រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលធ្លាប់ធ្វើសកម្មភាព គាស់ផ្ទះអ្នកភូមិលួចយក សម្ភារផ្សេងៗ និងម៉ូតូអស់ជាច្រើនគ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដឹកនាំដោយលោកម៉ៅ សាវឿន នាយប៉ុស្តិ៍ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ មករា ខណៈពួកគេបានធ្វើសកម្មភាព គាស់ទ្វាររោងចក្រកាត់ដេរនៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ហើយបណ្តើរម៉ូតូចេញមកក្រៅជួបកម្លាំងល្បាត ។

ជនទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួន នេះម្នាក់ឈ្មោះអ៊ឹម ថុន អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះលី ធាងផេង អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងបុរីពិភពថ្មី ផ្លូវចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកគេបានធ្វើសកម្មភាព គាស់ទ្វាររោងចក្រកាត់ដេរ លួចយកម៉ូតូពីរគ្រឿង គឺមួយគ្រឿងម៉ាកSL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១J-៦៤៥៤ និងមួយគ្រឿងទៀតម៉ាកសេ១១០ ប៊ិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BK-៩១៣១ ជិះចេញពីរោងចក្រដោយមានស្ពាយស្បោងខ្មៅមួយផង ។ លុះសមត្ថកិច្ចឃើញមានការសង្ស័យ ក៏ឃាត់សួរនាំ ហើយត្រូវបានសារភាពថា ជាម៉ូតូទើបនឹងធ្វើសកម្មភាព លួចគាស់យកបានពីក្នុងរោងចក្រ ។ ក្រុមជននេះឆ្លើយទៀតថា នៅមានបក្ខពួកគេម្នាក់ទៀតលួចម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១១ ពីក្នុងរោងចក្រនិងជាម៉ូតូម៉ាក SL ដែរ ប៉ុន្តែជិះគេចខ្លួនបាត់ ។ ក្រោយពីការសួរនាំ ក៏បានដឹងទៀតថា ជនម្នាក់ឈ្មោះលី ធាងផេង គឺជាមុខសញ្ញាលួចកញ្ចក់រថយន្តយ៉ាងសកម្ម ដែលសមត្ថកិច្ចទើបចាប់ខ្លួនបាន និងដកហូតបានកញ្ចក់រថយន្ត៤គូ ដែលពួកគេទើបនឹងធ្វើសកម្មភាព លួចក្នុងចន្លោះយប់ជាមួយគ្នានោះ ។

តាមចម្លើយសារភាពរបស់ជនទាំងពីរនាក់ឱ្យដឹងថា ពួកគេធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះ លួចម៉ូតូបានមិនក្រោមពី៣០ គ្រឿងឡើយ ប៉ុន្តែមិនធ្លាប់ត្រូវចាប់ខ្លួនបានទេ ទើបតែពេលនេះត្រូវជាប់អន្ទាក់សមត្ថកិច្ច ។ ចំពោះការចាប់ឃាត់ខ្លួនមុខសញ្ញា ចោរកម្មទាំងពីរនាក់នេះ អ្នករស់នៅសង្កាត់ស្ទឹងមានជ័យ សម្តែងការគាំទ្រ ចំពោះស្នាដៃរបស់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ដែលបានបើកប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាចោរកម្ម ដែលពួកគាត់ស្អប់ខ្ពើមខ្លាំងណាស់ ដោយសារកន្លងមកពួកគាត់ ធ្លាប់បាត់បង់ទ្រព្យសម្បត្តិ ព្រោះតែចោរកម្មនេះ ហើយរាល់យប់មិនដែលដេកពេញភ្នែកទេ ព្រោះតែចោរអុកឡុកខ្លាំងពេក ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]