រាជធានី​ភ្នំពេញ ៖​​ ​លោក​ឧត្ត​ម​សេនីយ៍ត្រី ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិភាព​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា ករណី​បងថ្លៃ​ម្ចាស់​ហាង​លក់​គ្រឿង​​សម្ភារ​អគ្គិសនី​ ភីភី ជេណឺ​រ៉ល ​​បាញ់​សម្លាប់​មេ​ការ រួច​បាញ់​ខ្លួន​ឯង​នោះ​ គឺ​​ស្ថិត​នៅ​តែ​ជារឿង​គំនុំ​មិន​ពាក់​ព័ន្ធ​នឹង​ស្នេហា​ត្រី​កោណ​​ទេ ។

លោក​ស្នង​ការ​បន្ត​ថា ទោះ​បី​ជា​រឿង​នេះ​ ជន​រង​គ្រោះ​ក៏​ស្លាប់​ ខ្មាន់​កាំ​ភ្លើង​​ក៏​​​បាញ់សម្លាប់​​​ខ្លួន​ឯង​​ គឺ​ជា​រឿង​​បិទ​មុខ ប៉ុន្តែ​សមត្ថ​កិច្ច​នៅ​តែ​ប្រឹង​ប្រែង​បន្ត​ការ​ស្រាវ​ជ្រាវ​រក​ឱ្យ​ឃើញ​ អង្គ​ហេតុ​បណ្តាល​ឱ្យ​បាត់​បង់​អាយុជីវិត​មនុស្ស​២​នាក់ ដោយ​សារ​គ្រាប់​កាំ​ភ្លើង​នោះ​ដែរ ហើយ​បើ​ទោះ​បី​មាន​ពាក្យ​បណ្តឹង​ ឬ​គ្មាន​ពាក្យ​បណ្តឹង​ សមត្ថ​កិច្ច​នៅ​តែ​ប្រមូល​ព័ត៌​មាន​ដាក់​ជូន​ស្ថា​ប័ន​សាលា​ដំបូង​ទៅ​តាម​ នីតិវិធី​ច្បាប់ ។

មន្ត្រី​ជំនាញ​ដែល​ស្និទ្ធ​​​នឹង​ការ​ស៊ើប​អង្កេ​ត​លើ ​ករណី​បាញ់​សម្លាប់​មនុស្ស​នេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា បាន​ជា​ការ​ស្រាវ​ជ្រាវ​លើ​ករណី​​​នេះ​បង្ហាញ​​ថាជា​​រឿង​គំនុំ​​ ព្រោះ​បើ​តាម​ការ​បំ​ភ្លឺ​ពី​​អ្នក​បម្រើ​ការ​​ងារ​ក្នុង​ហាង​នោះ​បញ្ជាក​ ់ថា កន្លង​មក​ហាង​លក់​សម្ភារ​​អគ្គិសនី​​នេះ​គ្រប់គ្រង​ផ្ទាល់​ដោយ​ឪពុក​របស់​ អ្នក​ទាំង​៣ គឺ​ជា តុង បង​ស្រី​ ជា​តុង ដែល​ត្រូវ​ជា​ប្រពន្ធ​ងួន វុទ្ធី ហៅ​ទូច និង​ងួន វុទ្ធី ដែល​ជា​កូន​​ប្រសា ។ ប៉ុន្តែ​មួយ​រយៈ​ពេល​ដែល​​ឪពុក​អ្នក​ទាំង​បី​មាន​ជំងឺ​ក៏បាន​ឱ្យ​កូន​ទាំង​ អស់​មើល​ការ​ខុស​ត្រូវ​​ទម្រាំ​​គាត់​ធូ​រ​ស្រាល​ នឹង​គ្រប់​គ្រង​ឡើង​វិញ ។ ក្នុង​ចន្លោះ​ពេល​កូន​បង្កើត​ និង​កូន​ប្រសា​មើល​ការខុស​ត្រូវ​ជំនួស​ឪពុក​នេះ​​ ​លោក​​ជា តុង ជា​កូន​បង្កើត​ក៏​បាន​រៀប​ចំ​​គណ​នេយ្យ​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​ចំណូល​ ចំណាយ​​លើ​ទឹក​ប្រាក់​នាំ​ចេញ​-នាំ​ចូល​សម្ភារ​គ្រប់​សព្វ​សារ​ពើ​ ដែល​គណ​នេយ្យ​នោះ ​មាន​​សិទ្ធិ​តែ​២​នាក់​ទេ​ គឺ​លោក​ជា តុង និង​លោក​វង្ស សុក្រិតសារ៉ា ដែល​​ជា​មេ​ការ​ ។

ប្រភពដដែល​​បន្ត​ថា ចាប់​តាំង​ពី​បង្កើត​គណ​នេយ្យ​ថ្មីនេះ​មក​បង​ប្អូន​ទាំង​៣​នាក់​មាន​ភាព​ រកាំ​រកូស​ជា​ប្រចាំ​ ម៉្យាង​ទៀត​ធ្វើ​ឱ្យ​គ្រួសារ​លោក​ងួន វុទ្ធី ហៅ​ទូច​ មិន​សូវ​ចុះ​សម្រុង​គ្នា​ទៀត​ផង​ ។ បន្ទាប់​ពី​​ការ​បង្កើត​​ឱ្យ​មាន​គណ​នេយ្យ​ថ្មី​នេះ​ លោក​វង្ស សុក្រិត​សារ៉ា ជា​មេ​ការ​​តែង​តែ​និយាយ​លេង​ជា​មួយ​លោក​ងួន វុទ្ធី ដែល​ជា​បង​ថ្លៃ​របស់​អ្នក​គ្រប់​គ្រង​ហាង​ទាំង​មូល​ គឺ​លោក​ជា តុង ។​ ពាក្យ​សំដី​​និយាយ​​របៀ​ប​លេង​សើច ​បាន​ធ្វើ​ឱ្យ​លោក​ងួន វុទ្ធី ប្រកាន់​ខឹង​មេ​ការ​នោះ​ ។ សាក្សី​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ក្រោយ​ពេល​កើត​មាន​គណ​នេយ្យ​ ឬ​អ្នក​គ្រប់​គ្រង​ហាង​បណ្តោះ​អាសន្ន​ថ្មី​នោះ​ លោក​ងួន វុទ្ធី ជា​កូន​ប្រសា​ម្ចាស់​ហាង​ខូច​ចិត្ត​ដើរ​លេង​ច្រើន​មិន​សូវ​ចូល​ផ្ទះ​​​ធ្វើ​ ឱ្យ​ប្រពន្ធ​ខឹង​មិន​សូវ​លស់​​ថ្ងៃ​​​ទេ ហើ​យ​មាន​ពេល​ខ្លះ​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​​ក៏​មាន ។

ដោយ​សារ​ការ​គ្រប់គ្រង​ហាង​លក់​ដូរ​ត្រូវ​បាត់​បង់​​ ហើយ​ក្នុង​រង្វង់​គ្រួសារ​​ ក៏​មាន​ភាព​រកាំ​រកូស​​ លោក​ងួន វុទ្ធី បាន​ជ្រើស​រើស​យក​ផ្លូវ​មួ​យ​គត់​ គឺ​ផ្តាច់​ជីវិត​មេការ រួច​ប្រហារ​ជីវិត​ខ្លួន​ឯង ដើម្បី​ចៀស​ឱ្យ​ផុត​ពី​ការ​មើល​ងាយ​មើល​ថោក​ពី​អ្នក​នៅ​ជិត​​ខ្លួន​ ។ សាក្សី​បន្ត​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ លោក​ជា តុង បាន​ទៅ​ធ្វើ​ការ​ធម្ម​តា​ជា​មួយ​​លោក​វង្ស សុក្រិ​តសារ៉ា ជា​មេ​ការ ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ឧសភា គេ​ឃើញ​វត្ត​មាន​លោក​ងួន វុទ្ធី ហៅ​ទូច​ទៅ​ដល់​ហាង​ដែរ ។ ពេល​លោក​ងួន វុទ្ធី ទៅ​ដល់​បាន​កើត​មាន​ជម្លោះ​ជា​មួយ​គេ​​ឯង​គ្រប់គ្នា​រាប់​ទាំង​លោក​ជា តុង និង​លោក​វង្ស សុក្រិត​សារ៉ា ផង​។ អាកប្បកិរិយា​​របស់​លោក​ងួន វុទ្ធី គឺ​ច្រងេង​ច្រងាងខុស​ធម្ម​តា​បន្តិច​ក្រោយ​មក​ស្រាប់​តែ​ដើរ​ឡើង​ទៅ​ជាន​់​ ទី​១ ចូល​បន្ទប់​មេការ​ រួច​ដក​កាំ​ភ្លើង​ខ្លី​ធុន​ទំនើប​បាញ់​លោក​វង្ស សុក្រិត​សារ៉ា ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​ ។

ភ្លាម​នោះ ​គេ​​​ឃើញ​លោក​ងួន វុទ្ធី ស្ទុះ​ទៅ​ភ្ជង់​ក្បាល​លោក​ជា តុង ជា​ប្អូន​ថ្លៃ​ទៀត ដោយ​ពោល​ថា អា​តុង​អញ​មិនសម្លាប់​​អ្ហែង​​ទេ នោះ​ចាត់​ទុក​​ជា​សំណាងអ្ហែង​​ហើយ ។ បន្ទាប់​ពី​នោះ​មក ​លោក​ងួន វុទ្ធី បាន​ដើរ​ចូល​បន្ទប់​ទឹក​រួច​បាញ់​សម្លាប់​ខ្លួន​ឯង​តែ​ម្តង​​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]