ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បានកើតខ្សល់.គ ពេលក្រុមគ្រួសារ ដឹកបញ្ជូន ទៅព្យាបាល នៅមន្ទីរបង្អែក ស្រុកថ្មពួក បានស្លាប់តាមផ្លូវ ។ ហេតុកការណ៍នេះ បានកើតឡើង នៅម៉ោង៧យប់ ថ្ងៃទី០១ សីហា ២០១៤ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ មិន គឹមសាន អាយុ២៣ឆ្នាំ នៅភូមិកើតហេតុ ខាងលើ ។ បើតាមសម្តី ពីម្តាយរបស់នាង បាននិយាយថា កូនស្រីរបស់គាត់ ពេលវិលត្រឡប់ មកពីស៊ីឈ្នួល ជំរះស្មៅដំឡូង ឱ្យគេវិញ នាងបានទិញ ទឹកដោះគោ (ឡឹកតាសយ) ផឹកអស់១ដប រួចបានទៅ រែកទឹកអណ្តូង នៅក្បែរផ្ទះ មកចាក់ពាង ទើបតែបាន ១អំរែក នាងបានស្រែកថា ដូចជាមាន អាការវិលមុខ និងតឹងដើមទ្រូង ក្រោយមកក៏សន្លប់ លែងដឹងខ្លួន គាត់ និងបងប្អូន បានដឹកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ថ្មពួកភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ តែគួរឲ្យអនិច្ចា ដឹកមិនទាន់ ដល់ពេទ្យផង នាងបានដាច់ខ្យល់ ស្លាប់តាមផ្លូវ។

សមត្ថកិច្ចបាន បញ្ជាក់ដែរថា នារីរងគ្រោះ មិនមែនប៉ះពាល់ ការផឹកទឹកដោះគោ នោះទេ តែវាអាចបណ្តាល មកពីនាង មានការ ហត់នឿយខ្លាំង ពេលផឹក ទឹកដោះគោនោះ វាកើតជាខ្យល់.គ បណ្តាលឲ្យវិលមុខ ឬស្ទះផ្លូវដង្ហើម ចុកណែន ដើមទ្រូង ។ បច្ចុប្បន្ន សពរបស់នាង ត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]