រាជធានីភ្នំពេញ​​​​​​​​​ ៖ អ្នក​នាង​ពេជ្រ សុភាវី​ អាយុ​២៣​ឆ្នាំ គឺ​ជា​​អ្នក​រាំ​របាំ​បុរាណ ​របាំ​ជូន​ពរ​ របាំ​​ប្រជា​ប្រិយ និង​ជា​សិល្ប​ការិនី​​ល្ខោន​បាសាក់ ​ល្ខោន​យី​កេ ដែល​មាន​បទ​ពិសោធ​ច្រើន និង​ទេពកោសល្យ​​​​​​​​​​​​​ល្អ ។

សព្វ​ថ្ងៃ​នេះ​អ្នកនាង​ពេជ្រ សុភា​វី ​ស្ថិ​ត​​នៅ​ក្នុង​ក្រុម​ល្ខោន​បាសាក់មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​រាជ​ធានីភ្នំពេញ ។ ​​​នាងរៀប​រាប់​ថា ​​មុន​ពេល​​ចេញ​សម្តែង​នៅ​លើ​ឆាក​​​នៅ​តាម​បណ្តា​ខេត្ត​​​ ក្រុង​ និង​នៅ​លើ​ឆាក​​​តាម​ស្ថានីយ​​ទូរទស្ស​​​នានា​ នាង​ធ្លាប់​ហាត់​រៀន​រាំ​របាំ​បុរាណ របាំប្រជា​ប្រិយ​​ ល្ខោន​បាសាក់ ល្ខោន​យី​កេ ចម្រៀង​​ប្រពៃ​ណី ចម្រៀង​មហោរី​នៅ​ក្នុង​​សមាគម​សិល្បៈ​ខ្មែរ​អប្សរា​កាល​ពី​ឆ្នាំ​១៩៩៨ ។ នាង​ហាត់​បណ្តើរ​ចេញ​សម្តែង​បណ្តើរ ។ ទោះ​បី​ជាយ៉ាង​ណា​ក្តី​​​នាង​​​មិន​ទាន់​​ក្លាយ​ជា​តួ​ឯក​ល្ខោន​បាសាក់​ ឬ​យី​កេ​​​ទេ។

មូល​ហេតុ​ដែល​នាង​មិន​​បាន​​ក្លាយ​ជា​តួ​ឯក​​នេះ ​គឺ​ដោយ​សារ​​តែ​នាង​ច្រៀង​មិន​​​​សូវ​ពីរោះ ដូច្នេះ​​កន្លង​មក​​បាន​​ត្រឹមតែ​ជា​តួ​​​បន្ទាប់​បន្សំ​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​នាង​ធ្លាប់​​សម្តែង​​ជា​តួ​ឯក​ក្នុង​ឈុត​បទ​ចម្រៀង​​ ល្ខោន​បាសាក់​ ​និង​ល្ខោន​យី​កេ​នៅ​លើ​​ឆាក​ប្រគំតន្ត្រី​តាម​ស្ថានីយ​ទូរទស្សន៍​​មួយ​ ចំនួន​ដូច​ជា​ ទូរទស្សន៍​ជាតិ​កម្ពុជា ស៊ី​ធី​អិន ប៉ុ​ស្តិ៍​លេខ​៣ ជា​ញឹក​ញាប់​​ ។

នាង​ពេជ្រ​​​ សុភាវី បន្ត​ថា ​កន្លង​មក​ក្រៅ​ពី​​រាំ​​របាំ នៅ​ក្នុង​ប្រទេស​​ នាង​ក៏​ធ្លាប់​ចេញ​​រាំ​របាំ​នៅ​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី ក្នុង​កម្ម​វិធីថ្នាក់​ជាតិ​​ដូចជា​នៅ​ប្រទេស​ចិន តៃ​វ៉ាន់ ថៃ និង​វៀត​ណាម​ ។​​លើស​ពី​នេះ​នាង​ធ្លាប់​សម្តែង​កាយ​វិការ​​​ខារ៉ា​អូខេ ឱ្យ​​ផលិត​កម្ម​​នៅ​ក្នុង​​ និង​ក្រៅ​ប្រទេស​​មួយ​ចំនួន​ និង​ធ្លាប់​​​ថតរឿង​ខ្លីៗ​​បែប​អប់​រំសុខភាព​ និង​ស្ប៉ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

អ្នក​នាង​​សុភាវី​ ឱ្យ​ដឹងថា នាង​ចង់​ក្លាយ​ជា​តារា​សម្តែង​ក្នុង​ខ្សែ​វីដេអូ​ភាគ​ តែ​​គ្មាន​​ឱកាស​​ព្រោះ​គ្មាន​​​ខ្សែរយៈ​​ ម៉្យាង​ទៀត​ពេល​នេះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​ហើយ ។ នាង​​​បាន​រៀប​ការ​ជា​មួយ​សិល្បករ​សៀក​រហស្សកម្ម​ឈ្មោះ​មាស ​មង្គល កាល​ពី​ឆ្នាំ​២០១១ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]