តើអ្នកជាប្រិយមិត្តនិយមចូលចិត្តពិសារអាហារបែប សាច់អាំង BBQ មែនទេ? បើដូច្នេះមែន សូមអាននូវអត្ថបទខាងក្រោមនេះ ដើម្បីជាព័ត៌មាន គួរយល់ដឹងពីករណីមួយ ដែលបានបណ្តាល ឲ្យនារីវ័យក្មេងម្នាក់ កើតជម្ងឺ មហារីក ដោយសារតែ អាហារ BBQ នេះ។

Xiao Ding វ័យ ២២ឆ្នាំ ជានិស្សិត មួយរូប នៅទីក្រុង វូហាន នៃខេត្ត ហឺប៉ី ប្រទេសចិន បានផ្លាស់ប្តូររបបគេង របស់ខ្លួនផ្ទុយពីមនុស្សទូទៅ ដោយគេងពេលថ្ងៃ និង ភ្ញាក់ឡើងពេល យប់ទៅវិញ។

ក្នុងរាងកាយរបស់នាង មានភាពមិនប្រក្រតី និង រញ៉េរញ៉ៃ  ក៏ដោយសារតែនាង បានចាប់ផ្តើម កំណត់របបអាហារ ព្រោះតែចង់ សម្រកទម្ងន់ខ្លាំងពេក ក្រោយពីនាង ឡើងទម្ងន់ជាបន្តបន្ទាប់ រួចមក។ នាងបានផ្លាស់ប្តូរខ្លួនឯង ដោយមិនទទួលទានអាហារ នៅពេលភ្លឺនោះទេ ប៉ុន្តែបែរជា ទទួលទានអាហារ BBQ តែនៅពេលយប់ប៉ុណ្ណោះ។ វិធីសាស្ត្រសម្រកទម្ងន់ របស់នាង អនុវត្តមិនទាន់បានប៉ុន្មានផង អាការៈចង់ក្អួតចង្អោរក៏ចាប់ផ្តើមកើតមានឡើង និង ធ្វើឲ្យនាង ទទួលរងការចុកពោះ ថែមទៀតផង។

ក្រោយពីការធ្វើរោគវិនិច្ឆ័យរួច ជាលទ្ធផល បានបង្ហាញថា នាងមានកើត មហារីកក្រពះ។ ក្នុងនោះផងដែរ បើតាមការឲ្យដឹងពី វេជ្ជបណ្ឌិត Chen Jing នៃផ្នែកមហារីក របស់មន្ទីរពេទ្យ Wuhan Union បានបញ្ជាក់ថា ក្រពះរបស់ Xiao Ding បានឈានទៅដល់ ដំណាក់កាលធ្ងន់ធ្ងរ បាត់ទៅហើយ។ កោសិកាមហារីក វាបានរីករាលដាល ចូលទៅដល់ផ្នែកដែល មិនអាចធ្វើការវះកាត់បានឡើយ។ វេជ្ជបណ្ឌិត Chen គាត់ក៏បាននិយាយទៀតថា ការទម្លាប់ខ្លួន នៅដល់យប់ជ្រៅ និង ទទួលទានប្រភេទអាហារ សាច់អាំងច្រើនបែបនេះ វាអាចជាកត្តាចំបងបំផុត ដែលនាំឲ្យនាង កើតនូវជម្ងឺមហារីកនេះ។

វេជ្ជបណ្ឌិតរូបនេះ គាត់បានបន្តទៀតថា អារម្មណ៍ស្មុគស្មាញ តប់ប្រម៉ល់ (stress) និង ទម្លាប់មិនល្អមួយចំនួន ជាកត្តាចំបងធំៗ ចំនួន ២ ដែលជំរុញឲ្យមានការកើនឡើង នៃគ្រោះថ្នាក់ ប៉ះពាល់ទៅដល់ក្រពះ និង អាចឈានទៅដល់ មហារីកក្រពះ ទាំងនៅវ័យក្មេង សំរាប់យុវជន សព្វថ្ងៃនេះ។ គាត់បានផ្តល់ជាយោបល់ថា អ្នករាល់គ្នាគួរតែ ផ្តាច់ការជក់បារី និង ឈប់ផឹកស្រា ហើយងាកមក ធ្វើលំហាត់ប្រាណ ឲ្យបានច្រើន និង គួរតែទទួលទាន បន្លែ ផ្លែឈើ ឲ្យបានគ្រប់គ្រាន់។ ព្រមទាំងកាត់បន្ថយ ទម្លាប់នៃការទទួលទាន នំចំណីផ្សេងៗ នៅពេលយប់អាធ្រាត នោះភាគរយនៃការកើត មហារីក ក៏ចុះថយ ទៅតាមនោះដែរ៕

ប្រភព បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]