ភ្នំពេញ៖ អតីតតារាសម្តែង ថ្ពាល់ខួច កញ្ញា ស៊ិន រតនា មួយរយៈចុងក្រោយនេះ នាងហាក់មាន ភាពស្ងប់ស្ងាត់ខ្លាំង ក្នុងការចេញមុខ សម្តែងតាម ខ្សែភាពយន្ត ទាំងខ្នាតតូច និង ធំរបស់ ផលិតកម្មក្នុងស្រុក។ ប៉ុន្តែបើក្រឡេក ទៅមើលពីអាជីពថ្មី មួយទៀត គឺការបង្កើត ក្រុមបង្ហាញម៉ូដ ដែលមាននាង ធ្វើជាប្រធាននោះ ហាក់កំពុងជោគជ័យ លើទីផ្សារ ទាំងក្នុង និងក្រៅស្រុក គួរឲ្យកត់សម្គាល់។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នេះ កញ្ញា ស៊ិន រតនា បាននិយាយថា សម្រាប់ការសម្តែង អត់សូវមានទេ ព្រោះនាងបានផ្អាក ទទួលការសម្តែង នេះអស់ជាច្រើន ខែណាស់ មកហើយ។ ម្យ៉ាងពេលនេះនាង ក៏បានបង្កើតក្រុមម៉ូឌែល ផ្ទាល់ខ្លួន មានសមាជិក ប្រមាណ៣០នាក់ ដើម្បីចេញវាយលុក លើទីផ្សាដើរម៉ូដ ពេលបច្ចុប្បន្ន។

តារាសម្តែង និង ម៉ូឌែលថ្ពាល់ខួច ច្រមុះស្រួច ស៊ិន រតនា បានបន្តថា "ខ្ញុំបានផ្អាកសម្តែង មួយរយៈមកហើយ តែពេលនេះ ខ្ញុំក៏មានក្រុម ដើរម៉ូដ ផ្ទាល់ខ្លួន។ ខ្ញុំបានបង្កើត ក្រុមម៉ូឌែលជិត មួយឆ្នាំមកហើយ ប៉ុន្តែមិនទាន់មាន ឈ្មោះនៅឡើយទេ ព្រោះរកទីតាំងមិនទាន់ បានទើបមិន ទាន់ដាក់ឈ្មោះ ..!"។

កញ្ញា ស៊ិន រតនា បានបញ្ជាក់ថា ចំពោះក្រុមដើរ ម៉ូដរបស់នាង ដែលបានបង្កើតនោះ គឺមានសមាជិក ស្រីៗចំនួន ៣០នាក់ ហើយក៏កំពុង រកចំណូល បានច្រើនជាង ការថតរឿងដែរ។ បច្ចុប្បន្នក្រុមរបស់នាង កំពុងមានការ មមាញឹកខ្លាំង ក្នុងការចេញ ដើរបង្ហាញម៉ូដ តាមបណ្តាកម្មវិធី មួយចំនួន ទាំងនៅក្នុងក្រុងភ្នំពេញ និង ចេញទៅក្រៅក្រុង។

តារាសម្តែងសម្តីផ្អែម ស៊ិន រតនា បានបន្ថែមថា ក្នុងចំណោមក្រុម ដើរម៉ូដរបស់នាង ដែលមានគ្នា៣០ នាក់នោះ គឺមាននាងជាប្រធាន ក្រុមដោយផ្ទាល់។ រាល់ថ្ងៃនេះ កំពុងរកទីតាំង ដើម្បីបង្កើតការិយាល័យ រួចហើយដាក់ឈ្មោះ ក្រុមម៉ូឌែលឲ្យ បានជាក់លាក់ ងាយស្រួល ទស្សនិកជនស្គាល់៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]