ចិន៖ បុរសចំណាស់ ជនជាតិចិនម្នាក់ មានចិត្តស្មោះត្រង់ បានប្រគល់ប្រាក់ ចំនួន ២៧,០០០ យ័ន អោយទៅធនាគារវិញ ក្រោយពីបុគ្គលិកនៅទីនោះ ប្រគល់ប្រាក់ដល់គាត់ លើសចំនួនរួចមក តែជាលទ្ធផល រូបគាត់ បានមកវិញ ត្រឹមតែការខកចិត្ត ជាមួយនឹងពែងតែ តម្លៃថោកមួយប៉ុណ្ណោះ។

រូបគាត់ ត្រូវបានរាយការណ៍ឲ្យដឹងថា មានឈ្មោះ Chen វ័យ ៦៣ឆ្នាំ បានទៅកាន់ធនគារមួយកន្លែង ដើម្បីដកយកប្រាក់ចំនួន ៣,០០០ យ័ន ប៉ុន្តែបុគ្គលិកធនាគារម្នាក់ បានធ្វេសប្រហែស ហុចប្រាក់ដល់គាត់លើស ចំនួនសរុបដល់ទៅ ៣០,០០០យ័ន (ជិត ៥ពាន់ដុល្លារអាមេរិក) ឯណោះ។ បន្ទាប់ពីបាន ដឹងថាទទួលបានប្រាក់លើសហើយនោះ គាត់បានប្រគល់ឲ្យវិញ នៅនឹងកន្លែងចំនួន ២៧,០០០យ័ន ($៤,៤៥២) វិញផងដែរ។

យ៉ាងណាមិញ គាត់បានត្រឡប់ទៅផ្ទះវិញ ហើយនៅពេលដែល មិត្តភក្តិរបស់គាត់ បានដឹងរឿងនេះរួច ពួកគេបានស្តីអោយលោក Chen ថាពិតជាមនុស្សល្ងង់ម្នាក់ ដែលមិនគួរណា មិនទារសុំរង្វាន់លើកទឹកចិត្ត យ៉ាងដូច្នេះសោះ។ ដោយលឺដូចនេះ លោក Chen ក៏ត្រឡប់ទៅកាន់ ធនាគារនោះ ម្តងទៀត ដើម្បីនិយាយជាមួយអ្នកគ្រប់គ្រង រួចក៏ទទួលបានពែងមួយ សំរាប់ជាកាដូដើម្បីអរគុណ។ តែដោយមិនពេញចិត្ត នឹងកាដូនោះ លោក Chen បាននិយាយថា៖ “ ខ្ញុំមានពែងច្រើនណាស់ដែរហើយ តើលោកអាចអោយរបស់អ្វីផ្សេង ប្រសើរជាងនេះបានទេ? “ និយាយរួច គាត់ក៏សម្លឹងរកមើល និងបានចង្អុលទៅកាន់ ចង្ក្រានហ្គាស។ តែអ្នកគ្រប់គ្រងនោះ បានឆ្លើយមកវិញថា៖ “ សុំទោសផង មិនបានទេ.. នោះសំរាប់ផ្តល់ជូនដល់អតិថិជន ដែលបានកក់ប្រាក់ក្នុងចំនួនច្រើន។ “

គាត់ក៏ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងអារម្មណ៍ ក្រៀមក្រំចិត្តជាខ្លាំង ហើយនៅពេលគាត់ឆែករកមើល តម្លៃរបស់ពែងនោះ នៅលើអនឡាញ វាមានតម្លៃតែជាង ៦យ័ន ($១) ប៉ុណ្ណោះ។

មនុស្សមានទឹកចិត្តល្អ និង ស្មោះត្រង់បែបនេះ ពិបាកនឹងរកបានណាស់… តើនេះសមដែរទេ ដែលផ្តល់រង្វាន់លើកទឹកចិត្ត បែបនេះ ទៅដល់អ្នកដែលបាន ប្រគល់ប្រាក់យ៉ាងច្រើនមកវិញដូច្នេះ?

(លោក Chen)



ប្រភព៖ ចិន

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]