ពោធិ៍សាត់ៈ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរា ចរ ដែលបង្កឡើងដោយបុរសម្នាក់ បានបើករថយន្តកូរ៉ូឡា ទៅបុកម៉ូតូវីវ៉ា ដែលបើកបរស្របទិសគ្នាចំពីក្រោយពេញទំហឹង នាវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្ត ពោធិ៍សាត់។

យោងតាមមន្ត្រីនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក មាស សំ អាយុ ៤១ឆ្នាំ រស់នៅភូមិ បណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុង-ខេត្ត ពោធិ៍សាត់ បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររថយន្តកូរ៉ូឡាបុកពីក្រោយពេញទំហឹង។

សាក្សីឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ពស 1B-1218 តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅ កើត លុះដល់ចំណុចកើតហេតុស្រាប់មានរថយន្តកូរ៉ូឡាមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាល្បឿនលឿនដូច ហោះនោះ បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះផ្លោងជិត១០ម៉ែត្រ។ ក្រោយកើត ហេតុភ្លាមៗ គេបានទាក់ទងរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក។

ដោយឡែកបុរសជាអ្នកបើកបររថយន្តកូរ៉ូឡា ពណ៌សម្បកឪឡឹក គ្មានស្លាកលេខ បានព្យាយាមបើករថយន្តគេច ខ្លួនតាំងពីក្រុងពោធិ៍ រហូតដល់ស្រុកក្រគរ តែដោយសារសមត្ថកិច្ចស្ទាក់ចាប់នោះ បុរសបើកបររថយន្តបង្កហេតុ ដែលគ្មាននរណាស្គាល់អត្តសញ្ញាណរូបនេះ បានចតរថយន្តចោល ហើយរត់គេចខ្លួនបាត់តែម្តង៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]