ចិន៖ ដោយសារតែ រូបមន្ត និងរសជាតិដ៏ពិសេស របស់ទាខ្វៃប៉េកាំង ទើបធ្វើឲ្យប្រទេសនេះ មានភាពល្បីល្បាញ ខាងខ្វៃទា ដែលគឺទទួលស្គាល់ ស្ទើរតែគ្រប់ទីកន្លែង ដូចនេះគេក៏បាន បង្កើតនូវ សារមន្ទីរទាខ្វៃមួយ ដើម្បីបង្ហាញពី ភាពល្បីល្បាញ និងរសជាតិ តែមួយគ្មាន២ របស់ទាខ្វៃ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងទាខ្វៃដើម ដែលល្បីជាងគេ នៅក្នុងទីក្រុងប៉េងកាំង មានឈ្មោះថា Quanjude មានទីតាំងស្ថិតនៅ ទីក្រុងប៉េកាំង ដែល កាលពីពេលថ្មីៗនេះ ក៏មានការ បើកសារមន្ទីរទាខ្វៃមួយ ដើម្បីអបអរខួប១៥០ឆ្នាំ នៃការបង្កើតភោជនីយដ្ឋាន មួយនេះឡើង។ ភោជនីយដ្ឋានទាខ្វៃ Quanjude ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៨៦៤ ដែលមកដល់ពេលនេះ បានពង្រីកសាខា ជាច្រើនដែលមាន ប្រហែលជា ១០០សាខា នៅទូទាំងពិភពលោក ដែលមានការគាំទ្រ ទាំងគុណភាព និងរសជាតិ។

ជាមួយគ្នានេះដែរ សារមន្ទីរទាខ្វៃ ដែលគេបង្កើតឡើង ដោយធ្វើរូបតាម ដំណាក់កាល ក្នុងការធ្វើទាខ្វៃ ដែលមានរូបភាព និងឧបករណ៍ រហូតដល់ទៅជាង ៥០០ប្រភេទ ដែលនៅក្នុងនោះ គេបានបង្ហាញ រូបភាពទៅតាម សាច់រឿងនិមួយៗ ដែលកើតមានឡើង ចំពោះទាខ្វៃ កាលពីពេលកន្លងមកដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ភោជនីយដ្ឋាន កាលពីសម័យ សាធារណៈរដ្ឋចិន និងមានរូបភាព អតីតមេដឹកនាំចិន ជាច្រើនរូបដែល ធ្លាប់បានទទួលទាន សាច់ទាខ្វៃនៅក្នុង ភោជនីយដ្ឋានមួយនេះ ដែលមានលោកម៉ៅសេទុង ជូអេនឡាយ រួមទាំងប្រធានាធិបតី អាមេរិក លោក Richard Nixon ផងដែរ។

យ៉ាងណាមិញ ការបង្កើតនូវ សារមន្ទីរទាខ្វៃ មួយនេះឡើង គឺកាន់តែធ្វើឲ្យ អាជីវកម្មទាខ្វៃ របស់ភោជនីយដ្ឋាន Quanjude កាន់តែមានដំណើរការល្អ និងមានភាពល្បីល្បាញ ជាងមុនទៅទៀត ដោយសារតែមានមនុស្ស រាប់ពាន់នាក់ បានទៅទស្សនា សារមន្ទីរទាខ្វៃនេះ ទើបធ្វើឲ្យភ្ញៀវទេសចរ ស្គាល់ភោជនីយដ្ឋាន មួយនេះ កាន់តែច្រើនឡើង៕




ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]