ប៉ាគីស្ថាន៖ ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយចោលដុំថ្ម ពីសំណាក់ សមាជិកក្រុមគ្រួសារ របស់នាង ដោយហេតុផលថា នាងបានស្រលាញ់ បុរសខុសចិត្តគ្រួសារ និង លួចរៀបការ ហើយមានកូន ជាមួយ បុរសម្នាក់ ដែលនាងស្រលាញ់ដោយចិត្តឯង ។

នាង Farzana Iqbal វ័យ ២៥ឆ្នាំ ត្រូវបានចោមរោម វាយប្រហារដោយ ចោល ដុំថ្ម និង ឥដ្ឋ ពីមនុស្សជាច្រើននាក់ ដែលរួមមាន ឪពុក បងប្រុស និង អតីតគូដណ្តឹងរបស់នាង ផងនៅខាងក្រៅ តុលាការ ប៉ាគីស្ថាន។ បន្ទាប់មក នាង ត្រូវរងរបួសចំ ក្បាលយ៉ាងដំណំ ហើយត្រូវបានស្លាប់ក្រោយ បញ្ចូនទៅដល់មន្ទីរពេទ្យ។ ប៉ូលីសបាននិយាយថា ជនសង្ស័យទាំងអស់ បានគេចខ្លួនអស់ លើកលែងតែ ឪពុករបស់នាង ដែលមិនបានគេចខ្លួន។

បើតាមសំដីឧត្តមសេនីយ៍ Umer និយាយថា ឪពុកនាង បានសារភាពថា គាត់ ពិតជាបាន សម្លាប់កូនស្រីខ្លួនមែន ព្រោះវាជា បញ្ហាកត្តិយស គ្រួសារ។ លោកបន្តទៀតថា  គ្រួសាររបស់នាងបាន រៀបចំឲ្យនាងរៀបការ ជាមួយបងប្អូនជីដូនមួយ របស់នាង តែនាងបដិសេធដោយជ្រើស រើសរៀបការជាមួយ បុរសដែលនាងស្រលាញ់ និង មានកូនមួយ ជាមួយបុរសនោះទៀត។ បន្ទាប់មក ក្រុមគ្រួសារនាងបានប្តឹងឲ្យចាប់ខ្លួនបុរស នោះពី បទចាប់ជំរិត ប៉ុន្តែនាង Farzana បានមកជំទាស់ការប្តឹង នៅតុលាការកំពូល ដោយនិយាយថា នាងបានស្រលាញ់បុរសនោះ ដោយឆន្ទៈ ខ្លួនឯង គ្មានការជំរិត ណាមួយឡើយ ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ Aurat បានឲ្យដឹងថា ស្រ្តីជនជាតិ ប៉ាគីស្ថានជាង ១,០០០ នាក់ ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ដោយក្រុម គ្រួសារខ្លួនឯង ព្រោះដោយសារតែ បញ្ហាកត្តិយស គ្រួសារនេះ។ យ៉ាងណាមិញ រឿងក្តី ការធ្វើឃាតស្រ្តី ទាំងអស់នេះ គឺថា ករណីខ្លះ ឡើងដល់ តុលាការ ប៉ុនែ្តករណី ជាច្រើនមិនបានកាត់ក្តី។ ក្នុងច្បាប់នៅប៉ាគីស្ថាន ក្រុមគ្រួសាររបស់ ជនរងគ្រោះ អាចអត់អោនឲ្យជនល្មើស គឺនៅក្នុង ច្បាប់នេះ គេអាច ចាត់តាំងនរណាម្នាក់ ធ្វើជាឃាតករ ហើយ អត់អោនទោសឲ្យបុគ្គលនោះតែម្តង។ ដូច្នេះ ការស្លាប់របស់ស្រ្តីប៉ាគីស្ថាន ភាគច្រើន គឺស្លាប់ ដោយអយុត្តិធម៌៕ 



ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]