ខេត្ដបាត់ដំបង ៖ ដោយសារតូចចិត្ដ នឹងជំងឺប្រចាំកាយ នាងក្រមុំម្នាក់ បានចុះមុជទឹកសម្លាប់ខ្លួន រហូតបានសម្រេចជាលើក ទី៤ កាលពីល្ងាចថ្ងៃទី១៣ មីនា នៅក្នុងស្ទឹងសង្កែ ក្នុងភូមិវត្ដលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បន្ទាប់ពីព្យាយាមប៉ងសម្លាប់ខ្លួន ៣លើកកន្លងមក តែមិនបានដូចបំណង ។

សមត្ថកិច្ចនិយាយថា នាងក្រមុំរូបនេះឈ្មោះ ធា ជូពីន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។ នាងបានធ្វើអត្ដឃាតសម្លាប់ខ្លួន ដោយប្រើវិធីចុះមុជចូលទឹកជ្រៅ ក្នុងស្ទឹងសង្កែ ដែលសាច់ញាតិមិនបានដឹងមុន ។ សមត្ថកិច្ចបន្ដថា អ្នកភូមិបានប្រទះឃើញ សកម្មភាពរបស់នាង ពេលដើរចុះទៅក្នុងស្ទឹង តែគ្មានអ្នកណាបានដឹងថា នាងប្រើវិធីនេះដើម្បីធ្វើអត្ដឃាតទេ ។ លុះពេលបាត់នាងយូរ មិនឃើញឡើងពីក្នុងស្ទឹង ទើបដឹងថា នាងមុជទឹកសម្លាប់ខ្លួន និងភ្ញាក់ផ្អើលដល់សាច់ញាតិតែម្ដង ។

នៅកន្លែងកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា នាងធា ជូពីន មានជំងឺប្រចាំកាយ ពិសេសនាងកើតរោគ សរសៃប្រសាទផង ។ សាច់ញាតិបញ្ជាក់ថា នាងបានព្យាយាមធ្វើអត្ដឃាត ចំនួន៣លើកមកហើយ តែមិនបានសម្រេច ដោយសារបងប្អូនជួយសង្គ្រោះទាន់ ។ ក្រោយមក បងប្អូនតែងតែឃ្លាំមើល សកម្មភាពនាងជាប្រចាំ ក្រែងនាងធ្វើអត្ដឃាត តែលើកនេះគ្រាដែល បងប្អូនភ្លេចខ្លួនមួយភ្លែត នាងចុះមុជទឹករហូតដល់ស្លាប់ ។ សាច់ញាតិរបស់នាង បានបន្ថែមថា ក្រោយពេលដឹងថា នាងពីនចុះមុជទឹកបាត់មិនឃើញងើប ពួកគេរួមទាំងអ្នកភូមិជាច្រើននាក់ផង បានចុះមុជទឹករាវរកនាង ហើយក៏ប្រទះឃើញនាងភ្លាមៗដែរ តែនាងបានស្លាប់ទៅហើយ បើទោះជាមនុស្សជាច្រើន បានព្យាយាមជួយសង្គ្រោះយ៉ាងណាក្ដី ។

ទោះជាយ៉ាងណា ក្រោយពីទទួលបានដំណឹងដ៏អកុសលនេះ សមត្ថកិច្ចបានចុះទៅពិនិត្យសពនាងក្រមុំភ្លាមៗដែរ ដើម្បីស្វែងរកពីមូលហេតុពិតប្រាកដ ។ សមត្ថកិច្ចនិយាយថា តាមការបំភ្លឺពីសាច់ញាតិ និងសាក្សីនានាបានបង្ហាញថា នារីរងគ្រោះពិតជាមានចេតនា ដោយប្រើវិធីមុជទឹកធ្វើអត្ដឃាត សម្លាប់ខ្លួនឯងមែន ព្រោះបើតាមប្រវត្ដិ ដែលក្រុមគ្រួសារនាង បានបញ្ជាក់ប្រាប់គឺនាង ធ្លាប់ប៉ងសម្លាប់ខ្លួន៣លើកមកហើយ ។

រហូតមកដល់លើកទី៤នេះ ទើបបានសម្រេច ដែលក្រុមគ្រួសាររបស់នាងនិយាយថា ដោយសារតែនាងតូចចិត្ដ នឹងជំងឺប្រចាំកាយ ។ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយ បន្ទាប់ពីបញ្ចប់ការសួរនាំ និងធ្វើកំណត់ហេតុរួចរាល់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]