ខេត្តកំពង់ឆ្នាំង ៖ ពលការិនី​​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ ​បាន​ក្លាយ​ជា​មនុស្ស​​និយាយ​​​មិន​ដឹង​ខុស​ត្រូវ ​ប្រៀបបាន​​ទៅនឹង​​មនុស្សឡប់សតិ​ ខណៈពេល​នាង​ទើប​ត្រឡប់​ពី​ប្រទេស​​ម៉ាឡេស៊ី​​បាន​តែ​១​ថ្ងៃ ។ ហេតុការណ៍​​​នេះ បានកើត​​​​ឡើង​កាលពី​​​ល្ងាច​​ថ្ងៃទី​២៤ ឧសភា ​​​ហើយ​ត្រូវ​​​ក្រុមគ្រួសារ​​​​នាំ​មក​ព្យា​បាល​​​​នៅមន្ទីរ​ពេទ្យ​​​​​ ខេត្ត​នៅ​ព្រឹក​​ថ្ងៃទី​២៥ ឧសភា ។​

តាម​កា​ររៀប​រាប់​របស់​បុរស​​ឈ្មោះ ​សុខ ផាត អាយុ​៥៤ឆ្នាំ ​​​ដែល​ជាឪពុក​​ពលការិនី​រូប​​នោះ​បាន​និយាយថា កូនស្រី​គាត់​​ឈ្មោះ ផាត សុធា អាយុ​២៣​ឆ្នាំ ​​​មានទី​លំនៅ​​​ភូមិទួល​សំរោង ក្នុង​​ឃុំ​ក្រាំង​​​ស្គា ​ស្រុក​ទឹក​ផុស​ ។ កូនស្រីគាត់បាន​ចេញ​ទៅបម្រើ​​​ការ​ងារ​នៅប្រទេស​ម៉ាឡេស៊ី ​​កាលពី​ថ្ងៃទី​១៨ ឧសភា ​ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន NCN ។ នៅព្រឹក​​​ថ្ងៃទី​​២៣ ឧសភា កូនស្រីគាត់​បាន​ត្រឡប់​មក​វិញ​ដោយចុះ​​ពី​យន្ត​ហោះ ​ហើយ​គេ​យក​ទៅដាក់​នៅ​សណ្ឋា​គារ​​​មួយ​ក្នុង​រាជធានីភ្នំពេញ ទើប​ទូរស័ព្ទ​​ឱ្យគាត់​ ​និង​ប្អូន​ប្រុស​ទៅ​ទទួល​ ដើម្បី​នាំ​នាង​ត្រឡប់​​​មក​ផ្ទះ​វិញនៅ​​ម៉ោង​​​​៣​រសៀល​។ ពេលនោះ​ នាង​មិន​​មាន​អ្វី​​កើត​ឡើង​នោះ​ទេ ​ជាមនុស្ស​​ធម្ម​តា​​និង​ដឹងខុសត្រូវ​​ ហើយ​នាង​​បាន​ប្រគល់​​​​​ប្រាក់​ដែល​នាង​ទៅធ្វើ​ការ​នៅប្រទេស​ម៉ាឡេស៊ី​ ឱ្យមក​​គាត់​ទុក​ចំនួន​៣.២៤០ដុល្លារ ទៀត​​ផង​ ។​

​បុរស​ជា​​ឪពុក​​បានប​ន្ត​ថា នៅល្ងាច​នោះ​នាង ​បានជួប​ជុំគ្រួសារ​​មិត្ត​ភក្តិ​​និយាយ​លេង​ និង​សូរ​សុខទុក្ខ​​ជា​ធម្ម​តា ​រហូត​​ព្រឹក​ថ្ងៃទី​២៤ ​ឧសភា​​​​​​ ក៏​នាង​មិន​ទាន់​កើត​អ្វី​ដែរ ស្រាប់តែ​ដល់​ល្ងាច​ថ្ងៃទី​​​​២៤ ឧសភា នាង​ចាប់ផ្តើម​​​​​​​និយាយ​ច្រើនរហូត​បែក​ពពុះមាត់​​​​ និង​គ្មាន​ដឹងខុសត្រូវប្រៀប​បាន​ជា​មនុស្ស​ឡប់​សតិ​​ ។ នៅយប់​នោះ នាង​និយាយ​ផ្តេសផ្តាស​​មួយយប់​ទល់​ភ្លឺ ​ដោយ​ឃើញ​សភាព​កូន​មិន​ប្រក្រតី​បែប​នេះ ​​ទើប​គាត់​​នាំ​កូន​​មក​មន្ទីរ​ពេទ្យ ។

​តាម​ការ​មើល​​​រូប​ភាព​​​ពីខាងក្រៅ​​នាង​ប្រហែល​ជា​ ប៉ះ​ទង្គិច​ផ្លូវចិត្ត​​អ្វីមួយ ​​ឬ​អាច​ថា​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ នាង​ត្រូវ​​​​​គេធ្វើ​បាប​ធ្ងន់​ធ្ងរ​ ​។  ប៉ុន្តែ​តាម​​​គ្រូពេទ្យ​​​វិញ ​​និយាយថា ​​នាង​បាន​ជួប​​​​​ព្រឹត្តិការណ៍​​រន្ធត់​​​​ ឬ​រំភើប​​​អ្វីមួយ​​​ខ្លាំងពេក​​​​ ទើប​ធ្វើ​ឱ្យ​​​នាង​មាន​​អាការៈ​បែបនេះ ​។ ទោះ​ជា​​​យ៉ាងណា​គ្រូពេទ្យ​​​​ថា អាច​ព្យាបាល​​បាន​គ្រាន់​​តែ​​ប្រើ​ពេល​យូរ​បន្តិច​ និងហាម​​មិន​​ឱ្យ​មានគេ​ទៅ​ជួប​រំខាន​នាង​ច្រើន ។

​ទិដ្ឋភាព​នៅឯមន្ទីរពេទ្យ​​​​​ព្រឹកនោះ នាង​ស្រែក ​​ផ្តេស​ផ្តាស​ខ្លាំងៗនិយាយមិន​ដឹងខុសត្រូវ​​ ​ឯគ្រូពេទ្យ​​​​​​ចូ​ល​ចាក់​ថ្នាំ​​ក៏មិន​បាន​​​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ ចោមរោម​​មើល​ជា​ច្រើន​ ។ ដោយអស់​វិធី​គ្រូ​ពេទ្យបាន​​ឱ្យ​ក្រុម​​គ្រួសារ​​ចូលចាប់​ទើប​បាន​ចាក់​ ថ្នាំ​ឱ្យ​នាង​ដេកលក់ដើម្បី​​ស្ងប់​អារម្មណ៍​​​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]