រាជធានីភ្នំពេញ ៖ ចោរ​​ប្លន់​ប្រដាប់​អាវុធ​​​​​​អាកា​​ និង​ដំបងមួយក្រុម បាន​សម្រុក​​​​​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​​​​​​ភ្ជង់​​វាយ និង​គំរាម​​បាញ់​​​សម្លាប់​​​លោក​​អនុ​ប្រធាន​​​​ការិយាល័យ​​​​​កសិកម្ម​​​ នៃ​មន្ទីរ​​​កសិកម្ម​​​​​ខេត្ត​​​​កណ្តាល ​​​និង​ប្រពន្ធ​​​ ​ព្រមទាំង​​​​​កូន​​​ដែល​កំពុង​​​​អង្គុយ​​​មើល​​ទូរទស្សន៍​នៅ​ក្នុង​​​​ ផ្ទះ​​​ពេល​យប់​ បណ្តាល​​ឱ្យ​​ឪពុក​​​ និង​កូន​​​ប្រុស​​ម្នាក់​​​រង​របួស​​​​យ៉ាង​​ធ្ងន់​​​ធ្ងរ ។​​​ ចំណែក​​​ក្រុម​​ចោរ​​ទាំង​នោះ​ ប្លន់​​​យក​បាន​ម៉ូតូ​​​​ពី​រ​គ្រឿង​​​​ ព្រម​ទាំង​​​​​​​​គ្រឿង​អលង្ការ​​​​​មាស​ប្លាទីន និង​លុយ​​មួយ​ចំនួន​​​ ហើយ​​នាំ​គ្នា​​ជិះ​គេច​ខ្លួន​​​​​​​ ប៉ុន្តែ​​​ចំ​ថ្ងៃ​​អង្សា ពេល​ដល់​​ពាក់​កណ្តាល​​​ផ្លូវ​​ជួប​​ឧប្បត្តិ​ហេតុ​​​​​គ្រោះ​ថ្នាក់​​ ចរាចរណ៍​​​ ក៏​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​​កាកាប​​​​ និង​ប៉ូលិស​​​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ​ចាប់​ខ្លួន​​បាន​ពីរនាក់​​​​​​ ​ព្រម​ទាំង​​​ដក​ហូត​​បាន​កាំ​ភ្លើង​​អាកា​​​កាត់​ស្វាយ​​​១​ដើម ​ម៉ូតូ​​១គ្រឿង​​ ​និង​គ្រឿង​អលង្ការមួយ​ចំនួន​មក​វិញ ​។

​ហេតុ​ការណ៍​​នេះ​​ បាន​កើ​តឡើង​​​​កាលពី​វេលា​ម៉ោង​​៧​និង​​៣០នាទី​​យប់​ថ្ងៃទី​១៥ ឧសភា​​ ​​នៅ​ក្នុង​ភូមិ​​​​សិរី​សម្បត្តិ​ សង្កាត់​​​​គង​នយ​ ខណ្ឌ​​ដង្កោ ​​។

មន្ត្រីប៉ូលិសនិយាយថា ក្រុម​ចោរ​​ប្លន់​​មាន​គ្នា​​៤នាក់​ ​ស្លៀក​ពាក់​​​ស៊ីវិល​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​អាកា​២ដើម​ និង​ដំបង​​​​ផង​ដែរ​​​ ​។ ​ក្រុម​ចោរ​ប្លន់​អត់​មាន​ម៉ូតូ​​​ជិះសម្រាប់​​​ធ្វើ​សកម្ម​ភាព​ទេ គឺ​​ទៅប្លន់​ដោយថ្មើរ​ជើង ​។ ​ប៉ូលិស​​ចាប់​ខ្លួន​​បាន​ពីរនាក់​ គឺ​ឈ្មោះ ស្រេង​ សេងហាយ ​អាយុ​​៣០​ឆ្នាំ ​ជា​​មេ​ខ្លោង​ មាន​ស្រុក​កំណើត​​​​នៅភូមិ​​​ជាច ​ឃុំ​ចុង​​ជាច ស្រុក​​​​តំបែរ ​ខេត្ត​កំពង់​ចាម​ និង​​​​​ឈ្មោះ ​ធី​រិទ្ធ ហៅ​​​ធា អាយុ​​២១​ឆ្នាំ​ ​មាន​ស្រុក​កំណើត​​​ភូមិ​​ពោធិ៍ ឃុំ​​​ស្វាយ​​​​ពោធិ៍ ស្រុក​​​​ស្រី​សន្ធរ​​​ ខេត្ត​កំពង់​ចាម​ ​។ ​ឯបក្ស​ពួក​ពីរ​​នាក់ទៀត ​គេច​ខ្លួន​​​​ទៅបាត់​​​ជា​មួយ​​កាំភ្លើង​​​អាកា​​១​ដើម និង​ម៉ូតូ​​​១គ្រឿង ព្រម​ទាំង​​គ្រឿង​អលង្កា​រដែល​ប្លន់​​បាន​ពី​ជន​រង​គ្រោះ​ផង​​ដែរ ។

ជន​រង​គ្រោះ​​ជា​ម្ចាស់​​ផ្ទះ​​ឈ្មោះ ​អ៊ុក សុវណ្ណា ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ​ជា​អនុ​ប្រធាន​​ការិយា​ល័យ​​កសិកម្ម​នៃ​មន្ទីរ​​កសិកម្ម​ខេត្ត​កណ្តាល ​​រង​របួស​យ៉ាង​ធ្ងន់​ ​ដោយ​សារ​​​ចោរ​វាយផង​ និង​ភិត​ភ័យ​ខ្លាំង​​ផង​ ​បាន​ឡើង​ទៅ​លើ​​ដំបូល​ផ្ទះ ហើយ​លោត​ចេញ​ក្រៅ​​​​បណ្តាល​ឱ្យ​ធ្លាក់​​បោក​ទៅ​លើ​ដី​ពេញ​ទំហឹង​ ។ ឯក្រុម​គ្រួ​សារ​​របស់​គាត់​៦​នាក់​ទៀត​មាន​ប្រពន្ធ និង​កូន​ប្រុសស្រី​ត្រូវ​​ក្រុម​ចោរ​ចាប់​ចង​ស្លាប​សេក និង​វាយ​​ធ្វើ​បាបស្ទើរ​ស្លាប់​ស្ទើរ​រស់​ ​បណ្តាល​ឱ្យ​កូន​ប្រុស​ម្នាក់​រង​​របួស​ធ្ងន់​​ដែរ​ ។ ក្រុម​ចោរ​ខាង​លើ​ បាន​ប្លន់​យក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពីរ​គ្រឿង​​​ គឺ​​១​គ្រឿង​​​​ស៊េរី​២០១០ ពណ៌​ខ្មៅ ​និង​១​​គ្រឿង​​ទៀត​ ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ក្រហម ​​។ គ្រឿង​អលង្ការមាស​៤​តម្លឹង២​ជី ប្លាទីន​១​តម្លឹង​៣​ជី ហើយ​ក៏​មាន​កង​ដៃ​​២​ឈុត និង​លុយ​ជាង​២០​ម៉ឺន​រៀល ក្រវិល២​គូ​ទៀត  ដែល​មិន​ដឹង​ពី​ទម្ងន់​​​​ក៏​ត្រូវ​ចោរ​​ប្លន់​យក​ទៅ​ដែរគឺ​ប្រមូល​អស់ ។

​លំនៅឋាន​​​របស់​លោក​​ អ៊ុក សុវណ្ណា ​ដែល​ត្រូវ​​ចោរ​ចូល​ប្លន់​នោះ​ស្ថិត​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​ទី​តាំង ​​ឆ្ងាយ​ពី​គេ​ឯង​ពី​​៥០​ទៅ​១០០​ម៉ែត្រ​ យប់​ឡើង​មាន​ស្ថាន​ភាព​ស្ងាត់​​​​ជ្រងំ ។ ​នៅ​​វេលា​យប់​​កើត​ហេតុ​ ក្រុម​គ្រួសារ​ទាំងអស់​គ្នា​នោះ​បាន​នាំ​គ្នា​អង្គុយ​​មើល​ទូរទស្សន៍នៅ​ ក្នុង​ផ្ទះ​ដោយ​​បិទ​​ទ្វារ​​របង​ខាង​មុខ ប៉ុន្តែ​​អត់​ចាក់​សោ​ទេ ឯ​ទ្វារ​ផ្ទះក៏​មិន​បាន​បិទដែរ​ព្រោះ​រង់​ចាំ​បើក​រថយន្ត​ចូល​ទុក​ដាក់ ។ លុះ​ដល់​ពេល​កើត​ហេតុ​​ ក្រុម​ចោរ​​បាន​បើក​ទ្វាររបង​ផ្ទះ​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​ចាប់​ប្រពន្ធ​​ និង​កូន​ប្រុ​ស ស្រី​សរុប​មាន​គ្នា​៦​នាក់ចង​ស្លាប​សេក និង​វាយ​ធ្វើ​បាប​​ ។ ឯ​លោក ​អ៊ុក សុវណ្ណា​ បាន​រត់​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​សម្ងំ​​មួយ​សន្ទុះ​ ទើប​ស្រែក​ថា​   ចោរៗ ។ ពេល​នោះ​ចោរកំពុង​រើ​កកាយ​​​​យក​ទ្រព្យ​​សម្បត្តិ ​​ពេល​ឮ​​បុរស​​នោះ​ស្រែក​ក៏​បាន​​ឡើង​ទៅ​តាមចាប់​ធ្វើ​ឱ្យ​បុរស​នោះ​​ភ័​​យ ​ក៏​លោត​ចុះ​ពី​​ដំបូល​ផ្ទះ​បណ្តាល​ឱ្យ​ធ្លាក់​​មក​​ដី​រ​ង​​របួស​​​​ធ្ងន់​ ​​។ ឯ​​ក្រុម​ចោរ​​នឹក​ស្មាន​ថា បុរស​នោះ​​រត់​​ចេញ​​​ក្រៅ​រួច​ក៏​​​នាំ​គ្នា​​​អូស​​​យក​ម៉ូ​តូ​​​ទាំង​ ២គ្រឿង និង​ប្រមូល​​​​​យក​គ្រឿង​​​អលង្ការគេច​​​​ខ្លួន​បាត់​​​ស្រមោល​​ ​។ ក្រោយ​​​ពេល​​កើត​ហេតុ​​​បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​​យ៉ាង​​​ ខ្លាំង​ និង​​​មិន​នឹក​ស្មាន​ដល់​​ថា ចោរ​​ត្រូវ​ប៉ូលិស​​​ចាប់​​បាន​​​នោះទេ ។
​​ប្រភព​​​ព័ត៌​មាន​​​​ពី​ ប្រជា​ពល​រដ្ឋ​​បាន​​​ធ្វើការ​​​រិះ​គន់​​​យ៉ាង​ចាស់​ដៃ​​​ចំពោះ​​សមត្ថ​ កិច្ច​​​ប៉ូលិស​​​ខណ្ឌ​ដង្កោ​ ដែល​ក្រោយ​​​ពេល​កើត​ហេតុ​​​ភ្លាមៗ​​ប៉ូលិស​​​មិន​បាន​ប្រកាស​​ជា​ចំ​ហ​​​ ដើម្បី​ឱ្យ​​​គោល​ដៅ​​​​ផ្សេងៗ​​​ ឬ​សមត្ថ​កិច្ច​​​ខណ្ឌ​​ជិត​ខាង​​​ជាប់​ព្រំ​​ប្រទល់​គ្នា​​​​​ជួយ​​​​ពួន​ ស្ទាក់​​​ចាប់នោះ​ទេ​​ គឺ​ស្ងាត់​​ឈឹង​​ដែល​​​ពុំ​ដឹង​​​ថា ប៉ូលិស​​​ខណ្ឌ​ដង្កោ​បាន​ដឹង​​ភ្លាម​ៗ​​ដែរ​​ ឬ​ក៏​​ក្រោយពេល​​​​​កើត​ហេតុ​​រយៈ​ពេល​​​យូរ​​ទើប​ដឹង​​​នោះ​ទេ ។

​ដោយ​ឡែក​​​ក្រុម​​ចោរ​​​​​ពេល​ប្លន់​បាន​​ហើយក៏​ជិះ​ ​ម៉ូតូ​​​​​​គេ​ច​ខ្លួន​​​​ចម្ងាយ​​​​រាប់​គីឡូ​​ម៉ែត្រ​​​ផុត​​ពី​​​ភូមិ​ សាស្ត្រ​​ខណ្ឌ​ដង្កោ​​​ ឆ្លង​ចូល​​​ភូមិ​សាស្ត្រ​​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​​​​បាន​ដោយ​រលូន​​ ។ លុះ​ពេល​​​ទៅ​ដល់​​​ផ្លូវ​ចូល​​​​វត្ត​តាំ​ងក្រសាំ​​ងមុខ​ព្រលាន​យន្ត​​ហោះ​ ​​ អន្ត​រ​​ជាតិ​​​​ភ្នំ​ពេញ ​​​​​ត្រង់​ចំណុច​ភូមិ​ក្បាល​ដំ​រី​ សង្កាត់​កាកាប​​ ​ម៉ូតូ​ដែល​ចោរ​ប្លន់​ជិះ​បុក​ម៉ូតូ​​​​សេ​១០០​​​​ កូរ៉េ​​​​មួយ​គ្រឿង​​​របស់​អ្នក​ដំណើរ​​ ។

​ប្រភព​ដដែល​បន្ត​ថា ​​ខណៈ​​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​​ជិះ​ម៉ូតូ​​​​សេ​​១០០​​កូរ៉េ​​​រង​របួស​​​ ធ្ងន់​ធ្ងរ ។​​ ឯ​ក្រុម​​ចោរ​​​​ដែល​ជិះ​ម៉ូតូ​​​​ប្លន​់​​​បាន​ពី​ជន​រង​គ្រោះ​​​ម៉ាក​ ឌ្រីម​សេ​១២៥​​ ស៊េ​រី​ឆ្នាំ​​​២០០៨​ ពណ៌​ក្រហម​​ រង​​របួស​​​​ស្រាល ​​អា​ច​ដើរ​បាន​ក៏​នាំ​គ្នា​​​ក្រោក​ដើ​រ​​ចេញ​ពី​ម៉ូតូ​​​​ដោយ​កាន់​កាំ​ ភ្លើង​​អាកា​កាត់​ស្វាយ​​​​១ដើម​​ ដែល​​​ច្រក​​ក្នុង​​​ការុង​​​ពណ៌​ស​ទៅ​​ជា​មួយ​​​​ផង​ ។ ​ពេល​នោះ​ពុំ​មាន​នរណា​​ម្នាក់​បាន​​ដឹង​ថា ​​​ជន​​នោះ​គឺ​​​ជា​មុខ​សញ្ញា​​​ចោរ​ដែល​​​ទើប​ប្លន់​​​នៅ​ផ្ទះ​​លោក​​ អ៊ុក សុវណ្ណា​ នោះ​ទេ ​​​​សូម្បី​តែ​​​​​ប៉ូលិស​​​​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ក៏​មិន​បាន​ដឹង​​​​ដែរ​ ព្រោះ​មិន​​បាន​ទទួល​​​ព័ត៌​មាន​​​​ឱ្យ​ជួយ​ស្ទាក់​ចាប់​​​ពី​ប៉ូលិស​​​ខណ្ឌ ​​ដង្កោ​​ទេ ។  ឯ​ក្រុម​ចោរ​​វិញ​​ បាន​​​យក​​កាំ​ភ្លើង​​​នោះ​​​ទៅ​បោះ​ចោល​​​ឆ្ងាយ​​​​ពី​កន្លែង​​​គ្រោះ​ ថ្នាក់​​​ចរាចរណ៍​​​​បន្តិច​​​ ហើយ​បក្ស​​ពួក​ម្នាក់​​បាន​​ដើ​រ​ត្រឡប់​​​ទៅ​​​បម្រុង​​​​យក​ម៉ូតូ​វិញ​ ឯ​ជន​​ផ្សេង​​ទៀត​​​គេច​ខ្លួន​​ បាត់​ ។ ​​​ខណៈ​ពេល​​​ចោរ​នោះ​​​​​​បម្រុង​ទៅ​យក​ម៉ូតូ​​វិញ​ មាន​​​ប្រជា​ពល​រដ្ឋ​​​ប្រាប់​ថា ​បាន​​ឃើញ​​ជន​នោះ​​​បោះ​កាំ​ភ្លើង​​​ចោល​ ទើប​​លោក​វរសេនីយ៍​​​ទោ ​​ប៊ន សំអាត​ ​អធិការ​​​ប៉ូលិស​​​ខណ្ឌ​​ពោ​ធិ៍​សែន​ជ័យ​​​​បញ្ជា​​ឱ្យ​កម្លាំង​​​ប៉ុស្តិ៍ ​​​កាកាប​ និង​ប៉ូលិស​​ខណ្ឌ​​​​ធ្វើ​ការ​​​ឃាត់​ខ្លួន​​​បណ្តោះ​អាសន្ន​​ ។

​ប្រភព​​ដដែល​បន្ត​ទៀត​ថា ​​បន្ទាប់​ពី​​​ចាប់​ខ្លួន​​​ជន​នោះ​​​បានក៏​ធ្វើ​​​ការ​​សួរ​​នាំ ​ទើប​ធ្លាយ​​​រឿង​ប្លន់​​​ក្នុង​ផ្ទះ​​លោក​​ អ៊ុក សុវណ្ណា​ ដែល​ដំណឹង​​នោះ​បង្ក​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​​​យ៉ាង​ខ្លាំង​​​​ ហើយ​លោក​អធិការ​រូប​នោះ​​​បាន​សួរ​នាំ​​​​ទៅ​សមត្ថ​កិច្ច​​​ខណ្ឌ​ដង្កោ​​ ទើប​​មាន​​ការ​​​​ប្រាប់​មក​វិញ​​ថា ពិ​ត​ជា​មាន​​​ករណី​​ចោរ​ប្លន់​​​​ក្នុង​​ផ្ទះ​​មែន ។ ក្រោយ​​​មក​​ប៉ូលិស​​ខណ្ឌ​​ពោ​ធិ៍​សែន​ជ័យ​​ បា​ន​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន​​​បក្ស​​ពួក​​​ចោរ​ម្នាក់​​ទៀត​​​ ពេល​​កំពុង​​​ដើរ​​នៅ​ជិត​​​វត្ត​ទួល​​​​សុភា​ឃួន​ ភូមិ​​​ព្រៃ​ទា សង្កាត់​​​ចោ​ម​ចៅ ​។ ​

​ក្នុង​ប្រតិ​បត្តិ​ការ​​ចាប់​ខ្លួន​ចោរនោះ​ ប៉ូលិស​​​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​​ ដក​ហូត​បាន​​​​កាំ​ភ្លើង​​​អាកា​កាត់​​ស្វាយ​​​​១​​​ដើម​ ​ម៉ូតូ​​​ម៉ាក​ហុង​ដា​​​ឌ្រីម​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៨​ មួយ​គ្រឿង​​ ព្រម​ទាំង​​​​​​គ្រឿង​អលង្កា​​រ​មួយ​ចំនួន​​​​ ។ ចំណែក​គ្រឿង​អលង្ការ​មួយ​ចំនួនទៀត​ ត្រូវ​​​បក្ស​​ពួក​​​២នាក់​​​ទៀត​ជិះ​​​​​​យក​​គេច​ខ្លួន​​បាត់​​​ដោយ​ សុវត្ថិ​ភាព​​ ។ ប៉ូលិស​​​​ខណ​្ឌ​​ ពោ​ធិ៍​​សែន​ជ័យ​ កំពុង​កសាង​​​សំ​ណុំ​​រឿង​​​​បញ្ជូនជន​សង្ស័យ​​ទៅ​​​តុលាការ​ និង​​​ស្វែង​រក​​​ចាប់​​ខ្លួន​​​បក្ស​ពួក​​​បន្តទៀត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]