ភ្នំពេញ ៖ ព្រឹត្តិការណ៍ដែលមិននឹកស្មានមួយ ដែលបង្កឡើងដោយជនជាតិចិន ២នាក់ បើករថយន្តកាមរីបាឡែន ក្នុងយ៉ាងលឿន បុករថយន្តលុច្សស៊ីសពេញទំហឹង កាលពីវេលាម៉ោង ១និង៥០នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ត្រង់ចំណុចផ្លូវលេខ៦៣ កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបណ្តាលឲ្យរថយន្តទាំងពីរ ត្រូវរួញមុខខូចខាតស្ទើរទាំងស្រុង ទាំងពីរគ្រឿង។

យោងតាមប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ ខណ្ឌចំការមន ដែលបានចុះទៅដល់កន្លែងកើតហេតុនោះ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-9185 បើកបរដោយ ជនជាតិចិនពីរនាក់ស្រីម្នាក់ និងប្រុសម្នាក់។ ចំណែករថយន្តរងគ្រោះម៉ាកលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-1460 បើកបរដោយជនជាតិខ្មែរចំនួន៣នាក់ សុទ្ធតែស្រវឹងស្រាជោកខ្លួន។

បើតាមសាក្សីដែល បានឃើញហេតុការណ៍នេះ បានបន្តថាមុនពេលកើតហេតុ គេបានឃើញរថយន្តលុច្សស៊ីស ជិះគ្នាបីនាក់ដោយបានបើកបរ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ៦៣ និងបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវកែងមហាវិថីម៉ៅសេទុង ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ដែលបើកបរ ដោយជនជាតិចិនចំនួនពីរនាក់ បានបោះពួយរថយន្តួយ៉ាងលឿនហួសការកំណត់ ក៏បានវ៉ាក់ជាមួយ រថយន្តលុច្សស៊ីស ដែលកំពុងបោះពួយលឿនដូចគ្នា នោះ ក៏បានបណ្តាលឲ្យរថយន្តកាមរីបាឡែន បុកចំពាក់កណ្តាលពេញទំហឹងលាន់លឺសូរដូចរន្ទះ ធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ នាំគ្នាមករោមមើល និងបណ្តាលឲ្យរថយន្តលុច្សស៊ីស ជ្រុលចង្កូតទៅបុកបង្គោលភ្លើងមួយទំហឹងទៀត ទើបជាប់កល់ទៅមុខលែងរួច។

ហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ តែរថយន្តទាំងពីរគ្រឿងត្រូវរួញខ្ទេច ពីមុខម៉ត់តែម្តងមើលស្ទើរមិនយល់។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុអាជ្ញាធរមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងនគរបាលជំនាញផ្នែកចរាចរ ខណ្ឌចំការមនចុះមកធ្វើការវាស់វែង។ ដោយឃើញស្ថានភាពរថយន្តទាំងពីរ ខូចខាតធ្ងន់ធ្ងរពេកនោះ នគរបាលចរាចរខណ្ឌចំការមន បានសហការជាប៉ូលិសក្រុង ធ្វើការវាស់វែងអូសយក រថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ 

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]