ភ្នំពេញ៖ ប្រធានសមាគម សិល្បករខ្មែរ លោក សុះ ម៉ាច បានប្រកាសលក់ដី ជាបន្ទាន់ ក្នុងតម្លៃ ១ម៉ឺនដុល្លារ ដើម្បីយកលុយ ទៅព្យាបាល ជំងឺមហារីករបស់ម្ដាយ ដែលកំពុងតែទទួល ការព្យាបាលរាល់ថ្ងៃ និងកំពុងតែខ្វះខាត ថវិកាជាច្រើន ។ ការប្រកាសបែបនេះ គឺត្រូវបាន មិត្តភ័ក្តិ ក៏ដូចជាមហាជនទូទៅ មានការចាប់អារម្មណ៍ ហើយអាចសន្និដ្ឋានបានថា ប្រធានសមាគម សិល្បករខ្មែររូបនេះ កំពុងតែជួបប្រទះ នូវភាពខ្វះខាត ក្នុងការស្វះស្វែងរក ថវិកាព្យាបាលជំងឺម្ដាយ ឲ្យជាសះស្បើយ ខណៈដែលអាជីព ជាអ្នកសិល្បៈរបស់លោក អាចរក ចំណូលបាន គ្រាន់តែមួយចំអែតក្រពះ ប៉ុណ្ណោះ។

ការប្រកាសលក់ដី ស្ថិតនៅក្នុង ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដែលមានទទឹង ៧៨ម៉ែត្រ និងបណ្ដោយ ៨០ម៉ែត្រ ក្នុងតម្លៃ ១ម៉ឺនដុល្លារ នៅពេលនេះ ត្រូវបានលោក សុះ ម៉ាច ថ្លែងឲ្យ LookingTODAY បានដឹង នៅរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា "ខ្ញុំពិតជាប្រកាស លក់ដីមែន ពីមុនខ្ញុំគ្មានបំណងចង់លក់ដី ដែលជាកេរតំណែលខ្ញុំ ខំសន្សំលុយទិញទុក សម្រាប់អនាគតនេះទេ ព្រោះពេលខ្ញុំបោះ បង់ការងារសិល្បៈ ទៅសង់ផ្ទះរស់នៅទីនោះ និងរកស៊ីចិញ្ចឹមសត្វ ធ្វើស្រែ ដែលជាជីវិតមួយ រស់នៅក្នុងភាពស្ងប់ស្ងាត់ ក្រោយពេលខ្ញុំចាកចេញ ពីការងារសិល្បៈ។ តែក្ដីបំណងត្រូវបាត់បង់ ដោយសារតែនៅពេលនេះ ខ្ញុំត្រូវការលុយជាចាំបាច់ ដើម្បីព្យាបាលជំងឺម្ដាយ ឲ្យជាសះស្បើយ"។

លោក សុះ ម៉ាច បានបន្ថែម ឲ្យដឹងទៀតថា ស្ថានភាពជំងឺម្ដាយរបស់លោក បើតាមគ្រូពេទ្យប្រាប់ឲ្យដឹង គឺត្រូវចំណាយការព្យាបាល អស់ប្រហែលជាជាង ១ពាន់ដុល្លារទៀតប៉ុណ្ណោះ អាចជាសះស្បើយហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ ដោយសារពេលនេះ លោកអស់ លុយពីខ្លួន ហើយពេលលក់ដីនោះដាច់ មានលុយទុកគ្រាន់ចាត់ចែង លើការចំណាយខ្លះៗ ទើបតម្រូវឲ្យលោកបង្ខំចិត្ត លក់ដីនោះតែម្ដង ។

ទោះបីជាយ៉ាងណា ប្រសិនបើមានអ្នកណា ចាប់អារម្មណ៍ចង់ទិញដីនោះ អាចទំនាក់ទំនង មកកាន់រូបលោកផ្ទាល់ តាមរយៈលេខទូរស័ព្ទ 012 333 015 លោកនឹងរង់ចាំស្វាគមន៍ ដោយក្ដីរីករាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]