ភ្នំពេញៈ ម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ដែលជិះធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងជនរងគ្រោះរឹបអូសបាន ហើយប្រគល់ឲ្យសមត្ថកិច្ច ទុកធ្វើជាភស្តុតាង ក្រោយពីជនសង្ស័យ ធ្វើសកម្មភាព ឆក់ទូរស័ព្ទបានសម្រេច ហើយជិះរត់គេច តែត្រូវក្រុមអ្នករត់ម៉ូតូកង់បី កៀរឲ្យដួល តែជនសង្ស័យ បានក្រោក រត់យករួចខ្លួន ដោយបន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើង  កាលពីវេលាម៉ោង ៤និង២១នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ខាងត្បូងផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកកទី១ ខណ្ឌចំការមន ។

តាមការរៀបរាប់របស់នារីជាម្ចាស់ទូរស័ព្ទ ឈ្មោះ ឡេង សោភា បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាង បានជិះម៉ូតូមួយគ្រឿង ដោយធ្វើដំណើរតាមផ្លូវត្រសក់ផ្អែម ក្នុងទិសដៅពីជើងទៅត្បូង លុះជិះ មកដល់ចំណុច កើតហេតុ នាងឈប់ម៉ូតូ ដើម្បីនិយាយទូរស័ព្ទ ក្នុងន័យការពារខ្លាចគ្រោះថ្នាក់ចរាចរ ព្រោះបើកម៉ូតូផង និយាយ ទូរស័ព្ទផង ហើយពាក់មួយកាសទៀតនោះ ។

នារី ឡេង សោភា បន្តថា ខណ:កំពុងតែអង្គុយលើម៉ូតូ និយាយទូរស័ព្ទ ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកសង់ប៊ិច មកឈប់ក្បែរ ហើយអ្នកជិះខាងក្រោយ បានលូកដៃ ទៅកញ្ឆក់យកទូរស័ព្ទពីដៃ តែនាងបានកន្រ្តាក់ទាញមកវិញ ហើយជនសង្ស័យនោះ ក៏ចាប់ទាញ ពីដៃទាល់តែបាន ហើយជិះម៉ូតូ បម្រុង រត់គេច ស្របពេលជាមួយគ្នានោះ នាងក៏បានស្រែកចោរឆក់ទូរស័ព្ទ និងបានរត់តាម ព្រមជាមួយគ្នា ក៏មាន បងប្អូនអ្នករត់ម៉ូតូកង់បី បានជួយបើកដេញតាម និងបានកៀរឲ្យម៉ូតូជនសង្ស័យដួលភ្លាមៗ នោះក្រុមជនសង្ស័យ ភ័យក៏បានរត់យកប្រាស់អាយុ ដោយបន្សល់ទុកម៉ូតូរបស់វា នៅកន្លែងនោះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានចុះអន្តរាគមន៍ នាំនារីរងគ្រោះមកដាក់ ពាក្យបណ្តឹង និងយកម៉ូតូរបស់ជនសង្ស័យ មករក្សាទុកនៅស្នាក់ការ ដើម្បីស្រាវជ្រាវរកមុខក្រុមជនសង្ស័យ ចាប់យកផ្តន្ទាទោសតាមច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BE-3689 ធ្វើសកម្មភាពឆក់ទូរស័ព្ឌ ម៉ាកសាំស៊ុង ហ្គាឡាក់ស៊ីណូត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]