡេស៊ី គឺមានភាគរយខ្ពស់ ក្នុងការឈ្នះ កម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបទាំងពីរដង រវាងក្រុមទាំងពីរ គឺក្រុមម៉ាឡេស៊ី ឈ្នះទាំងពីរលើក ពោលគឺ ២ទល់នឹង១ និង ៦ទល់នឹង០ សុទ្ធតែនៅដី របស់ម៉ាឡេស៊ី។


                          ក្រុមជម្រើសជាតិ ម៉ាឡេស៊ី រូបភាពពី Google

ប្រភព៖ Goal

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]