រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលទើបហក់ ចូលផលិតកម្មរស្មីហង្សមាស បន្ទាប់ពីសម្ងំច្រៀងអស់ ជាច្រើនឆ្នាំឱ្យផលិតកម្មរ៉ុក នាងសួស វីហ្សា តាំងពីឡើងកូដច្រៀងឱ្យផលិតកម្ម រស្មីហង្សមាសមក សង្កេតឃើញថា ទីផ្សារចម្រៀងរបស់តារា ចម្រៀងរូបនេះ ហាក់មានការគាំទ្រខ្លាំងតែម្តង ដោយសារតែនាងមានទឹកដម សំឡេងច្រៀងពីរោះ និងធ្ងន់ល្អកម្ររក ។ ក្នុងភាពទទួលបាន នូវការងារថ្មីៗ ក្នុងអាជីពសិល្បៈ ដែលអាចថាជា ជោគជ័យ មួយនៃឆាកជីវិត វីហ្សា ក៏មិនភ្លេចរឿងគ្រាកម្សត់ កាលពីចូលសិល្បៈដំបូងៗឡើយ ពោលគឺនាងហែលឆ្លងជីវិត តស៊ូដូចអ្នកដទៃដែរ ទម្រាំឆ្លងដល់ថ្ងៃញញឹម រីកមុខដូចពេលនេះ ។

ក្រុមយុវវ័យដែលតែងតែឱ្យតម្លៃលើការ សម្តែងរបស់នាងសួស វីហ្សា ដែលមានឈ្មោះពិតថា សួស ស្រីថុល ពួកគេសុទ្ធតែនិយាយថានាងជាតារា ចម្រៀងដែលមានសំឡេងច្រៀងយា៉ង ពីរោះរណ្តំចិត្ត ហើយកន្លងមកនាងធ្លាប់បានច្រៀងបទ មនោសញ្ចេតនាឱ្យផលិតកម្ម ហង្សមាស គឺពិតជាត្រូវ នឹងសំឡេងនាងណាស់ ស្តាប់ទៅជក់អារម្មណ៍បូក ទាំងការបញ្ចេញកាយវិការ យា៉ងស៊ីសង្វាក់ទៀតនោះ ។ ប្រសិនបើនាង ងាកមកច្រៀង ចម្រៀងបែបជំនាន់អ្នកស្រីរស់ សេរីសុទ្ធា វិញក៏ជក់ចិត្តមួយបែបដែរ ទើបគ្រាន់តែនាងហក់មកច្រៀង ឱ្យផលិតកម្មហង្សមាស ក្រោយពីផលិតកម្មរ៉ុកបិទលែងដំណើរការ កេរ្តិ៍ឈ្មោះនាងក៏ស្ទុះទៅមុខ យា៉ងលឿនស្ទើរតែមិននឹកស្មានដល់ ស្របពេលដែល បណ្តាបទចម្រៀង របស់នាង នៅផលិតកម្មហង្សមាសជាទ្រនំថ្មីសុទ្ធតែមាន សំឡេងគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ក្នុងជំនួបមួយ កាលពីថ្ងៃ ទី២១ មករា ពេលកំពុងថតកម្មវិធី «ផ្កាយរះក្នុងសួន» ឱ្យអ្នកដឹកនាំកម្មវិធី លោកហ្វៃ សំអាង នៅស្ថានីយ ទូរទស្សន៍អប្សរា តារាចម្រៀងសាច់សខ្ចី រូបសម្រស់ ស្រស់ស្អាត សំឡេងបានរូបនេះ បានប្រាប់អ្នកយកព័ត៌មាន យើងថា តាំងពីនាងចូលច្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាសមក នាងពិតជា ទទួលបាន ការគាំទ្រ ពីសំណាក់មជ្ឈដ្ឋានមហាជន គ្រប់ទិសទី នៅពេលដែលបទចម្រៀង របស់នាងចេញលក់ម្តងៗ។ នាងពិតជារីករាយ បំផុត នៅពេល ដែលផលិតកម្មរស្មីហង្សមាសសម្លឹងឃើញ ទេព្យកោសល្យរបស់នាង រហូតអាចចូលច្រៀងបានដូចបងៗ អ្នកចម្រៀងនៅទីនោះដែរ ។

នាងពិតជារំភើបក្រោយពីដឹងថា ផលិតកម្មហង្សមាស ទទួលយកនាង ឱ្យច្រៀងហើយដឹងខ្លួនច្បាស់ថា ផលិតកម្មហង្សមាសច្បាស់ ជាធ្វើឱ្យនាង លេចធ្លោ ព្រោះថាតារាជាសមាជិកនៅទីនោះម្នាក់ៗសុទ្ធ តែខាងហង្សមាសចាត់ចែងឱ្យ មានបទចម្រៀងរៀងៗខ្លួនឱ្យល្បីដូចគ្នា ។ ទាំងនេះហើយ ជាភាពកក់ក្តៅមួយ សម្រាប់សមាជិកទាំងអស់ ស្របពេលដែលខាងក្រុមការងារសុទ្ធ តែមានជំនាញគិតរកអ្វីប្លែកៗផងនោះ ទើបចេះតែទទួលបាន ភាពលេចធ្លោ ។ តារាចម្រៀងដែលមានប្រវត្តិធ្លាប់ ហាត់សម្តែងជាសិស្សសាលា ប្រចាំសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈរូប នេះបន្តទៀតថា ដើម្បីចែករំលែកពីភាពតស៊ូ កាលពីនាងចូលសិល្បៈដំបូងនោះ គឺនាងធ្លាប់ជាសិស្សរៀន នៅសាលាវិចិត្រសិល្បៈ បន្ទាប់មកក៏ផ្លាស់ទៅធ្វើការជាអ្នក សិល្បៈ ប្រចាំរាជធានីភ្នំពេញ បានជាច្រើនខែ ហើយមានទម្រង់សិល្បៈជាច្រើនឱ្យតែ បែបបុរាណៗមិនថាតែការច្រៀងយីកេ បាសាក់នោះទេ គឺនាងអាចធ្វើបាន ។ ជាមួយនេះ ក៏ធ្លាប់រួមសម្តែងជាមួយបងៗ ជំនាន់មុនជាប្រចាំដែរ មុនឆ្លងដល់ក្លាយជាអ្នក ចម្រៀងបែបសម័យយុវវ័យនេះ ។

អតីតសិល្បការិនីក្នុងក្រុមសម្តែងប្រចាំ រាជធានីភ្នំពេញរូបនេះបន្តថា កាលពីនាងប្រឡងចម្រៀងនៅ ផលិតកម្មរ៉ុក គឺឆ្លងកាត់ការប្រកួត មិនតិចវគ្គទេ ទម្រាំបានជាប់ពីមួយវគ្គទៅមួយវគ្គនោះ ។ អ្វីដែលនាងចាំមិនភ្លេច ឱ្យតែពេលទៅច្រៀងប្រកួតម្តងៗ គឺរកតែប្រាក់ទិញ គ្រឿងតុបតែងខ្លួន មិនបានផង ហើយមានតែម៉ូតូចាស់ មួយគ្រឿង ជិះពីរនាក់ឪពុក ទៅច្រៀងប្រកួតទាំងមិនសង្ឃឹមទេ ព្រោះតែអ្នកប្រកួត ជំនាន់នាង សុទ្ធតែខ្លាំងៗមានសំឡេងពីរោះ សូម្បីតែវគ្គប្រកាស លទ្ធផលជាផ្លូវការ ក៏អត់សង្ឃឹមដែរ ។ អីុចឹងហើយ ទើបនាងចង់ឱ្យប្អូនៗ ជំនាន់ក្រោយ ត្រូវព្យាយាមបើស្រឡាញ់សិល្បៈត្រូវតស៊ូ ហើយបើជាអ្នកប្រឡងត្រូវឱ្យច្បាស់ខ្លួនឯង មិនត្រូវប្រកួតបែបលេងសើចឡើយ ពិសេសការគោរពពេលវេលាក៏ ជាការសំខាន់ដែរ ព្រោះអ្នកសិល្បៈសំខាន់ ណាស់ពេលម៉ោងហ្នឹង ដើម្បីកុំឱ្យស្ទះការងារ។រឿងមួយទៀត ពេលក្លាយជាតារាមានឈ្មោះល្បីហើយ កាន់តែប្រយ័ត្នថែមទៀត មិនឆ្មើងឆ្មៃថាមានតែឯងនោះទេ ត្រូវចេះគោរពរាក់ទាក់ជាមួយអ្នក ដទៃជាមួយទឹកមុខញញឹម បើទោះជាគេមិនស្គាល់ឬ យើងមិនស្គាល់គេក៏ដោយ ព្រោះនេះក៏ជាសំឡេងគាំទ្រមួយដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា