ខេត្តប៉ៃលិន ៖  ក្មេងស្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជិះ លើអង្រឹងលេង ដែលចងភ្ជាប់នឹងបង្គោលរបង ស៊ីម៉ង់ត៍ធំប៉ុនកំភួនជើងប្រវែងជាង ១ម៉ែត្រនៅជាប់ព្រំដីមុខផ្ទះ បណ្តាលឱ្យបាក់ សង្កត់ត្រូវថ្ងាសពេញទំហឹងខ្ទប់ទៅ នឹងដីបែកក្បាល ស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ មីនា ២០១៤ នេះ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពឱ្យដឹងថា កុមារីរងគ្រោះឈ្មោះឆោម សុផៅ អាយុ៦ឆ្នាំ ជាកូនទី៣ មានឪពុកឈ្មោះអួន សួន អាយុ៤១ឆ្នាំ ម្តាយឈ្មោះស៊ីវ សុផាត អាយុ៤១ឆ្នាំ ដូចគ្នា មានកូនចំនួន៤នាក់ កូនប្រុស៣នាក់ និងកូនស្រីម្នាក់ (ស្លាប់) រស់នៅក្នុងភូមិ កើតហេតុខាងលើ ។

ប្រភពពីឪពុកកុមារីរង គ្រោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយ បីកូនតូចដែលជាកូនពៅ ដោយជិះនៅលើអង្រឹង ដែលចងភ្ជាប់ពីដើមឈើ (កាខុប) ទល់នឹងបង្គោលរបង ស៊ីម៉ង់ត៍នៅក្បែរមុខផ្ទះ លុះគាត់ជិះយោល តិចៗបានមួយសន្ទុះ ស្រាប់តែកូនស្រីម្នាក់ ដែលជាកូនទី៣មកឡើងជិះលោត លេងប្រលែងជាមួយនឹងគាត់ នៅលើអង្រឹងនេះដែរ ស្រាប់តែមួយសន្ទុះក៏បាក់ បង្គោលរបងស៊ីម៉ង់ត៍នេះភ្លាម ដោយមិនដឹងខ្លួន បណ្តាលឱ្យបង្គោលនេះវាយត្រូវថ្ងាស កូនស្រីរបស់គាត់ផ្នែក ខាងមុខយ៉ាងពេញទំហឹងខ្ទប់ទៅ នឹងដីសន្លប់នៅនឹងកន្លែងតែម្តង ហើយមានហូរឈាម ចេញតាមមាត់ ច្រមុះ និងត្រចៀក ។

ដោយឃើញដូច្នេះ គាត់ក៏ប្រញាប់លើកកូនស្រី ដាក់លើម៉ូតូដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ តែជាអកុសល្យដោយសារ បង្គោលស៊ីម៉ង់នេះធំធ្ងន់ ពេលបាក់ត្រូវផ្នែកក្បាលកូនស្រី របស់គាត់បែកក្បាលស្លាប់ ខណៈយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តបាត់ទៅហើយ ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]