ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ស្ថិតនៅលំដាប់ជួរមុខ ក្នុងផលិតកម្ម ថោន អ្នកនាង មាស សុខសោភា ពេលបានឮសំឡេងស្រែកគាំទ្រហោ កញ្ជ្រៀវលាន់ឮ យ៉ាងកងរំពង នៅក្នុងកម្មវិធីប្រគំតន្រី្ត តាមបណ្តាខេត្តមួយចំនួន រៀបចំដោយក្រុមហ៊ុនពាណិជ្ជកម្ម ផលិតផលនានាហើយនោះ នាងបានពោលពាក្យ ទាំងអារម្មណ៍សប្បាយថា ទោះបីជាមានការនឿយហត់បន្តិចមែនតែនាង នៅខំប្រឹងសម្តែង ឲ្យអស់ពីកំលាំងកាយចិត្ត មិនរួញរាឡើយ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ តារាចម្រៀងក្នុងបេះដូងមិត្តយុវវ័យ អ្នកនាង មាស សុខសោភា បាននិយាយ ដោយសម្តី រីករាយឲ្យដឹងថា ចាប់តាំងពីខែ១០( តុលា) ឆ្នាំ២០១៣រហូតមកដល់ឥឡូវនេះ ការងារសិល្បៈរបស់នាង គឺមានភាពមមាញឹកជាខ្លាំង រហូតរកពេលសម្រាក មិនឃើញ។

និយាយលាយឡំនឹងសំណើច តារាចម្រៀង មាស សុខសោភា បានបន្តទៀតថា "ឥឡូវនេះខ្ញុំ កំពុងតែស្នាក់នៅ ខេត្តរតនៈគិរី ដើម្បីមកចម្រៀង-សម្តែង ជូនបងប្អូននៅទីនេះទសន្សនា កំសាន្តក្នុងកម្មវិធី ប្រគំតន្រ្តីរបស់ក្រុមហ៊ុនភេសជ្ជៈមួយ។ នៅថ្ងៃទី១៣កម្ភៈ ត្រូវចេញទៅច្រៀងនៅខេត្ត សៀមរាប។ ចំណែកថ្ងៃទី១៤ កុម្ភៈ នឹងត្រឡប់ទៅភ្នំពេញ ដើម្បីច្រៀង នៅមជ្ឈមណ្ឌល កោះពេជ្រ ក្នុង កម្មវិធីប្រគំតន្រ្តី ក្រុមហ៊ុនស្មាត។

តារាចម្រៀង ចេះរក្សាបានកេរ្តិ៍ឈ្មោះ ល្បីកាន់តែខ្លាំងឡើងៗ មាស សុខសោភា បាននិយាយ ប្រាប់ថា គិតចាប់ពីខែកុម្ភៈ នេះទៅដល់ខែមេសា នាងមានកម្មវិធីចេញច្រៀង តាមបណ្តាខេត្ត និង ភ្នំពេញ រក ពេលទំនេរគ្មាននោះឡើយ ព្រោះមានខាងក្រុមហ៊ុន ជាច្រើន បានទាក់ទងហៅនាង ដើម្បីច្រៀងឲ្យ ក្នុងការប្រគាំតន្រ្តី របស់គេ។

ទោះបីជាមានភាពមមាញឹកខ្លាំងក្តី តែអ្នកចម្រៀងរបស់ផលិតកម្ម ថោន មាស សុខសោភា នៅតែសម្តែងការសប្បាយចិត្ត ចំពោះការចូលរួមគាំទ្រ ផ្តល់កំលាំងចិត្ត មិនថានៅទីណានោះទេ គឺតែងមានបងប្អូនយ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនា កំសាន្តដោយការគាំទ្រ មកលើរូបនាងផ្ទាល់ ក៏ដូចជាសិល្បករខ្មែរ ឯទៀត។

សោភា បានបញ្ជាក់ដោយក្តីរំភើបថា "ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់បង ដែលបានឃើញបង ប្អូន នៅតាមបណ្តាខេត្ត ពួកគាត់គាំទ្រមកលើខ្លួនខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំក៏រំភើបផងដែរ នៅពេលដែលពួកគាត់នាំគា្នស្រែក ទះដៃគាំទ្រដល់ខ្ញុំ មិនថាក្មេងចាស់នោះទេ….(សើច) ! ពេលខ្លះខ្ញុំរំភើបរហូត ដល់និយាយ មិន ចង់ចេញហើយហូរទឹកភ្នែក ដោយមិនដឹងខ្លួនក៏មានដែរ.."។

តារាច្រៀង មាស សុខសោភា បានបន្ថែមថា "ត្បិតតែមានការហត់ហឿយបន្តិច ប៉ុន្តែខ្ញុំអត់មានការ ធុញ ទ្រាន់នោះឡើយ…ខ្ញុំសប្បាយចិត្តទៅវិញ ដែលមានការគាំទ្រ ពីមហាជនច្រើនយ៉ាងនេះ។ ខ្ញុំអរគុណដល់បងប្អូន ទូទាំងប្រទេស ដែលតែគាំទ្រដល់ខ្ញុំ..ហើយសូមនិយាយ យ៉ាងខ្លីប្រាប់ដល់ពួកគាត់ថា ខ្ញុំនឹងប្រឹងច្រៀង ឲ្យអស់ពីកំលាំងកាយចិត្ត ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនជានិច្ច.."៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា