រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួល បានព័ត៌មាន ដ៏ភ្ញាក់ផ្អើលចេញពីខេត្ត កំពង់ស្ពឺទីដែលនាងកំពុងរស់នៅ តារាចម្រៀងវ័យក្មេង នៅក្នុងផលិតកម្មសាន់ដេ នាង អ៊ី វ៉ា បានចេញមកបដិសេធយ៉ាង ដាច់អហង្ការចំពោះព័ត៌មាន ដែលបានចោទប្រកាន់មកលើ ឪពុកបង្កើតរបស់នាងថា បានវាយម្តាយក្មេកដោយសារ ខឹងមិនព្រមដណ្តឹងប្រពន្ធឲ្យ។

ម្ចាស់បទ «ទឹកអប់មានពិស» រូបនេះបានចាត់ទុក ព័ត៌មានមួយនេះថា ជាការភាន់ច្រឡំពីសំណាក់ អ្នកដែលផ្តល់ព័ត៌មាន ខណៈដែលពេលនេះនាង និងឪពុកកំពុងតែមានវត្តមាន សម្តែងនៅក្នុងខេត្តព្រះវិហារ។

ថ្លែងប្រាប់កោះសន្តិភាពតាម ទូរស័ព្ទនៅថ្ងៃទី២៨ ឧសភានេះ តារាចម្រៀងកូនខ្មែរកាត់ ចិន នាង ឃិន ស្រីនាថ ហៅអ៊ីវ៉ា បានអះអាងថា ព័ត៌មាននេះគឺជាការភាន់ ច្រឡំទាំងស្រុង ព្រោះនៅថ្ងៃកើតហេតុ នោះផ្ទះនៅជិត ខាងនាងមានការ ឈ្លោះប្រកែកគ្នា ហើយរូបនាងនិងឪពុក មិនបាននៅផ្ទះឡើយ ពោលគឺបានចេញច្រៀង នៅតាមខេត្ត។ នាងបន្តថា នាងបានសម្តែងការភ្ញាក់ ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីព្រឹកឡើង ប្អូនរបស់នាងបាន ទូរស័ព្ទប្រាប់នាង អំពីព័ត៌មាននេះ ធ្វើឲ្យនាងនិងឪពុកមាន ការស្រឡាំងកាំង ប៉ុន្តែក្រោយមកនាងក៏ បានទាក់ទងទៅ ក្រុមហ៊ុនសាន់ដេឲ្យជួយ បកស្រាយ អំពីរឿងនេះ។ នាងបញ្ជាក់ថា នាងនិងឪពុកមិនបាន ដឹងរឿងនេះទាល់តែសោះ ព្រោះនៅថ្ងៃកើត ហេតុនោះនាង និងឪពុកកំពុងស្ថិតនៅក្នុងខេត្តបាត់ដំបង និងបន្តមកខេត្ត ព្រះវិហារទៀត ក្នុងបេសកម្មចេញច្រៀង តាមបណ្តាខេត្ត។

តាមរឿងហេតុមួយនេះ អ៊ីវ៉ា បានបញ្ជាក់ថា នៅថ្ងៃនោះមានក្រុមគ្រួសារមួយ ដែលនៅជិតខាងផ្ទះរបស់នាងមាន ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ប៉ុន្តែនាងមិនបានដឹងច្បាស់អំពី ជម្លោះនោះឡើយ ប៉ុន្តែមានគេប្រាប់ថា ទំនងជាប្រពន្ធខឹងប្តី ដែលមានស្រី។ នាងបន្ថែមថា ដើមហេតុនៃរឿងនេះទំនងជា បណ្តាលឲ្យមានការភាន់ច្រឡំជម្លោះ នៅក្នុងក្រុមគ្រួសាររបស់នាង ទើបបានមានព័ត៌មាន នេះកើតឡើង។

ទោះជាយ៉ាងណា អ៊ីវ៉ា បានធ្វើការបដិសេធនូវ ព័ត៌មាននេះទាំងស្រុង ព្រោះកន្លងមកឪពុករបស់នាង តែងតែធ្វើតាមចិត្តរបស់នាង ដោយមិនចង់បានប្រពន្ធថ្មីភ្លាមឡើយ បន្ទាប់ពីម្តាយរបស់ នាងបានទទួលមរណភាព ដោយសារឪពុករបស់នាងចង់ឲ្យកូន ទាំងអស់មានអនាគតជាមុនសិន។

យោងតាមប្រភពព័ត៌មានដែល បានរាយការណ៍មកពីខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសម្នាក់ដែលគេស្គាល់ថា ជាឪពុករបស់កញ្ញាអ៊ីវ៉ា តារាចម្រៀងក្នុងផលិតកម្មសាន់ដេ ដោយសារខឹងម្តាយក្មេក មិនព្រមទៅដណ្តឹងប្រពន្ធឱ្យ បានយកពិល ដែលមានប្រដាប់ឆក់វាយម្តាយក្មេក ម្តងហើយម្តងទៀត ត្រូវប្រជាពលរដ្ឋជិតខាង ជួយអន្តរាគមន៍ និងឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍វល្លិ៍ស ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ឧសភា ២០១៤ ។

បុរសដែលវាយម្តាយក្មេករូបនោះឈ្មោះអ៊ូ ចន្ថា អាយុ៤៨ឆ្នាំ ចំណែកម្តាយក្មេករងគ្រោះឈ្មោះសួង តុំ អាយុ៧២ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ៕

សូមចុច *****ឪពុកតារាចម្រៀងអ៊ីវ៉ាខឹង ម្តាយក្មេកមិនដណ្តឹង ប្រពន្ធឱ្យដេញវាយផ្អើលភូមិ*****



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]