ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបង្វែសំណុំរឿង ទៅឲ្យប្រធានសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តទៀត តាមផ្លូវច្បាប់ ចំពោះបុគ្គល ធឿន សំណាង នាយកអង្គការ មណ្ឌល កុមារកំព្រា មិត្តយើង ដែលបានបោកប្រាស់ លុយពលករ រាប់ម៉ឺនដុល្លារ ជាថ្នូរឲ្យចាកចេញទៅ ប្រទេសកូរ៉េ ប៉ុន្តែបុគ្គលរូបនេះ មិនបានបំពេញនូវ ការសន្យារបស់ខ្លួន ហើយថែមទាំង នាំប្រពន្ធរត់ដោយ វេចលុយ រាប់ម៉ឺនដុល្លារ គេចខ្លួនទៀតផង។

ធឿន សំណាង និងប្រពន្ធ ឆបោក រហូតមកដល់ពេលនេះ មិនត្រូវបានចាប់ខ្លួន នៅឡើយទេ បើទោះតុលាការ ចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ តាមចាប់ខ្លួនក៏ដោយនោះ។ យោងតាមលិខិត របស់ ក្រសួងហាផ្ទៃចុះហត្ថលេខាដោយ លោក ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ បានបញ្ជាក់ថា បច្ចុប្បន្ន សាលាដំបូង រាជធានីភ្នំពេញ កំពុងចាត់ការតាមផ្លូវច្បាប់ ជាបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធ និងថ្នាក់ដឹកនាំ អង្គការ មណ្ឌលកុមារកំព្រា មិត្តយើង ដែលមានលោក ធឿន សំណាង ជាប្រធាន បានប្រព្រឹត្ត ខុសច្បាប់ ល្មើសនឹងលក្ខន្តិកៈ ដែលទទួលស្គាល់ដោយក្រសួង មហាផ្ទៃ ដោយបានធ្វើសកម្មភាព យកឈ្មោះអង្គការ ទៅប្រើប្រាស់ ប្រមូលប្រាក់ពី ប្រជាពលរដ្ឋ ក្នុងឋានៈជាអង្គការ មិនយកប្រាក់កម្រៃ ដែលជាហេតុបង្កឲ្យមានអត្ថិភាព នៃបទល្មើស នៃព្រហ្មទណ្ឌ ប្រឆាំងច្បាប់រំលោភ លើសិទ្ធបុគ្គល និងទ្រព្យសម្បត្តិ ឯកជន ជាសកម្មភាព ដែលកើតឡើង ដោយនាយកអង្គការ មួយនេះ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ផ្អាកនូវសកម្មភាព អង្គការ មណ្ឌលកុមារកំព្រា មិត្តយើង អាស្រ័យ ហេតុនេះ ក្រសួងមហាផ្ទៃ សូមបង្វិលសំណុំរឿង ជូនប្រធានសាលាដំបូងដោះស្រាយជូន តាមសមត្ថកិច្ច ។ សូមបញ្ជាក់ថា  ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន យូខេនវីន និងសាលាអន្ដរជាតិយូខេន សូមអំពាវនាវ ទៅកាន់សមត្ថកិច្ច ក្រសួងមហាផ្ទៃ សាលាដំបូង រាជធានីភ្នំពេញ និង ថ្នាក់ដឹកនាំ ក្រសួងការងារ ស្វែងរកចាប់ខ្លួន នាយកអង្គការមិត្ដយើង ឈ្មោះ ធឿន សំ ណាង និងភរិយា ដែលបានបោក លុយរបស់ ក្រុមហ៊ុន ព្រមទាំងពលករជាច្រើននាក់ ផ្សេងទៀត ខ្ទង់លានដុល្លាររត់គេចខ្លួន ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុនយូខេនវីន ដែលមានទីតាំងស្ថិត នៅក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងខណ្ឌចំការ មន សូមអំពាវនាវឱ្យ សាលាដំបូងរាជធានី ភ្នំពេញ ដោះលែងអគ្គនាយករបស់ខ្លួន លោក អួន សារ៉ាត់ ឱ្យមានសេរីភាពដោយ សារតែពួកគេ ត្រូវការមេដឹកនាំបន្ដ ប្រតិបត្ដិការ ការងារ នៅក្រុមហ៊ុន ក៏ដូចជាសាលា អន្ដរជាតិយូខេន បន្ទាប់ពីជនឆបោកពិត ប្រាកដ គឺនាយកអង្គការ មិត្ដយើងឈ្មោះ ធឿន សំណាង ដែលបានបោកលុយពីក្រុមហ៊ុន ជាង ៦០ម៉ឺនដុល្លាររត់គេចខ្លួនជាមួយ ប្រពន្ធ ។

ប្រធានអង្គការមិត្ដយើង លោក ធឿន សំណាង និងភរិយា ដែលមានទីលំនៅផ្ទះលេខ ១៨ដេ ផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរត់គេចខ្លួនបាត់ ក្រោយពីមាន ការផ្ទុះតវ៉ា របស់ក្រុមពលករជាង ៥០០នាក់ ចាញ់បោកលុយរាប់ម៉ឺនដុល្លារ ប៉ុន្ដែ មិនបានទៅធ្វើការនៅប្រទេសកូរ៉េ ។

ក្រោយពីផ្ទុះការតវ៉ា របស់ ពលករជាង ៥០០នាក់ ដែលអះអាងថា ចាញ់បោកក្រុមហ៊ុន យូខេនវីន ខ្លះជាង ៣០០០ដុល្លារ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ តំណាងក្រុមហ៊ុនយូខេនវីន បានចេញមុខមកបក ស្រាយ និងពន្យល់ដំណើររឿងដែលនាំឱ្យ ពលករ ធ្វើការតវ៉ាយ៉ាង ដូច្នេះ នោះគឺអ្វីៗ ជាអ្នកផ្ដើមឡើង ដោយប្រធានអង្គការមិត្ដ យើង ឈ្មោះ ធឿន សំណាង និងប្រពន្ធ ដែលបានរត់គេចខ្លួន ដោយស្ពាយលុយជាង ៦០ម៉ឺនដុល្លារ យកទៅជាមួយ ទុកឱ្យអគ្គនាយកក្រុមហ៊ុន ជាប់ពន្ធនាគារ ដោយសារ ការចាញ់បោកបុគ្គលរូបនេះ ។

តំណាងក្រុមហ៊ុន យូខេនវីន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា តាមពិត ប្រធានអង្គការ មិត្ដយើងឈ្មោះ ធឿន សំណាង និងភរិយាគឺជាជនបោក ប្រាស់យ៉ាង ពិតប្រាកដ ដែលបានប្រមូល លុយពីពលករជាង ៦០ម៉ឺនដុល្លារ រួចហើយ គេចខ្លួនបាត់ មិនទទួលខុស ត្រូវទុកឱ្យ អគ្គនាយក របស់គេត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅពន្ធនាគារ ក្រោយពី ការចោទប្រកាន់ របស់តុលាការកាលពីថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ។

តំណាងក្រុមហ៊ុនខាងលើបាន ឱ្យដឹងថា ដំបូងឡើយ អគ្គនាយកក្រុមហ៊ុន យូខេនវីន ឈ្មោះ អួន សារ៉ាត់ និងបុគ្គលិករបស់ខ្លួនធ្វើ ការជាធម្មតា ដោយមានក្រុមហ៊ុន របស់ខ្លួនជាស្រេច ប៉ុន្ដែក្រោយមក បុគ្គល ធឿន សំណាង បានមកលួងលោម និងសុំចូលរួមធ្វើការ រហូតដល់ ការបង្កើតក្រុមហ៊ុន យូខេនវីន និងបង្កើតសាលា អន្តរជាតិយូខេន ដោយរូបគេជា អ្នកទទួលបន្ទុក ចេញមុខបង្រៀន និងធានាសព្វបែបយ៉ាង ដើម្បីឱ្យពលករ អាចមាន ឱកាសទៅបម្រើការងារ នៅប្រទេសកូរ៉េ បាន ។

ជាមួយគ្នានេះ បុគ្គល ធឿន សំណាង និងភរិយា ជាអ្នកទទួលបន្ទុក ទទួលលុយ ទទួលកាក់ និងពន្យល់ទៅ ពលករគ្រប់បែប យ៉ាងពីលក្ខខណ្ឌនានា សម្រាប់បម្រើការ ងារនៅប្រទេសកូរ៉េ ប៉ុន្ដែ ទីបំផុតពលករ ទាំងអស់ មិនបានទៅកូរ៉េ ហើយបុគ្គលទាំង ២នាក់ប្ដី-ប្រពន្ធ នាំគ្នារត់គេចខ្លួន រហូតមក ដល់ពេលនេះ ដោយស្ពានលុយរបស់ពលករ ជាង ៦០ម៉ឺនដុល្លារទៅជាមួយ ។

បើតាមតំណាង ក្រុមហ៊ុនខាងលើពេល មានរឿងរ៉ាវកើតឡើង រហូតដល់ចាប់ខ្លួន អគ្គនាយកក្រុមហ៊ុន យូខេនវីន លោក អួន សារ៉ាត់ ដាក់ពន្ធនាគារ ស្រាប់តែបុគ្គល ធឿន សំណាង បានលួងលោមថា នឹងរត់ ការឱ្យនៅក្រៅឃុំ រីឯការដោះស្រាយជា មួយពលករ នឹងធ្វើឱ្យបានក្នុងរយៈពេល២ ខែ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ប៉ុន្ដែ លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ប្រធានអង្គការ មិត្ដយើងរូបនេះ នៅតែគេចវេស និងមិនព្រមចូលខ្លួនមក ដោះស្រាយជាមួយពលករនោះ ទើប បណ្ដាលឱ្យមានការតវ៉ានៅមុខក្រុមហ៊ុន តែ ម្ដងទៅ ។

យោងតាម តំណាងក្រុមហ៊ុន រូបនេះ សូមឱ្យឈ្មោះ ធឿន សំណាង និងប្រពន្ធ ចូលខ្លួនមកដោះស្រាយ ជាមួយសិស្សសាលា យូខេនវីន ហើយអះ អាងថា អគ្គនាយករបស់ខ្លួនលោក អួន សារ៉ាត់ គឺជាជនរងគ្រោះពិតប្រាកដ រីឯ ធឿន សំណាង ជាជនបោកប្រាស់ ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនបាន បញ្ជាក់ថា នៅពេលដែលអគ្គនាយករបស់ ខ្លួនរួចផុតពីទោសទណ្ឌ និងចេញមុខដោះ ស្រាយជាមួយពលករ តាមបែបផែនផ្សេងៗ គ្នា តាមរយៈការបង់ ឱ្យរំលោះជាប្រចាំខែ ខណៈដែលក្រុមពលករ បានឯកភាពទទួល យកការដោះស្រាយបែបនេះ ។

ក្រោយពី ដឹងថា លោក ធឿន សំណាង មិនអាច ដោះស្រាយបញ្ហាបញ្ចប់រឿង ជាមួយក្រុម ពលករបាននោះ ហើយថែមទាំងនាំប្រពន្ធ រត់គេចខ្លួន យកលុយទៅតាមជាង ៦០ម៉ឺន ដុល្លារនោះ ខាងក្រុមហ៊ុនយូខេនវីន ដាក់ ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃរួចហើយ  កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឱ្យតាមចាប់បុគ្គលរូបនេះ៕


បុគ្គល ធឿន សំណាង និងប្រពន្ធ ដែលបោកលុយពីពលករ ខ្ទង់លានដុល្លារ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]