ក្រុង​ប៉ោយ​ប៉ែត​ ៖ យុវជន​ម្នាក់​បើក​​រថយន្ត​កាមរី​ឆ្លាម​ ថយ​ក្រោយ​ជ្រុល​ចូល​ផ្ទះ​អ្នក​ស្រុក ហើយ​ស្រប​ពេល​នោះ​​បុរស​​ចំណាស់​ម្នាក់​ដែល​កំពុង​ដេក​អង្រឹង​​លោត​ចេញ​ បណ្តាល​ឱ្យ​ថ្លោះ​ចង្កេះ ព្រម​ទាំង​​កិន​បាក់​គ្រែ​ និង​​ផើង​ផ្កា​ ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ ​ទី​២២ ឧសភា ​ក្នុង​ភូមិ​​ប៉ោយ​ប៉ែត​ សង្កាត់​​ប៉ោយ​ប៉ែត ។

រថយន្ត​បង្ក​ហេតុ​ម៉ាក​កាម​រី​ ស៊េរី​​ឆ្នាំ​១៩៩១ ចង្កូត​ស្តាំ​​ បើក​ដោយ​​ឈ្មោះ​​យឹម សិលា ភេទ​ប្រុស​​ អាយុ​​១៨​ឆ្នាំ  ។ ​លំនៅ​ឋាន​ដែល​រថយន្ត​បើក​ថយជ្រុល​​ចូលនោះ​ជា​​របស់​ឈ្មោះ​ឆៃ វ៉ាន់​ណូ អាយុ​​៨៨​ឆ្ន​ាំ ។ ​ពេល​នោះ​គាត់​កំពុង​សម្រាក​លើ​អង្រឹង​ ក៏​​លោត​គេច​​បណ្តាល​ឱ្យ​ថ្លោះ​ចង្កេះ​​ និង​រង​របួស​ជើង​​ ។ ​រថយន្ត​​​នោះ​កិន​បាក់​គ្រែ ព្រម​ទាំង​បែក​​​ផើង​ផ្កា​ខាង​មុខផ្ទះ​ផង​ដែរ ។

សមត្ថកិច្ច​ឱ្យ​ដឹង​​​ថា អ្នក​​បើក​​រថយន្ត​​នោះ​មិន​មែន​​ជា​ម្ចាស់​​រថយន្ត​​ទេ គ្រាន់​តែ​ជា​សាច់​ញាតិ​ម្ចាស់​រថយន្ត​​ប៉ុណ្ណោះ ។ រថយន្ត​​នោះ​ត្រូវ​​ម្ចាស់​ដឹក​​ត្រី​ពី​ខេត្ត​សៀម​រាប​​​​​​​​​​​​​​​​​​​​ ​​​​​​​​​ទៅ​​ឱ្យ​ម៉ូយ​នៅ​ម្តុំ​ខាង​លិច​ផ្សារ​​រ៉ា លុះ​​ដាក់​ត្រី​អស់​​ក៏​ទុក​​រថយន្ត​​នៅ​កន្លែង​កើត​ហេតុ​​ រួច​ចូល​​ទៅ​​ផ្សារ​​លុង​ក្លឿ ទឹក​ដី​ថៃ​ ។ ម្ចាស់​រថយន្ត​​​ទុកកូន​​​សោឱ្យ​ឈ្មោះ​យឹម សិលា ហើយប្រាប់​ថា បើ​​​ទើស​ផ្លូវ​ឱ្យកូន​​សោ​គេ​ជួយ​ថយ ឬ​បើក​ទៅ​រក​ទៅកន្លែង​​ផ្សេង​ផង​ ។

ខណៈ​មាន​រថយន្ត​​គេ​ចេញ​ចូល​ទី​នោះ​ច្រើន​ឈ្មោះ​យឹម សិលា​ ក៏​ឡើងបើក​​​​រថយន្ត​ដោយ​ខ្លួន​ឯង​ ហើយ​ជួប​គ្រោះ​ថ្នាក់​​​តែ​ម្តង ។
​​ភាគី​ទាំង​២​សម្រួល​គ្នា​​ ដោយ​ភាគី​បង្ក​​ព្រម​បង់​ថ្លៃ​ខូច​​ខាត​ឱ្យ​​បុរ​សចំណាស់​​២.៥០០បាត​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]