រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីប៉ូលិសអន្តោប្រវេសន៍ម្នាក់ បានបើករថយន្តកាមរីបាឡែន ក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុករះម៉ូតូចំនួន០៤គ្រឿង បណ្តាលឱ្យរបួសធ្ងន់០៣នាក់ និងស្រាល០៤នាក់ ។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៩ ឧសភា ២០១៤ នៅចំណុចក្បែរសណ្ឋាគារ តាយម៉េង តាមផ្លូវព្រះនរោត្ថម កែងផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីបាឡែន ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2V-1733 បើកបរដោយបុរសម្នាក់ យ៉ាងលឿនតាមផ្លូវ ព្រះនរោត្ថម ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចផ្លូវកែង (ព្រះនរោត្តម កែងផ្លូវលេខ៤១) ជិតសណ្ឋាគារតាយម៉េង ក៏បានទៅបុកម៉ូតូម៉ាក Finoពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1W-1548  ជិះគ្នាពីរនាក់ កំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យអ្នកជិះ ម៉ូតូ Fino រងរបួសធ្ងន់ទាំងពីរអ្នក បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ចំណែកម៉ូតូរងការខូចខាតទាំងស្រុង។ រថយន្តមិនទាន់អស់ល្បឿន ក៏បានទៅបុករះម៉ូតូហុងដាឌ្រីម ០២គ្រឿងទៀត របួសស្រាល០៤នាក់ ហើយរថយន្តបានជ្រុល ទៅបុកកាងខាងក្រោយម៉ូតូវ៉វ៉ា ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1F-1877 មួយគ្រឿងទៀត ជិះតែម្នាក់ឯង យ៉ាងពេញទំហឹង ធ្វើឱ្យអ្នកជិះម៉ូតូផ្លោង ទៅប៉ះនឹងរបងសណ្ឋាគារ តាយ ម៉េង សន្លប់ស្តូកស្តឹង ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បន្ទាប់ពីបុករះម៉ូតូ០៤គ្រឿង របួសមនុស្សធ្ងន់ស្រាល០៧នាក់ហើយ រថយន្តបានបន្ថែមល្បឿន បើករត់គេច ប៉ុន្តែដោយសារតែ រថយន្តបង្កបែកកង់មុខខាងឆ្វេង សមត្ថកិច្ចក៏តាមស្ទាក់ចាប់ បានទាំងរថយន្ត និងតៃកុង នៅមុខក្រុមហ៊ុនស្រាបៀអង្គរ និងបានបញ្ជូនទាំងរថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ទៅកាន់ការិយាល័យ នគរបាលចរាចរ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់ ។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]